ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ផ្សព្វផ្សាយពីលទ្ធផលនៃជំនួប តាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្ត្រីការបរទេស​កម្ពុជា-ម៉ារ៉ុក

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា…

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាម​ប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រី​ការបរទេស សហប្រតិបត្តិការអាហ្រ្វិក និង ជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី តំបន់ និង​អន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ- បត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និង ការអភិវឌ្ឍធនធានមនុស្ស និងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ ក្នុងឆមាសទី១ នាឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀង ដែលពុំទាន់បានចុះហត្ថ-លេខា គឺកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ និងពិចារណា អំពីការចុះហត្ថលេខា លើ​អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅជំរុញ​វិស័យទេសចរណ៍។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន​លើកឡើងពីលទ្ធភាពនៃការបង្កើតទីក្រុងសម្ព័ន្ធភាព​រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ថា​ ក្នុងរយៈពេល ២៥ឆ្នាំ ចាប់តាំងពីការបង្កើត​ទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ទំហំពាណិជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈគ្នាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលទាំងឡាយ ដើម្បីជំរុញសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តដល់ភាគី ពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីម៉ារ៉ុក ដែល​បានផ្តល់អាហារូបករណ៍​ដល់មន្រ្តីការទូតកម្ពុជា និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ារ៉ុក។ ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) កម្ពុជា និងបណ្ឌិត្យសភាសិក្សា​ការទូតម៉ារ៉ុក (AMED) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យវិទ្យាស្ថាន​ទាំងពីរ ស្វែងរកមធ្យោបាយ និងវិធីសាស្រ្តផ្សេងៗ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន​ទាំងពីរ លេចចេញជារូបរាងឡើង។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូនសមភាគីអំពី​អាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការឆ្លើយ តបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រង​ប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ និងដំណើរ​ការស្ដារឡើងវិញ ប្រកបដោយ​បរិយាប័ន្ន ការគ្រប់គ្រងបញ្ហា ដែលជាប្រពៃណី និងមិនប្រពៃណី ដែលមានស្រាប់ និងការពង្រឹង​ភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន​។ 

ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្តម Nasser BOURITA អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងបានគូសបញ្ជាក់អំពីគោលបំណងតែមួយគត់​របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និង​ ការបង្រួប​បង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងដំណើរការនៃកិច្ចចរចា។

ឯកឧត្តម Nasser BOURITA បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់ រវាងកម្ពុជា និងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជា ជាមួយបណ្តាប្រទេសអាស៊ាន។ ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហ- ប្រតិបត្តិការឥស្លាម (OIC) ឯកឧត្តម BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដ៏ទៃឱ្យ គាំទ្រ កម្ពុជា។ ជាងនេះទៅទៀត ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឯកឧត្តម BOURITA បានអញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ ឯកឧត្តម BOURITA ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ឯកឧត្តមក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេត ការណ៍នៃអង្គការ OIC និងបានឯកភាព​អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយ ដោយបញ្ជាក់ថា ឯកឧត្តម នឹងពិនិត្យរកពេល​វេលា​សមស្របណាមួយ ក្នុងពេលវេលាដ៏មមាញឹកនៃ កិច្ចប្រជុំអាស៊ាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ