ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រាប់អាល្លឺម៉ង់ថា មានបំណងតែមួយគត់ គឺជួយភូមាឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​អា​ល្លឺ​ម៉​ង់​ថា កម្ពុជា​មាន​បំណង​តែ​មួយ​គត់ គឺ​ជួយ​ភូមា​ឱ្យ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ។ ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​អា​ល្លឺ​ម៉​ង់​ថា កម្ពុជា​មាន​បំណង​តែ​មួយ​គត់ គឺ​ជួយ​ភូមា​ឱ្យ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ។

ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ បាន​បញ្ជាក់​ប្រាប់​លោកស្រី Petra Sigmund អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ក្រសួងការបរទេស​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ថា កម្ពុជា​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឱ្យ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ បញ្ចប់​អំពើ​ហិ​.​ង្សា និង​សម្រេច​បាន​នូវ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ​យូរអង្វែង ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​ស​ប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៧ មក​រា បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ មក​រា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ទទួល លោកស្រី Petra Sigmund ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​នោះ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​មាន​ប្រសាសន៍​ថា អា​ល្លឺ​ម៉​ង់ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ហើយ​កម្ពុជា​មាន​មោទនភាព​ដែល​ប្រទេស​ខ្លួន​ជា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ដែល​ទេសចរ​អា​ល្លឺ​ម៉​ង់​ពេញចិត្ត​បំផុត ។

ក្នុង​ន័យ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី​អគ្គនាយក​មាន​ទស្សនៈ​ដូច​គ្នា​ថា ប្រទេស​ទាំង​ពីរ​នៅ​មានឱកាស​ប្រកបដោយ​សក្ដានុពល​សម្រាប់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទ្វេ​ដង ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ។

ចំពោះ​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​វិបត្តិ​ដែល​កំពុង​បន្ត​កើត​មាននៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ជម្រាប​ជូន​លោកស្រី Petra Sigmund អំពី​អាទិភាព​នានា​របស់​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​អំពី​ការ​ប្រឈម​សំខាន់​ៗ​ដែល​អាស៊ាន​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន និង​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​៧-៨ ខែមករា ឆ្នាំ​២០២២ ។

លទ្ធផល​សំខាន់​ៗ​ដែល​សម្រេច​បាន​ត្រូវ​បាន​ស្តែង​ចេញ​តាម​រយៈ​ការ ប្តេជ្ញា​ចិត្ត​ពី​ភាគី​យោធា​ក្នុង​ការ​ពន្យារ​បទ​ឈប់​បា​.​ញ់រ​ហូត​ដល់​ដំណាច់ឆ្នាំ​២០២២ ជាមួយ​ក្តី​ស​ង្ឈឹ​ម ដើម្បី​បញ្ចប់​សកម្មភាព​ហិ​.​ង្សា គាំទ្រ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច របស់​អាស៊ាន (5PC) សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌ ប្រកបដោយ​បរិ​យា​ប័ន្ន និង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ពិចារណា​ឡើង​វិញ លើ​រឿង​ក្តី របស់​សាស្ត្រាចារ្យ​ជនជាតិ​អូស្ត្រាលី ឈ្មោះ សៀន ធឺ​រណែល (Sean Turnell) នៅ​ពេល​ដែល​ដំណើរការ​តុលាការ​បាន​បញ្ចប់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុ​ខុន បា​សង្កត់ធ្ងន់​ថា ៖ «​ប្រទេស​កម្ពុជា​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា ឱ្យ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បញ្ចប់​អំពើ​ហិ​.​ង្សា និង​សម្រេច​បាន​នូវ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​យូរអង្វែង ហើយ​ដើម្បី សម្រេច​គោលបំណង​នេះ​បាន​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​ខ្វះ​មិន​បាន​នៅ​ក្នុង​ដំណើរការ​នៃ​កិច្ចចរចា​» ។

រដ្ឋមន្ត្រី​ការ​បរទេស បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង សម្រាប់​វឌ្ឍនភាព​មួយ​ជំហាន​ម្តង​ៗ ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន (5PC)​។ ប៉ុន្តែ​ទោះបីជា​ណា​ក៏​ដោយ ដំណើរការ​សន្តិភាព​ណាមួយ​ត្រូវ​តែ​ដឹកនាំ​ដោយ​មី​យ៉ា​ន់​ម៉ា និង​ជា​របស់​មី​យ៉ា​ន់​ម៉ា ។

ចំណែក​លោកស្រី Petra Sigmund បាន​អបអរសាទរ​កម្ពុជា​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន និង​ការ​តែងតាំង​លោក ប្រាក់ សុ​ខុន ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា ។

លោកស្រី បាន​អះអាង​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​អា​ល្លឺ​ម៉​ង់​ចំពោះ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ប្រាំ​ចំណុច​របស់​អាស៊ាន (5PC) និង​អំពី​ការ​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ធ្វើការ​ជាមួយ​កម្ពុជា ។ លោកស្រី Petra Sigmund ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ​ថា «​រដ្ឋមន្ត្រី​ការ​បរទេស​របស់​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ផ្ទាល់​» ។

លោកស្រី​បាន​គូសបញ្ជាក់​អំពី​គោលបំណង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​អញ្ជើញលោក ប្រាក់ សុ​ខុន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អឺរ៉ុប នា​ខែ​ក្រោយ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ