រាជធានីភ្នំពេញ ៖ អ្នកនាង ភិន សុដាលីស បានសម្រេចចិត្តបើកសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៥ កក្កដា នៅទីស្នាក់ការផលិតកម្មមហាហង្ស ស្ថិតក្បែររង្វង់មូលទួលគោក រាជធានីភ្នំពេញ ។ ខ្លឹមសារនៃការធ្វើសន្និសីទកាសែតដែលនាងប្រកាសធ្វើគួរឱ្យភ្ញាក់ផ្អើលនេះ នាងបានសម្តែងនូវការតក់ស្លុតក្នុងចិត្ត គ្រាដែលបានឮសម្ដីលោក ប៉ែន ចំរ៉ុង ឆ្លើយប្រាប់តុលាការថា អត់ច្បាស់រឿងមានកូនជាមួយនាងទៅវិញ ។ ការធ្វើសន្និសិទកាសែតរបស់ស្រស់ស្រីមានកូនក្នុងផ្ទៃ ជាតំណក់ឈាមលោក ប៉ែន ចំរុង ពិតជាបានទំលាយចេញនូវភាពស្ងាត់ស្ងៀម ខណៈពេលដែលមានបណ្ដឹងលែងលះនៅតុលាការ ។ មូលហេតុនៃការឈានដល់ផ្លូវបំបែក ត្រូវបានបិទជិតដោយជំនួសមកវិញ តែពាក្យថារស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ ។
ក្នុងសំលៀកបំពាក់រ៉ូបពណ៌ខ្មៅត្រឹមក្បាលជង្គង់ ស្រីស្អាត ភិន សុដាលីស បានបង្ហាញទឹកមុខរីករាយស្រស់ថ្លាពេលផ្តល់វត្តមានជាសាធារណៈក្នុងពេលធ្វើសន្និសីទកាសែត ហាក់មើលទៅអត់មានបញ្ហាអ្វី ។ ដាលីស មើលទៅមិនបានកើតទុក្ខពីអ្វីដែលរុំព័ទ្ធបេះដូងនាង ក្នុងផ្លូវស្នេហាជូរចត់រវាងនាងនិង ប៉ែន ចំរ៉ុង ជាពិធីការទូរទស្សន៍ និងជាតារាភាពយន្តល្បីឈ្មោះនោះឡើយ ថែមទាំងបើកកកាយយ៉ាងលម្អិត ពីកំហុសដែលនាងខុសឆ្គងជាមួយឪពុកម្តាយ និងខុសក្នុងការជ្រើសរើសស្នេហាតាមចិត្តឯង ក្នុងវ័យក្មេងស្ទាវបែបនេះ ។
បញ្ជាក់ប្រាប់ក្រុមអ្នកកាសែត និងទូរទស្សន៍មកពីគ្រប់ស្ថាប័នដោយម្នាក់ៗចាំត្រងយកទិន្នន័យ ដើម្បីច្បិចយកមកចុះផ្សាយនោះ ត្រូវបានភិន សុដាលីស និយាយថា នាងបានសម្រេចិត្តមករស់នៅផ្ទះសម្បែង ជាមួយលោកឪពុកអ្នកម្តាយវិញហើយ បន្ទាប់ពីមានការពន្យល់ណែនាំពីអ្នកផ្ទះឲ្យគិតពីខ្លួនឯងនិងកូនក្នុងផ្ទៃ នៅម្នាក់ឯងមិនកើតទេ ព្រោះនាងឧស្សាហ៍មានជំងឺរមូលក្រពើ ។
រហូតមកដល់ពេលនេះ រវាងនាង និងលោក ប៉ែន ចំរ៉ុង ត្រូវបានប្រកាសជាសាធារណៈថា មិនអាចផ្សះផ្សាជានាគ្នាវិញបានតទៅទៀតឡើយស្របពេលដែលសាលក្រមតុលាការបានចេញជាផ្លូវការ កាលពីពេលថ្មីៗនេះ ដោយនាងបានកូនក្នុងផ្ទៃ ឯចំរ៉ុងបានឡានដែលបន្តបង់រំលស់តទៅទៀតចុះ ។
ចំណែករឿងកូន គឺនាងមិនឲ្យចំរ៉ុង យកទៅមើលថែ បែបផ្តល់ជាអាហារកិច្ចឡើយ ពោលគឺនាងអាចមើលម្នាក់ឯង មិនចាំបាច់គាត់មកផ្តល់ជាប្រាក់ចិញ្ចឹមកូន ឬចង់មកយកកូនទៅដើរលេង សួរសុខទុក្ខម្តងម្កាល គឺគ្មានជាដាច់ខាត ។
តារាស្រីដែលមុននេះប្រឆាំងនឹងឪពុកយ៉ាងដាច់អហង្កា រឿងស្នេហាស្មោះស្ម័គ្រនេះបានបញ្ជាក់បន្តថា នាងឆ្អែតចិត្តបំផុតនៅពេលទៅដល់តុលាការសម្របសម្រួលលើកទី១ គឺនាងសុខចិត្តសម្របសម្រួល តែលោក ប៉ែន ចំរ៉ុង គាត់ប្រឆាំងមិនយល់ស្របតាម ដែលហេតុផលនេះហើយជាអ្វីដែលនាងចាប់ផ្តើមគិត ជាចំណុចអវិជ្ជមានជាបន្តទៀត ។ កាន់តែខ្លោចចិត្តជាងនេះពេលនៅមុខតុលាការ គេបានសួរទៅលោក ចំរ៉ុង ថាកូនក្នុងផ្ទៃប៉ុន្មានខែហើយ គាត់ (ចំរ៉ុង) បែរជាឆ្លើយថា អត់ច្បាស់ប៉ុន្មានខែរួចសួរថា កូននេះជាកូនរបស់លោកម៉េចអត់ច្បាស់ហើយបែរជាឆ្លើយសង្កត់ន័យថា អត់ច្បាស់រឿងមានកូនជាមួយលោក ចុះនាងពោះធំជាមួយអ្នកណា?
ស្រីស្អាត ដាលីស ថា នេះមានន័យថា គេទម្លាក់កំហុសលើនាងថា ពិតជាមានសហាយទើបអ្វីៗអត់ច្បាស់ទាំងអស់ ។ ចាប់តាំងពីនាងមានកូនមកពពោះបីខែ ប៉ែន ចំរ៉ុង ចាកចេញពីនាងបាត់ ជូននាងទៅឆ្លុះអេកូបានតែម្តងគត់ ទើបមិនបាច់មានឪក៏បាន ហើយកូនស្រីរបស់នាង គឺកើតមកដាក់ត្រកូលខាងនាងជាកំហិត ។ រយៈពេលជិតមួយឆ្នាំ ដែលនាងបានរួមរស់នៅជាមួយលោក ប៉ែន ចំរ៉ុង គឺពួកយើងបានចំណាយពេលរកស៊ីដូចគ្នា ដោយចំណូលនាងពេលខ្លះលើសលោក ប៉ែន ចំរ៉ុង ពាក់កណ្តាលក៏មាន ។ នៅពេលនេះទៀតនាងមានអារម្មណ៍ថា ដូចដាច់កម្មដាច់ពៀរ ទើបមិនមានអារម្មណ៍ពិបាកចិត្តអ្វីឡើយ បែកពីគាត់ គឺហាក់ដូចជាស្រឡះខ្លួនលែងពិបាក ។ អ្វីដែលនាងស្តាយ គឺកំហុសមិនស្តាប់ឪពុកម្តាយ ដែលខំបញ្ចេញយោបល់ ដែលនេះនាងចង់ឲ្យយុវតីមួយចំនួនដែលមានជីវិតដូចនាងគួរពិចារណា បើអាចគួរចៀសវាងពីបញ្ហានេះឲ្យបាន ។
នាងនៅជាមួយលោក ចំរ៉ុង ពេលនោះដូចមានអីបាំងមុខ ឬមានគេដាក់ស្នេហ៍ ដោយ ចំរ៉ុង ឲ្យធ្វើអ្វី គឺនាងហ៊ានធ្វើហ៊ានប្រឆាំង ព្រោះតែឆោតស្រឡាញ់គេជ្រុល ។ នាងបើកកម្មវិធីពេលនេះ ក៏ចង់បង្ហាញឲ្យគេដឹង និងសុំទោសសាធារណៈជន ដែលនាងធ្វើខុសហើយ កំហុសកាន់តែធ្ងន់ គឺចង់សុំទោសលោកឪពុកអ្នកម្តាយដែលនាងមិនជឿ ហើយបែរជានៅតែស្រឡាញ់យកកូនស្រីមកមើលថែទៀត ។ ចាប់ពីពេលនេះតទៅ នាងមានតែខិតខំរស់នៅឲ្យល្អ ហើយខំធ្វើការជាមួយលោកប៉ា (អិន សុភិន) ដើម្បីឆ្ពោះទៅរកមាគ៌ាជីវិតមួយឡើងវិញសាជាថ្មី ។
គួរបញ្ជាក់ថា ភិន សុដាលីស បានចាកចេញពីផ្ទះទៅរស់នៅជាមួយលោក ប៉ែន ចំរ៉ុង ខណៈឪពុកជំទាស់ ។ អំឡុងខែមេសា ឆ្នាំ២០១៦សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ឲ្យចូលខ្លួនបំភ្លឺបណ្តឹងលែងលះរបស់ ប៉ែន ចំរ៉ុង ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា ។
យ៉ាងណាសាលក្រមតុលាការបានសម្រេចចេញជាផ្លូវការ ដោយពួកគេមិនអាចផ្សះផ្សារបាន ហើយរស់នៅផ្សេងគ្នា ម្នាក់បានកូន ម្នាក់បានរថយន្ត ។ នាង ភិន សុដាលីស នឹងសម្រាលកូននៅអំឡុងខែកញ្ញា ឆ្នាំ២០១៦នេះ ដោយលោក អិន សុភិន នៅតែជួយលើកទឹកចិត្តដល់កូនកំពុងជួបវិបត្តិ ហើយថែមទាំងផ្តល់តួនាទីជានាយកប្រតិបត្តិ ដល់កូនស្រីដោយរំពឹងថា នាងនឹងមានការងារច្បាស់លាស់អាចបន្លប់ទុក្ខ និងមានប្រភពចំណូលមួយសមរម្យ ។
ក្រៅពីនេះលោកក៏នឹងឲ្យកូនស្រីចូលសម្តែងភាពយន្តវិញ ក្រោយរឹងដៃរឹងជើង ព្រោះនាងយល់ដឹងច្រើនពីការសម្តែងសិល្បៈ និងជាចំណូលចិត្តរបស់នាងតាំងពីដើមមក ៕
ចែករំលែកព័តមាននេះ