រាជធានីភ្នំពេញ ៖ ប្រតិភូកីឡាប៉េតង់កម្ពុជា ដែលបានធ្វើដំណើរទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ The 3rd SEAPA Petanque Champion 2016 នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែសីហា បានត្រឡប់មកវិញជាមួយនឹងមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ប្រតិភូកីឡាប៉េតង់កម្ពុជា បានវិលមកដល់កម្ពុជាវិញកាលពីយប់ថ្ងៃទី២១ ខែសីហា ដោយបានទទួលការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡា និងលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា ។ សម្រាប់ការប្រកួតនៅក្នុងព្រឹតិ្តការណ៍នេះ មានប្រទេសចំនួន៤ចូលរួម ក្នុងនោះមានប្រទេសឡាវជាម្ចាស់ផ្ទះ កម្ពុជា វៀតណាម និងសិង្ហបុរី ។ សម្រាប់កម្ពុជាទទួលបានមេដាយសរុបចំនួន១៦គ្រឿង ក្នុងនោះមេដាយមាស៥ លើវិញ្ញាសាប្រកួត ១នាក់ទល់១នាក់ផ្នែកយុវជន វិញ្ញាសា២នាក់ទល់២នាក់ផ្នែកនារី វិញ្ញាសានារី៣នាក់ទល់៣នាក់ វិញ្ញាសាបុរស៣នាក់ទល់៣នាក់ និងវិញ្ញាសាប្រកួតវាយយកពិន្ទុផ្នែកកីឡាការិនីវ័យចាស់ គឺអ្នកស្រីកែ ឡេង នៅតែជាអ្នកបន្តប្រកួតយកមេដាយមាសលើវិញ្ញាសាមួយនេះបានដដែល ។
ចំពោះមេដាយប្រាក់កម្ពុជាទទួលបានចំនួន៥គ្រឿង លើវិញ្ញាសា១នាក់ទល់១នាក់ផ្នែកយុវជន ២នាក់ទល់២នាក់ផ្នែកនារី ៣នាក់ទល់៣នាក់ផ្នែកនារី ៣នាក់ទល់៣នាក់ផ្នែកបុរស និងវិញ្ញាសាប្រកួតវាយយកពិន្ទុផ្នែកបុរស ។ ចំណែកមេដាយសំរឹទ្ធិ៦គ្រឿង ដណ្ដើមបានពីការប្រកួតលើវិញ្ញាសា ១នាក់ទល់១នាក់បុរស ១នាក់ទល់១នាក់នារី ២នាក់ទល់២នាក់បុរស ២នាក់ទល់២នាក់នារី ប្រកួតវាយយកពិន្ទុបុរស ប្រកួតវាយយកពិន្ទុនារី និងប្រកួតវាយយកពិន្ទុយុវជន ។ សរុបមេដាយដែលកម្ពុជាទទួលបាន មានចំនួន១៦គ្រឿង គឺមេដាយមាស៥គ្រឿង មេដាយ ប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធិ៦គ្រឿង ។
លោក អ៊ុក សិទ្ធជាតិ មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលធ្វើឱ្យកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀត គេថែមទាំងដឹងថាក្នុងចំណោមប្រភេទ កីឡាជាច្រើនមានតែកីឡាប៉េតង់ប៉ុណ្ណោះ ដែលដណ្ដើមបានមេដាយមាសនៅលើឆាកអន្តរជាតិ ស្ទើរតែគ្រប់ព្រឹត្តិការណ៍នៃការប្រកួត ។ ជាក់ស្ដែង ជ័យជម្នះក្នុងពេលនេះគឺជាសមិទ្ធផលយ៉ាងធំធេងដែលឆ្លុះបញ្ចាំងឱ្យឃើញថា ទម្រាំដល់ថ្ងៃដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ វិស័យកីឡាប៉េតង់កម្ពុជានឹងមានការីកចម្រើនកាន់តែខ្លាំងថែមទៀត ៕
ចែករំលែកព័តមាននេះ