ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​មក​សង្គ្រោះ​វិស័យ​សូត្រ​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​ផលិតកម្ម​សូត្រ ហើយ​ប្រជាជន​ខ្មែរ​បាន​ប្រតិបត្តិ​ជា​ប្រពៃណី​អំពី​ការ​ផលិត​ហូល​-​ផាមួង​ពី​សូត្រ ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ដូច​ជា​នៅ​ខេត្តតាកែវ បន្ទាយ​មាន​ជ័យ សៀមរាប និង​កំពង់ធំ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផលិតកម្មសូត្រ​ខ្មែរ​ត្រូវ​បាន​ធ្លាក់​ចុះ ​។…

រាជធានីភ្នំពេញ ៖ កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​ផលិតកម្ម​សូត្រ ហើយ​ប្រជាជន​ខ្មែរ​បាន​ប្រតិបត្តិ​ជា​ប្រពៃណី​អំពី​ការ​ផលិត​ហូល​-​ផាមួង​ពី​សូត្រ ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ដូច​ជា​នៅ​ខេត្តតាកែវ បន្ទាយ​មាន​ជ័យ សៀមរាប និង​កំពង់ធំ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផលិតកម្មសូត្រ​ខ្មែរ​ត្រូវ​បាន​ធ្លាក់​ចុះ ​។ ដោយ​មើលឃើញ​ពី​សក្តានុពល ​និង​បញ្ហា​កម្ពុជា​កំពុង​ជួប​ប្រទះ​ដូច្នេះ ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ iL BRiLLE មាន​គោលបំណង​វិនិយោគ​លើ​ផលិតកម្ម​សូត្រ​ខ្មែរ​នៅ​កម្ពុជា ​។

លោកនាយក​ក្រុមហ៊ុន​ជប៉ុន iL BRiLLE ថា​គម្រោង​វិនិយោគ​លើ​ផលិតកម្ម​សូត្រ​ខ្មែរ​នៅ​កម្ពុជា​តាម​រយ​:​ការ​បង្កើត CGS ដើម្បី​ផលិត​សូត្រ​សម្រាប់​បម្រើ​ឱ្យវិស័យ​វាយនភ័ណ្ឌ និង​ជា​ពិសេស​កែ​ច្នៃ​ផលិតផល​សូត្រ​នេះ​ទៅ​ជា​សារធាតុ​ប្រូ​តេ​អ៉ីន​សម្រាប់​យក​ទៅ​បម្រើ​ឱ្យវិស័យ​គ្រឿងសម្អាង ដែល​កំពុង​ពេញ​និយម​សម្រាប់​ស្ត្រី​ជនជាតិ​ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់ នា​ពេល​បច្ចុប្បន្ន​ ។ CGS នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទី ​១ ដល់​ស្ត្រី​តម្បាញ​នៅ​តាម​ជនបទ​ដែល​ជា​ប្រភព​ផលិត​ហូល​-​ផាមួង​ មានការ​ងារ​ធ្វើ ទី ​២ ជួយ​លើកកម្ពស់​តម្លៃបន្ថែម​តាម​រយៈការ​កែ​ច្នៃ​ផលិត​សូត្រ​ទៅ​ជា​សារធាតុ​ប្រូ​តេ​អ៉ីន​បម្រើ​ឱ្យវិស័យ​គ្រឿងសម្អាង ទី ​៣ បង្កើត​ម​ជ្ឈ​ម​ណ្ឌ​បង្កាត់ ភ្ញាស់​ដង្កូវនាង​ពូជ​ល្អ​ៗ ផ្តល់​ទិន្ន​ផល​ខ្ពស់ រួច​ផ្សព្វផ្សាយ​ជូន​អ្នក​ចិ​ញ្ចឹ​ម និង​ទី ​៤ ស្នើ​សុំ​អង្គការ UNESCO ចុះបញ្ជី​សូត្រ​ជា​មរតក​វប្បធម៌​ខ្មែរ​ ។

លោកនាយក​ក្រុមហ៊ុន​ជប៉ុន iL BRiLLE បាន​លើក​ពី​គម្រោង​នេះ​ សូម​ការ​គាំទ្រ​ពី​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។ នៅ​ក្នុង​ជំនួប​ដែល​មាន​វត្តមាន​លោក​ទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ចូលរួម​ផង​នោះ លោក វេ​ង សា​ខុន បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​កម្មវត្ថុ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន លើ​ផលិតកម្ម​សូត្រ​ខ្មែរ​ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ចង់​ឃើញ​វប្បធម៌​ត្បាញ​ហូល​-​ផាមួង ​ស្ថិត​នៅ​តែ​ជា​ប្រពៃណី​ដ៏​ផូរផង់​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ ​។ លោក​រដ្ឋមន្ត្រី​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះថា​ វា​នឹង​ជួយ​កសាង​កំលាំង​ផលិត​សូត្រ​ខ្មែរ​ឡើង​វិញ ដើម្បី​បម្រើ​ទីផ្សារ​សូត្រ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល ធ្វើឱ្យ​សិប្បកម្ម​តម្បាញ​ហូល​-​ផាមួង​ ដំណើរការ​ប្រកបដោយ​និរន្តរភាព ពលរដ្ឋ​នៅ​មូលដ្ឋាន​មានការ​ងារ​ធ្វើ កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​វត្ថុធាតុដើម​ផលិត​ចេញពី​សូត្រ​ខ្មែរ ដើម្បី​បង្កើន​តម្លៃបន្ថែម និង​លើកកម្ពស់​ប្រពៃណី​វប្បធម៌​ត្បាញ​ហូល​-​ផាមួង ​ដែល​ជា​មរតក​របស់​បុព្វបុរស​ខ្មែរ និង​ជា​ពិសេស​ណែនាំឱ្យបរទេស​បាន​ស្គាល់​ពី​តម្លៃ​សូត្រ​ខ្មែរ​តាម​រយៈផលិតផល​នានា​ដែល​ផលិត​ចេញពី​សូត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ