ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ​អណ្ដាត​ថ្វាយ​ទេពធីតា​រហូត​ដល់​ស្លា.ប់​ខ្លួនឯង

7 ឆ្នាំ មុន

តាម​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ឥណ្ឌា គឺ​ពិបាក​អន្តរាគមន៍​ចំពោះ​ជំនឿ​អារ​អណ្ដាត​ថ្វាយ​ទេពធីតា​ណាស់ ព្រោះ​ប្រជាជន​ជឿ​លើ​ទេពធីតា​នេះ ទេពធីតា​នោះ​រាប់​ជំនាន់​មក​ហើយ មិន​ងាយ​បេះ​ចេញ​ទេ ។

តាម​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ឥណ្ឌា គឺ​ពិបាក​អន្តរាគមន៍​ចំពោះ​ជំនឿ​អារ​អណ្ដាត​ថ្វាយ​ទេពធីតា​ណាស់ ព្រោះ​ប្រជាជន​ជឿ​លើ​ទេពធីតា​នេះ ទេពធីតា​នោះ​រាប់​ជំនាន់​មក​ហើយ មិន​ងាយ​បេះ​ចេញ​ទេ ។

អស់​ជីវិត​ព្រោះតែ​ជំនឿ​ហួសហេតុ
ខែកុម្ភៈ​២០១៦​នេះ យុវជន​ឥណ្ឌា​ម្នាក់​ឈ្មោះ Deepak Kol អាយុ​២៨​ឆ្នាំ ត្រូវ​ហូរ​ឈាម​ដល់​ស្លាប់​ដោយសារ​អារ​អណ្ដាត​ខ្លួនឯង​ថ្វាយ​ទេពធីតា Durga ក្នុង​សាសនា​ហិណ្ឌូ ។ ពេល​ឈាម​ហូរ​កាន់តែ​ខ្លាំង អាជ្ញាធរ​មូលដ្ឋាន​ប្រុង​នាំ ​Deepak Kol ទៅ​មន្ទីរពេទ្យ តែ​លោកតា Sukhdeo ដែល​ជា​ឪពុក​របស់​គេ និង​សាច់ញាតិ​របស់​គេ​ច្រើន​នាក់​បដិសេធ​មិន​ឱ្យ​យក​ទៅ​ណា​ដាច់ខាត ហើយ​គិតតែ​នាំ​គ្នា​សូត្រធម៌​សុំ​ឱ្យ​ទេពធីតា Durga ជួយ​សង្គ្រោះ​រូបគេ​ឱ្យ​ដឹងខ្លួន​ឡើង​វិញ ។

ក្រោយ​ពេល Deepak Kol ស្លាប់ លោកតា Sukhdeo និយាយ​ប្រាប់​អ្នកកាសែត​ថា «​ពួក​ខ្ញុំ​នាំ​គ្នា​សូត្រធម៌​រហូត​ដល់​ម៉ោង​៤​ជិត​ភ្លឺ តែ​លុះ​ឃើញ​ថា រឿង​នោះ​មិន​អាច​កើត​ឡើង​​បាន យើងខ្ញុំ​ដឹង​ថា ទេពធីតា Durga ទុក​កន្លែង​មួយ​នៅ​ឋានសួគ៌​ឱ្យ​កូនប្រុស​ខ្ញុំ​បាន​ទៅ​បម្រើ​ព្រះ​នាង​ហើយ ។ កូនប្រុស​ខ្ញុំ​សំណាង​ណាស់​បាន​ទៅ​រស់នៅ​ឋានសួគ៌​បម្រើ​ទេពធីតា Durga » ។

លោកតា Sukhdeo រស់នៅ​ភូមិ Khar hata ក្នុង​តំបន់​ចុងកាត់មាត់ញក​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​, ហើយ Deepak Kol ជា​កូនច្បង​របស់​គាត់ ក្នុង​ចំណោម​កូនប្រុស​២​នាក់។ ថ្ងៃ​នោះ Deepak Kol បង្អត់អាហារ​ខ្លួនឯង​តាំងពី​ព្រឹក​មក ដើម្បី​រង់ចាំ​ដល់​ម៉ោង​អារ​អណ្ដាត​ថ្វាយ​ទេពធីតា Durga  ។ ដោយហេតុ​ហេវ​ហត់​ផង ណាមួយ​ឈាម​ហូរ​ចេញពី​អណ្ដាត​ច្រើន​ផង គេ​ទ្រាំ​បាន​មួយ​រយៈ​ក៏​ដួល​សន្លប់​បាត់ស្មារតី ។ ពេល​ឮ​អ្នកផង​និយាយ​ថា Deepak Kol ស្លាប់​មក​ពី​ឈាម​ហូរ​ចេញពី​អណ្ដាត​ច្រើន​ពេក លោកតា Sukhdeo តែង​ខឹង​ច្រឡោត​គំហក​វិញ​ថា «​កូនប្រុស​ខ្ញុំ​អត់​ស្លាប់​ទេ​, ទេពធីតា Durga នាំ​ឡើងឋានសួគ៌​ឱ្យទៅ​បម្រើ​ព្រះ​នាង​នៅ​ទីនោះ ។ ម៉េច​និយាយ​ប៉ុណ្ណឹង​ហើយ​ស្ដាប់​មិន​យល់​ទៀត​ឬ?​» ។

ករណី​យុវជន Deepak Kol មិនមែន​ជា​ករណី​ថ្មី​សម្រាប់​បរិស័ទ​ហិណ្ឌូ​ឡើយ ។ ឆ្នាំ​ណា​ក៏​មាន​អ្នក​សា្ល​ប់​ដោយសារ​អារ​អណ្ដាត​ថ្វាយ​ទេពធីតា  Durga ដែរ ។

សម្លាប់សត្វ ២៥០.០០០ ក្បាល​ថ្វាយ​ទេពធីតា
សត្វ ២៥០.០០០ ក្បាល​ត្រូវ​តម្រៀប​ជា​ហ្វូង ហើយ​កាត់​ក្បាល​សម្លាប់​ថ្វាយ​ទេពធីតា​ក្នុង​សាសនា​ហិណ្ឌូ​នៅ​ប្រទេស​នេ​ប៉ា​ល់ ។ ពិធី​សម្លាប់សត្វ​ថ្វាយ​ទេពធីតា​បែប​នេះ ជា​ពិធី​បុណ្យ​ដ៏​ធំ​ដែល​ត្រូវធ្វើ​៥​ឆ្នាំ​ម្ដង ។ អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ទេពធីតា​ដែល​ត្រូវ​សម្លាប់សត្វ​ថ្វាយ​នេះ គឺ​ទេពធីតា​ព្រះ​នាម Gadhimai ។ ដោយហេតុ​ពិធី​នេះ​ត្រូវធ្វើ​៥​ឆ្នាំ​ម្ដង ហេតុនេះ​ប្រារព្ធ​នៅ​កន្លែង​ណា បរិស័ទ​ហិណ្ឌូ​ចូលរួម​កុះករ​នៅ​កន្លែង​នោះ ។ អ្នកចូលរួម​ទាំងអស់​មិនមែន​ចូលរួម​ដោយ​គ្រាន់តែ​ឈរ​មើល​គេ​សម្លាប់សត្វ​ទេ​, ពួក​គេ​តែងតែ​នាំ​តាម​ខ្លួន​តាំងពី​គោ ក្របី ពពែ សត្វ​ព្រាប​…​ដើម្បី​កាត់​ក្បាល​ថ្វាយ​ទេពធីតា​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​ដែរ ។ ពិធី​នេះ​ប្រារព្ធ​ម្ដង​ៗ មាន​រយៈពេល​២​ថ្ងៃ ។ ការ​ចាប់ផ្ដើម​ក្នុង​ថ្ងៃ​ដំបូង​គេ​ហៅ​ថា Panchabali គឺ​សម្លាប់សត្វ​តែ​៥​ក្បាល​សិន រួម​មាន កណ្ដុរ​មួយ​ក្បាល​,​ពពែ​មួយ​ក្បាល​,​មាន់គក​មួយ​ក្បាល​,​ជ្រូក​មួយ​ក្បាល និង​សត្វ​ព្រាប​មួយ​ក្បាល ដោយ​​សម្លាប់​ពេល​ព្រះអាទិត្យ​ផ្ដើម​រះ ។ ក្រោយ​ពេល​សម្លាប់សត្វ​ទាំង​៥​ក្បាល​នោះ​ហើយ គេ​ចាប់ផ្ដើម​ប្រមូល​សត្វ​ឯទៀត​ឱ្យ​ឈរ​តម្រៀប​ជា​ជួរ ហើយ​អ្នកជំនាញ​ខាង​សម្លាប់​សត្វ​២០០​នាក់ ប្រើ​ដៃ​ទាំង​ពីរ​យារ​កាំបិត​កាប់​ពេញទំហឹង ធ្វើ​យ៉ាងណា​ឱ្យ​មួយ​កាំបិត​សត្វ​ដាច់​ក​ត្មិល​ប្រកាច​ងាប់​ភ្លាម មិន​ឱ្យ​កាប់​ដល់​ពីរ​កាំបិត​ឡើយ ។ ពួក​គេ​ប្រើ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ សត្វ​រាប់​សែន​ក្បាល​ដេក​ងាប់​ពេញ​ដី ។

លោក Yogendra Prasad Dulal ដែល​ជា​មន្ត្រី​មូលដ្ឋាន​ម្នាក់​ឱ្យ​ដឹង​ថា ពេល​ប្រារព្ធ​ពិធី​ដ៏​ធំ​នេះ​ម្ដង​ៗ គេ​មិន​អាច​ដឹង​ពិតប្រាកដ​ថា សត្វ​ចំនួន​ប៉ុន្មាន​ត្រូវ​សម្លាប់​ទេ គ្រាន់តែ​ដឹង​ជា​រួម​ថា ប្រហែល​២០០.០០​ក្បាល ឬ​២៥០.០០​ក្បាល​ប៉ុណ្ណោះ, ​ដូច​យ៉ាង​កាលពី​ឆ្នាំ​២០០៩ ដែល​គេ​ប្រារព្ធ​ពិធី​សម្លាប់សត្វ​ថ្វាយ​ទេពធីតា គេ​ប៉ាន់​ប្រមាណ​ថា សត្វ​ប្រមាណ​២៥០.០០០​ក្បាល​យ៉ាងតិច​ត្រូវ​សម្លាប់ ៕