ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​រាជ​នី តារាចម្រៀង​ថ្មី ទឹកដម​សំឡេង​ពីរោះ​ពី​ធម្មជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​នរណា​ដូច​ខ្ញុំ​លួច​ស្រឡាញ់​សង្សារ​គេ?​» ដែល​ទើប​បង្ហោះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក និង YouTube កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ទទួល​បានការ​ចាប់អារម្មណ៍

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​នរណា​ដូច​ខ្ញុំ​លួច​ស្រឡាញ់​សង្សារ​គេ?​» ដែល​ទើប​បង្ហោះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក និង YouTube កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្ដា​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់ ដោយ​ខ្លះ Like ខ្លះ​Comment ខ្លះ​Share ក្នុង​ន័យ​ពេញចិត្ត បើ​ទោះជា​ម្ចាស់​បទ​ចម្រៀង​នេះ​ជា​តារាចម្រៀង​ថ្មី មិន​ធ្លាប់​មាន​បទ​ពិសោធ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​កន្លង​មក​ក៏​ដោយ​។

ពេល​ភ្នាក់ងារ​កោះសន្តិភាព​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់ កញ្ញា​រាជ​នី និយាយ​ទាំង​ញញឹម​ស្រស់​ថា «​នាង​ខ្ញុំ​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​បទ​ចម្រៀង Original Song ដំបូង​របស់​នាង​ខ្ញុំ ហាក់​ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​គួរ​ឱ្យ​កត់សម្គាល់ ទាំង​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​នៅឡើយ​នោះ ដែល​ជា​កម្លាំងចិត្ត​មួយ​ជម្រុញ​ឱ្យ​នាង​ខ្ញុំ​មាន​ទឹកចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់​ច្រៀង​បទ ក្រោយ​ៗ​ឱ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត ដើម្បី​កំដរ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់ ព្រោះ​នៅ​ពេល ឆាប់​ៗ​ខាង​មុខ​នេះ​នាង​ខ្ញុំ​នឹង​មាន​បទ​ចម្រៀង​ថ្មី​ចំនួន​៥​បទ​ទៀត ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​បន្ត​» ។

នៅ​ពេល​សួរ​បញ្ជាក់​ពី​ចំណងជើង និង​ប្រភេទ​បទ​ដែល​នឹង​ត្រូវ​ចេញផ្សាយ​បន្ត​នោះ រាជ​នី សុំ​លាក់​សិន តែ​ចំពោះ​ប្រភេទ​បទ​វិញ​ភាគច្រើន​បែប​មនោសញ្ចេតនា​ស្នេហា​ដែល​មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​ក្នុង​រឿង​ស្នេហា​។ រាជ​នី​បាន​បន្ថែម​ពី​អារម្មណ៍​ពិត​ទាំង​រំភើបចិត្ត​ថា «​តាម​ពិត​ទៅ​នាង​ខ្ញុំ​មិន​ដែល​គិត​ថា នាង​ខ្ញុំ​នឹង​មាន​បទ​ចម្រៀង Original Song ដ៏​ពីរោះ​បែប​នេះ​ជា​របស់​ខ្លួន​ឡើយ ដូច្នេះ​នាង​ខ្ញុំ​សូម​ថ្លែង​អណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​លោក​គង់ រង្សី ជា​អ្នកនិពន្ធ​កម្ពុជា​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង និង​ជ្រើសរើស​យក​រូប​នាង​ខ្ញុំ​ជា​តារាចម្រៀង​ដែល​ជា​ការ​ផ្ដល់​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ជីវិត​នាង​ខ្ញុំ​ក្នុង​វិស័យ​សិល្បៈ ដែល​បាន​ត្រឹមតែ​ស្រមៃ​កន្លង​មក​» ។

កញ្ញា​រាជ​នី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់​ទាំងឡាយ​ដែល​គាំទ្រ​បទ​ចម្រៀង​ដំបូង​របស់​នាង និង​សំណូមពរ​ដល់​ជនរួមជាតិ​កម្ពុជា​បន្ត​គាំទ្រ​វិស័យ​សិល្បៈ​ចម្រៀង Original Songs ខ្មែរ​ឱ្យ​កាន់តែ​ខ្លាំង​ឡើងជា​បន្ត​ទៅ​ទៀត ដើម្បី​ភាព​រីក​ចម្រើន​នៃ​សង្គម​ជាតិ​កម្ពុជា​តាម​រយៈ​វិស័យ​សិល្បៈ​ចម្រៀង​»​។

កញ្ញា​រាជ​នី មាន​អាយុ​២០​ឆ្នាំ ជា​តារាចម្រៀង Original Songs មួយ​រូប​ដែល​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ ។ ចង់​ដឹង​ថា តើ​បទ​ចម្រៀង ក្រោយ​ៗ​របស់​រាជ​នី​ពីរោះ​ប្រកបដោយ​អត្ថន័យ​យ៉ាងណា​នោះ សូម​រង់ចាំ​តាមដាន​នៅ​ថ្ងៃ​ខាង​មុខ​ទៀត ៕