ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វីខ្លះ​ដែល​អាច​បណ្តាល​ឱ្យ​លោក​អ្នក​កើត​មាន​ជំងឺ​រាករូស?

7 ឆ្នាំ មុន

បើ​និយាយ​ពី​អនាម័យ​ចំណីអាហារ​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ជំងឺ​ចម្បង​ដែល​បណ្តាល​មក​ពី​ការ​កង្វះ​អនាម័យ​នេះ​ភាគច្រើន​គឺ​ជំងឺ​រាករូស ។ ការ​រាក​នេះ បណ្តាល​មក​ពី​មេរោគ​នៅ​ក្នុង​លាមក​ឆ្លង​ចូល

បើ​និយាយ​ពី​អនាម័យ​ចំណីអាហារ​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ជំងឺ​ចម្បង​ដែល​បណ្តាល​មក​ពី​ការ​កង្វះ​អនាម័យ​នេះ​ភាគច្រើន​គឺ​ជំងឺ​រាករូស ។ ការ​រាក​នេះ បណ្តាល​មក​ពី​មេរោគ​នៅ​ក្នុង​លាមក​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ហើយ​ការ​ឆ្លង​នេះ​មាន​តាម​រយៈ​កត្តា​មួយ​ចំនួន ៖

-​ការ​ទទួលទាន​ទឹក​មិន​ស្អាត​ដូច​ជា ទឹក​អណ្តូង​គ្មាន​គម្រប​ការពារ​កាក​សំណល់ ឬ​ធូលី​ធ្នាក់​ចូល ប្រើប្រាស់​សម្ភារ​មិន​ស្អាត​យក​ទៅ​ដួស​ទឹក​ផឹក ។ ក្រៅពី​ទឹក​អណ្តូង នៅ​មាន​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​មួយ​ចំនួន​ក៏​បាន​ទទួលទាន​ទឹក​នៅ​តាម​ត្រពាំង ថ្លុក​ក្របី ស្រះ ឬ​ទឹក​បឹងបួ​ផង​ដែរ ដែល​ប្រភព​ទឹក​ទាំងនោះ​មិន​មាន​អនាម័យ​ទេ ។

-​ជំងឺ​នេះ​ក៏​អាច​ឆ្លង​ចូល​តាម​រយៈ​ដៃ​មិន​ស្អាត​៖ ដៃ​ដែល​មាន​មេរោគ នៅ​ពេល​ដែល​មិន​បាន​ធ្វើការ​លាង​សំអាត​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត ហើយ​ទៅ​ចាប់​កាន់​ចំណីអាហារ​មក​ទទួលទាន​បណ្តាល​ទៅ​ជា​រាករូស ។

-​រុយ​រោម​ចំណីអាហារ ៖ រុយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភេទ​សត្វ​សម្បូរ​ទៅ​ដោយ​មេរោគ​បំផុត ហើយ​រុយ​បាន​នាំ​មេរោគ​ទាំងនេះ​ជាប់​មក​តាម​ខ្លួន​វា​ដូច​ជា​នៅ​នឹងជើង ស្លាប កាលណា​បើ​វា​ទុំ​លើ​ចំណីអាហារ នៅ​ពេល​យើង​បរិភោគ​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺរាក ដូច្នេះ​ត្រូវ​តែ​មាន​អនាម័យ​ចំពោះ​ចំណីអាហារ​ឲ្យ​បាន​ស្អាត​ជា​និច្ច​ពោល​គឺ​គ្រប​ឱ្យ​បាន​ត្រឹមត្រូវ ។

-​ការ​បន្ទោបង់​គ្មាន​សណ្តាប់ធ្នាប់​៖ ប្រជាជន​នៅ​តាម​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​បង្គន់​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដូច្នេះ​ការ​បន្ទោបង់​គឺ​ស្ថិត​នៅ​ពាស​វាល​ពាស​កាល កត្តា​ទាំងនេះ​ហើយ​បណ្តាល​ឱ្យ​កើត​មាន​ជំងឺរាក​ជា​ញឹកញាប់ ព្រោះ​លាមក​ដែល​បន្ទោបង់​ចោល​នោះ និង​អាច​ហូរ​តាម​ទឹក​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ហើយ​អាច​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ដែល​លោក​អ្នក​កំពុង​ប្រើប្រាស់ ។

ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​ការ​កើត​មាន​បញ្ហា​រាក លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​ដូច​តទៅ ៖
-​ទទួលទាន​ទឹក​ស្អាត ជា​ពិសេស​ទឹក​ដែល​បាន​មក​ពី​អណ្តូងស្នប់ ឬ​ទឹក​ដាំ​ពុះ​ប្រសើរ​បំផុត​។
-​ត្រូវ​លាងដៃ​ជាមួយនឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​មុន​នឹង​ចាប់​កាន់​ចំណីអាហារ ឬ​រៀបចំ​ធ្វើ​ម្ហូប ពិសេស​គឺ​ក្រោយ​ពេល​បន្ទោបង់​រួច ។
-​ការពារ​កុំ​ឲ្យ​មាន​រុយ​ទំ​អាហារ ដោយ​ត្រូវ​គ្រប​ចំណីអាហារ ឬ​ដាក់​ក្នុង​ទូ​ដែល​បិទ​ជិត ។
-​ត្រូវ​បន្ទោបង់​នៅ​ក្នុង​បង្គន់​និង​ត្រូវ​សំអាត​បង្គន់​ឲ្យ​បាន​ស្អាត​ជា​និច្ច ៕