ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ឱ្យ​លុប​ចោលការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ពី​ការ​ប្រើ​គោរមងារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា បាន​ប្រកាស​លុប​ចោល​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​តម្រូវ​ឱ្យ​គ្រប់​សារព័ត៌មាន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា បាន​ប្រកាស​លុប​ចោល​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​តម្រូវ​ឱ្យ​គ្រប់​សារព័ត៌មាន​ត្រូវ​ប្រើប្រាស់​គោរមងារ​សម្តេច ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា កន្លង​មក បាន​ចេញ​លិខិត​ព្រមាន​ចុង​ក្រោយ​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ចាងហ្វាង​សារព័ត៌មាន និង​គេហទំព័រ ដែល​មិន​ទាន់​គោរព​បាន​ពេញលេញ អំពី​ការ​ប្រើប្រាស់​គោរមងារ​សម្រាប់​ថ្នាក់ដឹកនាំ​ដែល​គោរមងារ​ជាស​ម្ដេច ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា «​ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​មាន​ព្រះមហាក្សត្រ​សោយរាជ​សម្បត្តិ ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស  ។ ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ច្បាប់​ដែល​រដ្ឋសភា​អនុម័ត និង​ទ្រង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តាម​សេចក្តី​ស្នើ​សុំ​របស់​គណៈរដ្ឋមន្ត្រី​» ។

ក្នុង​លិខិត​ដដែល លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ថែរក្សា​ឱ្យ​បាន​នូវ​អត្តសញ្ញាណ និង​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ ក្រសួង​ព័ត៌មាន​តែងតែ​ជ្រើសរើស​យក​ការ​ចេញ​សេចក្តីណែនាំ អប់រំ​អ្នក​សារព័ត៌មាន អ្នក​បំពេញការងារ​លើ​វិស័យ​សារព័ត៌មាន និង​សោត​ទស្សន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ចេះ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​ផង គោរព​ច្បាប់​ផង និង​គោរព​ប្រពៃណី​ជាតិ​ផង ផ្តល់​ព័ត៌មាន​ការ​កម្សាន្ត ការ​អប់រំ គ្រប់​ប្រភេទ​ដោយ​សេរី ហើយ​មិន​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ ជាង​ប្រើប្រាស់​បញ្ញត្តិ​ច្បាប់ ដើម្បី​ដាក់ទោស​ចំពោះ​អំពើ​ប្រព្រឹត្ត​របស់​និយោជក ឬ​និពន្ធ​នាយក ។

ប៉ុន្តែ​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច នៅ​តែ​សម្ដែង​នូវ​ភាព​គឃ្លើន អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួង ព្រមទាំង​ធ្វើការ​អធិប្បាយ​ផ្ទុយ​ពី​គោលបំណង​ពិតប្រាកដ មាន​លក្ខណៈ​បំពុលបរិយាកាស​សង្គម ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ជាតិ ក៏​ដូច​ជា​ប្រពៃណី វប្បធម៌​ជាតិ​ផង​នោះ ក្រសួង​ព័ត៌មាន សូម​ធ្វើការ​ព្រមាន​ជា​លើក​ចុង​ក្រោយ បើ​អង្គភាព​ណា​នៅ​តែ​បំពាន​នោះ ក្រសួង​នឹង​ចាត់វិធានការ​តាម​ភារកិច្ច និង​សមត្ថកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន ៕