ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការមេ និងគោលដៅអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រែក្លាយទៅជាទីក្រុងដ៏ល្បីក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលដ៏ខ្លីខាងមុខ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​ដែល​មាន​ឧត្តមភាព​លេចធ្លោ​សម្រាប់​ការ​អភិវឌ្ឍ​ដោយសារ​ខេត្ត​នេះ មាន​ភូមិសាស្ត្រ​នៅ​ជាប់​សមុទ្រ មាន​កំពង់​ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន និង​តំបន់ឆ្នេរ​ទេសចរណ៍​ជា​ច្រើន​ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​មានការ​សិក្សា និង​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​បាន​កំណត់​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥…

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​ដែល​មាន​ឧត្តមភាព​លេចធ្លោ​សម្រាប់​ការ​អភិវឌ្ឍ​ដោយសារ​ខេត្ត​នេះ មាន​ភូមិសាស្ត្រ​នៅ​ជាប់​សមុទ្រ មាន​កំពង់​ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន និង​តំបន់ឆ្នេរ​ទេសចរណ៍​ជា​ច្រើន​ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​មានការ​សិក្សា និង​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​បាន​កំណត់​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ។

លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ផែនការមេ​ខាងលើ​នេះ គឺជា​ត្រីវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង និង​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ដើម្បី​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម ក្នុង​តំបន់ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​, ការ​អភិវឌ្ឍ​សង្គម និង​ការ​ការពារ​បរិស្ថាន​ប្រកបដោយ​ចីរភាព និង​និរន្តរភាព ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាមួយនឹង​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រែក្លាយ​ពី​ខេត្ត​ដែល​ភាព​ស្ងៀមស្ងាត់​ទៅ​ជា​ខេត្ត​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក​ទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាណិជ្ជកម្ម​ដោយ​យោង​តាម​កត្តា​ភូមិសាស្ត្រ​, និន្នាកា​រវិ​វត្ត​ថ្មី​ៗ​នៃ​សេដ្ឋកិច្ច​សកល និង​ចរន្ត​បំ​លាស់​ទី​នៃ​ប្រភេទ​ឧស្សាហកម្ម​របស់​ចិន​មួយ​ចំនួន​មក​កាន់​តំបន់​អាស៊ី​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ខេត្ត​ព្រះ​សីហ​នុ​នឹង​កាន់តែ​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ និង​ស្រូប​យក​វិនិយោគ​ពី​ខាងក្រៅ និង​អាច​ក្លាយទៅជា​«​ក្បាលម៉ាស៊ីន​» និង​ជា «​ក្បាល​នាគ​» ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក​បន្ត​ថា ដើម្បី​ចាប់​យក​កាលានុវត្តភាព​នេះ​ការ​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង គឺជា​កិច្ចការ​សំខាន់​ចាំបាច់​ខ្លាំង​ដែល​ត្រូវ​ជំរុញ​អនុវត្ត​ឱ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​នូវ​ការ​កើនឡើង​នូវ​តម្រូវការ​វិនិយោគិន ដែល​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ពិពិធ​កម្ម ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ត្រូវ​ផ្សារ​ភ្ជាប់​ខ្សែ​ច្រវាក់​ឧស្សាហកម្ម​, ខ្សែ​ច្រវាក់​ការ​ផ្គត់ផ្គង់ និង​ខ្សែ​ច្រវាក់​តម្លៃ​សកល​, ព​ន្លឿ​ន​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​មានការ​គិតគូរ​វែង​ឆ្ងាយ និង​ជាក់លាក់ និង​ការ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត និង​គោលនយោបាយ​គាំពារ​នានា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​បង្កើត​ការងារ ។

លោក ឡុ​ង ឌី​ម៉​ង់ បានឱ្យ​ដឹង​ទៀយ​ថា ដំណើរការ​អនុវត្ត​ផែនការ​មេនេះ​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​នូវ​ភារកិច្ច​មួយ​ចំនួន​រួម​មាន ៖ ការ​កំណត់​ទិស​ដៅ​អភិវឌ្ឍន៍​, ការ​បញ្ជាក់​ពីមុខ​ងារ​តាម​តំបន់​ទីតាំង​នីមួយ​ៗ​ផ្សេង​ៗ​គ្នា​, ការ​រៀបចំ​សម្របសម្រួល​ឱ្យ​មាន​ដីធ្លី​សម្រាប់​ការ​សាងសង់ និង​អភិរក្ស​តំបន់​អេកូឡូស៊ី​ធម្មជាតិ​, ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​សេវា​សាធារណៈ ជា​ពិសេស​ការ​រៀបចំ​ឱ្យ​មាន​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ជំនាញ​នៅ​នឹង​កន្លែង ដោយ​ផ្តោត​សំខាន់​លើ​ជំនាញ​បច្ចេកទេស ដើម្បី​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​, សេវាកម្ម និង​វិស័យ​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ ។

លោក​បន្ត​ថា គោលបំណង​នៃ​ការ​រៀបចំ​ផែនការមេ​ផែនការ​មេនេះ គឺជា​ផែនការ​បែប​យុទ្ធសាស្ត្រ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​, ច្បាស់លាស់ និង​អាច​អនុវត្ត​បាន​ព្រមទាំង​មាន​សង្គតិភាព​ជាមួយ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គន្លឹះ​នានា​ដោយ​សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជាទី​ក្រុង​ដ៏​ល្បី និង​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​, តំបន់​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​វ័យឆ្លាត (Smart Technology) និង​បំពាក់​ដោយ​សេវា​សាធារណៈ បរិក្ខា​សម្រាប់​រស់នៅ​លំដាប់​ពិភពលោក (World ClassFacility)​។

លោក ឡុ​ង ឌី​ម៉​ង់ បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នឹង​រួម​បញ្ចូល​កិច្ចការ​សំខាន់​ៗ​ដូច​ជា ៖ ការ​វាយតម្លៃ​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​មាន​គោលដៅ​ស្វែង​យល់ និង​វិភាគ​អំពី​លក្ខខណ្ឌ និង​ស្ថានភាព​ជាក់ស្តែង​របស់​ខេត្ត​ព្រះ​សីហ​នុ និង​ប្រទេស​កម្ពុជា រួម​ទាំង​វាយតម្លៃ​មូលដ្ឋាន​នៃ​វិស័យ​ឧស្សាហកម្ម​, ធនធានធម្មជាតិ​, ហេដ្ឋារចនាសម្ព័ន្ធ​, បរិស្ថាន​, ការ​គ្រប់គ្រង​កម្លាំង​ពលកម្ម និង​បរិយាកាស​អាជីវកម្ម​ជាដើម ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ខេត្ត​ព្រះ​សីហ​នុ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​អភិវឌ្ឍ​គំហុក​នៃ​សំណង់​អគារ​, សកម្មភាព​រិ​កប្ប​កម្ម​ពី​ធ្លី​និង​វិស័យ​កាស៊ីណូ ដែល​កត្តា​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ថ្លៃដើម​កើនឡើង​ខ្ពស់​, កង្វះ​ធនធាន​កម្លាំង​ពលកម្ម​ក្នុងស្រុក ជា​ពិសេស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់​, ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​មាន​លក្ខណៈ​បែកខ្ញែក និង​កង្វះ​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ​គាំទ្រ​នានា​, ការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ទីក្រុង​ក្នុង​តំបន់​, ការ​ពង្រឹង​ភាព​ទាក់ទាញ​របស់​ទីក្រុង និង​ការ​ដោះស្រាយ​នូវ​បញ្ហា​បំពុលបរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ ។​ល​។

ការ​ដាក់​ចេញ​នូវ​ផែនការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​លក្ខណៈ​ពេញលេញ និង​ប្រទាក់ក្រឡា រួម​ទាំង​អាកាសយានដ្ឋាន​, កំពង់​ផែ​, ផ្លូវ​ល្បឿន​លឿន​, ផ្លូវដែក និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីក្រុង ដូច​ជា​ផ្លូវថ្នល់​, ការ​ផ្គត់ផ្គង់​ទី​ក​, ប្រព័ន្ធ​លូ ថាមពល​អគ្គិសនី​, និង​ការ​ដោះស្រាយ​កាក​សំណល់​រឹង និង​រាវ​ព្រមទាំង​ផែនការ​សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ដល់​សេវា​សាធារណៈ​។

ការ​ដាក់​ចេញ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​ប្រកាន់​យក​គោលការណ៍​សុខដុម​នី​យ​កម្ម​ផ្នែក​លើ​ទិដ្ឋភាព​ច្បាប់​, រដ្ឋបាល និង​ទីផ្សារ ។ ការ​ដាក់​ចេញ​ផែនការ​សកម្មភាព​អនុវត្ត​ជា​ដំណាក់កាល ផែនការ​មេនេះ​នឹង​រួម​បញ្ចូល​នូវ​ផែនការ​សកម្មភាព​អនុវត្ត​រយៈពេល​៣ ទៅ​៥ ឆ្នាំ និង​ធ្វើការ​វិភាគ​សមិទ្ធិ​លទ្ធភាព​សេដ្ឋកិច្ច​លើ​គម្រោង​សំខាន់​ៗ ដោយ​កំណត់​ឱ្យ​ច្បាស់​នូវ​យន្តការ​អនុវត្ត និង​ជា​ជំហាន​សំខាន់​ៗ ។

ដើម្បី​អនុវត្ត​កិច្ចការ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ភាព​រលូន​, តាម​បទ​ពិសោធន៍​របស់​បណ្តា​ប្រទេស​ដែល​អនុវត្ត​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​មាន​ក្រុមប្រឹក្សា​កម្រិត​នយោបាយ ដែល​មាន​តួនាទី​សម្រេច​កម្រិត​នយោបាយ​លើ​កិច្ចការ​ចម្បង​ៗ និង​អនុម័ត​លទ្ធផល​នៃ​ផែនការមេ​ដោយ​គួរ​មាន​សមាសភាព​ដឹកនាំ ដោយ​ស្នើ​សុំ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជា​ប្រធាន និង​មាន​ឧបនាយករដ្ឋមន្ត្រី​ពីរ​រូប ជា​អនុប្រធាន រួម​មាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​គន​រូប​នី​យ​កម្ម និង​សំណង់​, ព្រមទាំង​មាន​រដ្ឋមន្ត្រី​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក ។

ស្នើ​សុំ​បង្កើត​គណៈកម្មាធិការ​ពីរ​ទៀត ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក ដើម្បី​ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​វាយតម្លៃ​គម្រោង​សិក្សា​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ