រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅកាន់មន្ទរពេទ្យដើម្បីសង្គ្រោះ ក្រោយពេលដែលជនរងគ្រោះរូបនោះជិះម៉ូតូតែម្នាក់ឯង ស្រាប់តែមានរថយន្តតាកូម៉ា១គ្រឿងទៀត បើកបរឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង កាលពីវេលា
ម៉ោង១០ព្រឹកថ្ងៃទី១៣ សីហា ២០១៦ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ជ័យ។
ជនរងគ្រោះឈ្មោះឡន សុវណ្ណរស្មី អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៤ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាល របួសជើង រហូតមានសភាពវង្វេងវង្វាន់បាតបង់ស្មារតី ហើយជនរងគ្រោះរូបនោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BX-5242 ។ ដោយឡែករថយន្តបង្កម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-5278 បើកបរដោយបុរសម្នាក់ ។
ប្រជាពលរដ្ឋឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូ១គ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកឯរថយន្តបង្កបានបើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវពីត្បូងទៅជើង ក៏បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ បានចេញទៅដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។
ចំណែកកម្លាំងនគរបានចរាចរខណ្ឌពោធិ៍សែនជ័យបាននាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ