រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង នៅ សូនីតា បានរំលឹកឡើងវិញនូវអនុស្សាវរិយ៍ចាស់ៗជាមួយតារាចម្រៀងនាង ខេមរៈ ស្រីពៅ ដែលធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសរួមគ្នា ក្នុងពេលខួប៣ឆ្នាំនៃការទទួលមរណភាពរបស់តារាចម្រៀងរូបនេះ ប្រកបដោយភាពសោកស្តាយជាទីបំផុត។
គិតមកទល់ពេលនេះ តារាស្រីដែលជាប្អូនបង្កើតរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺនាង ខេមរៈ ស្រីពៅ បានទទួលមរណភាពដោយសារជំងឺមានរយៈពេលប្រមាណ៣ឆ្នាំមកហើយ ក្នុងពេលដែលក្រុមគ្រួសាររបស់នាងក៏បានធ្វើបុណ្យខួបយ៉ាងធំមួយសម្រាប់ឧទ្ធិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់នាងផងដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
ដោយឡែកក្នុងនាមជាមិត្តភក្តិស្និទ្ធស្នាលនៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នាម្នាក់នោះ អ្នកនាង នៅ សូនីតា ក៏បានរំលឹកឡើងវិញពីអនុស្សាវរីយ៍ដ៏រីករាយជាច្រើនជាមួយ ខេមរៈ ស្រីពៅ ក្នុងពេលដែលអ្នកទាំងពីរបានចេញទៅសម្តែងរួមគ្នាមួយនៅក្នុងទឹកដីប្រទេសអូស្ត្រាលី កាលពីអំឡុងឆ្នាំ២០០៩។
នៅ សូនីតា បានធ្វើការចែករំលែកជាថ្មីឡើងវិញ (Share) នូវអ្វីដែលនាងបានបង្ហោះសារតាមហ្វេសប៊ុកកាលពីអំឡុងឆ្នាំ២០១៩ ក្នុងនោះនាងបានសរសេរសារដោយភ្ជាប់ជាមួយនឹងរូបថតមួយចំនួនបង្ហាញពីសកម្មភាពនានាជាមួយ ខេមរៈ ស្រីពៅ ថា ទាំងអស់នេះជារូបភាពពួកយើងទៅសម្តែងនៅអូស្ត្រាលីលើកដំបូង ក្នុងឆ្នាំ២០០៩ រយៈពេល១ខែកន្លះ ដែលពួកយើងនៅទីនោះ។
នាងបញ្ជាក់ថា ពួកយើងស្រលាញ់គ្នាប្រៀបដូចបងប្អូនចឹង មានទាំងពេលខ្លះ យើងបន្លាចខ្មោចគ្នា ហើយដេញធាក់គ្នាពេញបន្ទប់ អ្នកណាងើបមុនតែងតែទាញភួយអោយភ្ញាក់ ដើម្បីក្រោកស្មើគ្នា បង្អាប់គ្នា ពិតជាសប្បាយខ្លាំងណាស់ មកដល់ខ្មែរក៏យើងឧស្សាហ៍សួរសុខទុក្ខគ្នាដែរ។
នាងបន្តថា តែ៥ ៦ឆ្នាំចុងក្រោយនេះ ខ្ញុំលែងបានសូវជួបឯង គិតថាឯងសុខសប្បាយហើយ ប៉ុន្តែមិននឹកស្មានថាគ្នាត្រូវទទួលដំណឹងអកុសលថាឯងបានលាចាកលោកហើយ គ្នាពិបាកទទួលយកដំណឹងនេះណាស់ ឯងមនុស្សល្អណាស់ ម៉េចបានឆាប់ទៅចោលពួកយើងលឿនម្ល៉េះ សូមអោយឯងបានទៅកាន់សុគតិភព មិត្តល្អរបស់ខ្ញុំ សូមអោយឯងកើតជាតិក្រោយកុំអភ័ព្វដូចជាតិនេះទៀតណាមិត្ត។
គួររំលឹកថា តារាចម្រៀងនាង ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងអាយុប្រមាណ២០ជាងឆ្នាំប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នាប្រទេសឥណ្ឌា បន្ទាប់ពីនាងបានពើបប្រទះនូវជំងឺសួត និងក្រលៀនធ្ងន់ធ្ងរយូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារមិនសូវជាចាប់អារម្មណ៍ ពោល គឺទើបតែរយៈពេល២ខែចុងក្រោយនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យា បាល នៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យមិនអាចស្រោចស្រង់អាយុជីវិតនាងបានឡើយ៕
ចែករំលែកព័តមាននេះ