ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនផ្កា​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ កាន់តែ​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់

2 ឆ្នាំ មុន
  • ប៉ៃលិន

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​តំណាងរាស្ត្រ ព្រមទាំង​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សួនផ្កា ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ដើម្បី​បើក​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ក្នុង​ឱកាស​

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​តំណាងរាស្ត្រ ព្រមទាំង​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សួនផ្កា ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ដើម្បី​បើក​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​រមណីយដ្ឋាន​នេះ បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ឡើង​ទៅ​ខាងលើ និង​បាន​ធ្វើ​កែ​លំអរ​បរិស្ថាន​មួយ​សងខាង​ផ្លូវ ដើម្បី​ជា​សោភ័ណ​ភាព​បន្ថែម ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា​ដូច​ជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ខេត្ត ជា​ពិសេស​អភិវឌ្ឍ​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍​នានា ឱ្យ​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរ​ឡើង​។

លោក​ជំទាវ បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេសចរ​ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ លោក​ជំទាវ បាន​ណែនាំ​អោយ​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​រុះរើ​ខ្យូ​ស​ដែល​ពុក​ផុយ​ចេញ និង​ដាក់​ជំនួស​ដោយ​ខ្យូ​ស​ថ្មី រៀបចំ​ទី​សក្ការៈ​គោរព​បូជា សួនផ្កា​ចម្រុះ​ពណ៌ ដែល​មាន​រចនាបថ​បែប​ទាក់ទាញ​ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍ ចូល​មក​កម្សាន្ត​នៅ​លើ​ទឹកដី​ដ៏​តូច​ច្រឡឹង​នៃ​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​មក​កំសាន្ត​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួម​គ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាក​សំណល់​សំរាម​ឲ្យ​បាន​ល្អ និង​នាំ​យក​ទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ចៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព និង​អនាម័យ​សាធារណៈ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ