ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាយុ​វែង​បំផុត​ក្នុង​លោក​បែរជា​ប្រើ​សុទ្ធតែ​របស់​នាំ​ឱ្យ​អាយុ​ខ្លី

7 ឆ្នាំ មុន

សៀវភៅ​ឯតទគ្គ​កម្ម Guinness ធ្លាប់​បាន​កត់ត្រា​ស្ត្រី​បារាំង​ឈ្មោះ​ហ្សា​ន​ល្វី​ល៍ កាល់​ម៉​ង់ (១៨៧៥-១៩៩៧) ថា​ជា​អ្នកមាន​អាយុ​វែង​ជាងគេ​បង្អស់​នា​សម័យ​ជឿនលឿន​សព្វថ្ងៃ​គឺ​១២២​ឆ្នាំ និង​១៦៤​ថ្ងៃ ។

សៀវភៅ​ឯតទគ្គ​កម្ម  Guinness ធ្លាប់​បាន​កត់ត្រា​ស្ត្រី​បារាំង​ឈ្មោះ​ហ្សា​ន​ល្វី​ល៍ កាល់​ម៉​ង់ (១៨៧៥-១៩៩៧) ថា​ជា​អ្នកមាន​អាយុ​វែង​ជាងគេ​បង្អស់​នា​សម័យ​ជឿនលឿន​សព្វថ្ងៃ​គឺ​១២២​ឆ្នាំ និង​១៦៤​ថ្ងៃ ។ របៀបរបប​រស់នៅ​នាំ​ឱ្យ​មាន​អាយុ​វែង​របស់​ស្ត្រី​រូប​នេះ គឺជា​រឿង​ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បើកភ្នែក ធំ​ៗ ។ ពិសេស​ក្នុង​រយៈពេល​កន្លះ​សតវត្ស​ចុង​ក្រោយ បន្ទាប់​ពី​ស្វាមី​ចែក​ឋាន​ចោល​នា​ឆ្នាំ​១៩៤២ ដែល​ពេល​នោះ​គាត់​មាន​អាយុ​៦៧​ឆ្នាំ ។ បន្ទាប់​ពី​ក្លាយជា​ជីវិត​ឯកោ គាត់​តែងតែ​អផ្សុក​ដូច្នេះ​ហើយ​ជក់បារី​បន្ត​គ្នា មួយ​ដើម​ហើយ​មួយ​ដើម​ទៀត ។ ទន្ទឹម​នឹង​ជក់បារី ថែម​ទាំង​ផឹកស្រា​ជា​ប្រចាំ​ទាំង​ព្រឹក​ទាំង​ល្ងាច និង​ពេល​យប់ ក្លាយជា​យាយ​ប្រមឹក​អត់​អ្នក​ណា​ហាមឃាត់​បាន ។ មិន​ទាន់​អស់​ទេ គាត់​ងាក​ទៅ​ទទួលទាន​សូកូឡា​មួ​យស​ប្តា​ហ៍​អស់​១​គីឡូក្រាម​ទៀត ដែល​ជា​របៀបរបប​បង្ក​ឱ្យ​អាយុ​ខ្លី នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​វិស័យ​វេជ្ជសាស្ត្រ​អន្តរជាតិ ។ ថ្វីបើ​លោកយាយ​ហ្សា​ន​ប្រព្រឹត្ត​បែប​នេះ​ជាប់​រហូត តែ​គេ​សម្គាល់​ឃើញ​សុខភាព​គាត់​នៅ​តែ​ល្អ នៅ​តែ​អាច​ធាក់​ទោចក្រយាន​លំហែកាយ​យ៉ាង​រំភើយ​ពេល​អាយុ​ឡើង​១០០​ឆ្នាំ នៅ​តែ​មាន​អាយុ​វែង​ជាង​កូនស្រី​ទោល​របស់​ខ្លួន និង​ចៅស្រី​របស់​ខ្លួន​ទៅ​ទៀត ។

មានរឿង​មួយ​ដែល​គេ​កត់ត្រា​បាន គឺ​ក្នុង​ឆ្នាំ​១៩៦៥ ពេល​លោកយាយ​ហ្សា​ន​អាយុ​៩០​ឆ្នាំ លោក​មេធាវី អង់​ដ្រេ ហ្វ្រ​ង់​ស្វ័​៊​រ រ៉ា​ហ្វ​ហ្វ្រេ (១៩១៨-១៩៩៥) ដោយ​យល់​ថា​កូនក្តី​របស់​ខ្លួន​រស់នៅ​មិន​បាន​ប៉ុន្មាន​ទៀត​ទេ ព្រោះ​អាយុ​៩០​ឆ្នាំទៅ​ហើយ ក៏​យល់ព្រម​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​លោកយាយ​ហ្សា​ន គឺ​ព្រមព្រៀង​ផ្តល់​ប្រាក់​ជូន​លោកយាយ​ហ្សា​ន​ក្នុង​មួយ​ខែ​ចំនួន​២៥០០​ហ្វ្រ​ង់ រហូត​ដល់​គាត់​អស់​ជីវិត លុះ​គាត់​អស់​ជីវិត​ទៅ​ខ្លួន​ជា​អ្នកមាន​សិទ្ធិ​ទទួល​មត៌ក​គេហដ្ឋាន​ដែល​លោកយាយ​ស្នាក់​រាល់ថ្ងៃ ព្រោះ​កូន និង​ចៅ​គាត់​ស្លាប់​ចោល​គាត់​អស់ហើយ ។ លោក​មេធាវី​យល់ព្រម​ធ្វើ​កិច្ចព្រមព្រៀង​ដូច្នេះ ព្រោះ​គិត​ថា​យ៉ាង​យូរ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ លោកយាយ​មុខជា​អស់​ជីវិត ដឹង​អី​លោកយាយ​ហ្សា​ន​នៅ​តែ​មាន​សុខភាព​ល្អ​ដដែល ហើយ​អ្នក​ដែល​ត្រូវ​អស់​ជីវិត​មុន​នោះ​គឺ​លោក​មេធាវី​ទៅ​វិញ ។

បន្ទាប់​ពី​លោក​មេធាវី​ទទួលមរណភាព ភរិយា​គាត់់​រ៉ាប់រង​ផ្តល់​ប្រាក់​ដល់​លោកយាយ​ហ្សា​ន​បន្ត​ពី​ប្តី​ទៀត ផ្តល់​រហូត​ដល់​ខែសីហា ឆ្នាំ​១៩៩៧ ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ​របស់​ជីវិត​លោកយាយ​ហ្សា​ន ។

អ្នកដឹង​រឿង​នាំ​គ្នា​ធ្វើ​លេខបូក លេខគុណ​សាកមើល ឃើញ​ថា​ចំនួន​ទឹកប្រាក់​ដែល​លោក​មេធាវី​រ៉ា​ហ្វ​ហ្វ្រេ និង​ភរិយា​ផ្តល់​ឱ្យ​លោកយាយ​ហ្សា​ន​ច្រើន​ជាង​ថ្លៃ​ផ្ទះ​ជា​កេរមត៌ក​ដល់​ទៅ​៣​ដង​ឯណោះ ៕