មានការពិភាក្សាមិនចេះចប់ មិនចេះហើយ អំពីបញ្ហាក្រមសីលធម៌នៅក្នុងវិជ្ជាជីវ: ដូចជាទាក់ទងនឹងគ្រូបង្រៀន គ្រូពេទ្យ ប៉ូលិស អ្នកកាសែត មេធាវី និងចៅក្រមជាដើម ។ នៅពេលដែលត្រូវចោទប្រកាន់អំពីបញ្ហាក្រមសីលធម៌នេះ គេក៏នាំគ្នានិយាយថា គ្មាននរណាចង់ធ្វើអំពើអាក្រក់ទេ ។ អ្វីៗកើតឡើងដោយសារតែពួកគេត្រូវការមធ្យោបាយ ដើម្បីរស់ ។
បញ្ហាក្រមសីលធម៌បានកើតមានស្ទើរនៅគ្រប់វិជ្ជាជីវ:ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែបញ្ហាដែលគេលើកឡើងយកមកនិយាយញឹកញាប់ច្រើនជាងគេ គឺបញ្ហាដែលកើតមាននៅក្នុងចំណោមគ្រូបង្រៀន ប៉ូលិស គ្រូពេទ្យ អ្នកកាសែត មេធាវី និង ចៅក្រមជាដើម ។ វិជ្ជាជីវ:ទាំងនេះ ស្ថិតនៅក្នុងផ្ទាំងស៊ីបនៃការរិះគន់ខ្លាំង ដោយសារតែពួកគេមានភារកិច្ចសំខាន់ និងជាប់ជាមួយមហាជន ។
នៅពេលដែលមានការពិភាក្សាអំពីក្រមសីលធម៌នៅក្នុងវិជ្ជាជីវ:ទាំងនេះ គេក៏លើកឡើងអំពីបញ្ហាកម្រិតជីវភាព និងតម្រូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ។ អ្នកប្រកបរបរនៅក្នុងវិជ្ជាជីវ:ទាំងនេះ បានលើកហេតុផលថា ពួកគេប្រហែលជានឹងមិនធ្វើអ្វីដែលខុសឆ្គងទេ បើសិនជាពួកគេអាចមានប្រាក់ខែខ្ពស់សមល្មម សម្រាប់ក្រុមគ្រួសារអាចរស់នៅដោយសេចក្តីថ្លៃថ្នូរដូចគេដូច
ឯង។
ក្នុងន័យនេះ បញ្ហាក្រមសីលធម៌បានធ្លាក់ចុះ ដោយសារតែបញ្ហាសេដ្ឋកិច្ច និងតម្រូវការរស់នៅប្រចាំថ្ងៃ ។ ការជួយដល់ពួកគេខាងផ្នែកសេដ្ឋកិច្ច នឹងធ្វើឱ្យពួកគេមានការកែប្រែ ។ គោលការណ៍ដំឡើងប្រាក់ខែដ៏សមរម្យ អាចជាជម្រើសដ៏ល្អមួយដូចអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើ ដើម្បីធ្វើឱ្យបុគ្គលិករដ្ឋកាន់តែមានជីវភាពធូរធា ។ ប៉ុន្តែវាប្រហែលជាមានកិច្ចការជាច្រើន ដើម្បីអាចធ្វើឱ្យពួកគេមានជីវភាពសមរម្យ ។
កំណើនប្រាក់ខែពេលខ្លះ មិនអាចទប់ទល់បាននឹងកំណើនតម្លៃទំនិញឡើយ ។ ទន្ទឹមនោះ ការចំណាយសម្រាប់ការអប់រំដល់កូនចៅតាមសាលារៀន និងចំណាយសុខភាព ក៏មានតម្លៃខ្ពស់ ដែលធ្វើឱ្យគេពិបាកនឹងពឹងពាក់ទាំងស្រុងទៅលើប្រាក់ខែ ។
ដូច្នេះ ការព្យាយាមដោះស្រាយបញ្ហាក្រមសីលធម៌នឹងទាមទារឱ្យមានកិច្ចប្រឹងប្រែងជាច្រើនរួមបញ្ចូលគ្នា ។ ការអប់រំមនុស្សលើផ្នែកស្មារតី ការដំឡើងប្រាក់ខែ ព្រមទាំងដោះស្រាយបញ្ហាសង្គមផ្សេងៗ ដូចជាប្រព័ន្ធអប់រំ និងសុខាភិបាល ព្រមទាំងការគ្រប់គ្រងតម្លៃទំនិញ គឺជាកិច្ចការដែលត្រូវធ្វើព្រមគ្នា ។ អ្វីៗត្រូវតែធ្វើព្រមគ្នាក្នុងគោលដៅរួមមួយ គឺមនុស្សអាចពឹងពាក់ទៅលើចំណូលត្រឹមត្រូវដើម្បីរស់ដោយថ្លៃថ្នូរ ៕
ចែករំលែកព័តមាននេះ