ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័​យ​កាត់ដេ​រ ៖ កា​រងារ​សម្បូរ​ តែ​ប្រាក់ខែ​មិន​ទាន់​ធ្វើឱ្យ​ជីវភាព​កម្មករ​បាន​សមរម្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ដាច់​ខែមករា​ ឆ្នាំ ​២០២២ ​នេះ​កម្មករ​កាត់ដេរ​នឹង​បើកប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនូ​ន​ ១៩៤​ ដុល្លារ​ ខណៈ​មានការ​មើលឃើញ​ថា ​ទីផ្សារ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នឹង​សម្បូរ​នៅ​ឆ្នាំ​ខាង​មុខ​ៗ…

រាជធានី​ភ្នំពេញ ៖​ ដាច់​ខែមករា​ ឆ្នាំ ​២០២២ ​នេះ​កម្មករ​កាត់ដេរ​នឹង​បើកប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនូ​ន​ ១៩៤​ ដុល្លារ​ ខណៈ​មានការ​មើលឃើញ​ថា ​ទីផ្សារ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នឹង​សម្បូរ​នៅ​ឆ្នាំ​ខាង​មុខ​ៗ ​។ គេ​សង្កេត​ឃើញ​ថា ​ទោះ​នៅ​ក្នុង​កាលៈទេសៈ​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ ​១៩ ​ក្តី​រោងចក្រ​កាត់ដេរ​បាន​បង្កើត​ជា​បន្តបន្ទាប់ ​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​អនុម័ត​គម្រោង​បង្កើត​រោងចក្រ​ថ្មី​ៗ​ជា​ហូរហែ​មាននៅភ្នំពេញ​ និង​តាម​ខេត្ត​នានា​ដូច​ជា ៖ ​កំពង់ស្ពឺ, ស្វាយ​រៀង និងក្រុងព្រះសីហនុ​ ជាដើម​ ។

លោក ​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​ បាន​សម្តែង​ការ​រីករាយ​នៅ​ពេល​មាន​រោងចក្រ​បើក​កាន់​ច្រើន ​បើ​ទោះបីជា​គម្រោង​ទាំងនោះ​មិន​អាច​ដំណើរការ​ភ្លាម​ៗ​យ៉ាងណា​ក្តី​ ។ តាម​លោក​ ស៊ី​ណា រោងចក្រ​ដែល​ទើប​ទទួល​បានការ​អនុញ្ញាត​ពេល​នេះ មិន​អាច​បង្កើត​ការងារ​បាន​ភ្លាម​ៗ​បាន​ទេ តែ​វា​នឹង​ជួយ​ផ្ដល់​ការងារ​នៅ​ពេល​អនាគត អាច​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ​ ។ លោក​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​វិនិយោគ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​បញ្ជាក់​ថា ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វាយ​ន​ភណ្ឌ​ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរការ​ និង​កាបូប​ជាដើម នៅ​តែ​ដើរតួ​នាទី​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា ជាក់ស្ដែង​ការ​នាំ​ចេញ​ផលិតផល​ទាំងនេះ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​ទឹកប្រាក់​ធំ​បើ​ធៀប​នឹង​ការ​នាំ​ចេញ​ផលិតផល​ផ្សេង​ទៀត ហើយ វិស័យ​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ផង​ដែរ ។

លោក ​ប៉ាវ ស៊ី​ណា រំពឹង​ថា នៅ​ពេល​ខាង​មុខ​នេះ ឧស្សាហកម្ម​កាត់ដេរ នឹង​កាន់តែ​មាន​ទទួល​បានការ​វិនិយោគ​ខ្លាំង​បន្ថែម​ទៀត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ខ្លាំង​ឡើង​ថែម​ទៀត​ផង​ដែរ ស្រប​ពេល​ប្រទេស​មួយ​ចំនួន​ដូច​ជា ៖ ​មី​យ៉ា​ន់​ម៉ា, បង់​ក្លា​ដេ​ស មាន​បញ្ហា​ផ្ទៃក្នុង​ និង​កូ​វី​ដ​ ១៩ ​នោះ ​។

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះនៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង​ និង​សម្ភារធ្វើ​ដំណើរ​បាន​ផ្ដល់​ការងារ​ដល់​កម្មករនិយោជិត​ដោយ​ផ្ទាល់​ប្រមាណ ​១​ លាន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​២​ លាន​នាក់​បន្ថែម​ទៀត ​។ ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​ ២០២២ មាន​ចំនួន ​១៩៤ ​ដុល្លារ​អា​មេ​រិ​ក ​។

កម្មករ​ជាច្រើន​នៅ​តែ​ត្អ​ញ​ថា ​ប្រាក់​របស់​ពួក​គេ​មិន​អាច​ធ្វើ​ឱ្យជីវភាព​ប្រសើរ​ខ្លាំង​នោះ​ទេ ទោះបី​អ្នកខ្លះ​បាន​ធ្វើ​ការងារ​នេះ​ជាង​១០ ​ឆ្នាំ​មក​ហើយ​ក្តី ​។ លោក​ សា​ម៉េ​ត វ័យ ៤១ ​ឆ្នាំ ដែល​ជា​កម្មករ​ខាង​ផ្នែក​ដេរ​សម្លៀក​បំពាក់​ជិត ​១០ ​ឆ្នាំ​មកហើយ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ​និយាយ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​រយៈ​ពេលពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​តិច​តូច​ណាស់​ ។ លោក​ថា​ មួយ​ឆ្នាំ​ឡើង ​២​ ដុល្លារ ហាក់​មិន​អាច​ជួយ​សម្រួល​ទៅ​ដល់​ជីវភាព​របស់​គាត់​បាន​ទេ ស្រប​ពេល​ដែល​ទំហំ​នៃ​ការ​ចំណាយ​លើ​ទំនិញ​នៅ​មិន​មាន​ទំនោរ​ថយ​ចុះ​ក្នុង​រយៈពេល ​២​ ឆ្នាំ​ចុង​ក្រោយ ដែល​ញាំញី​ដោយ​ជំងឺ​កូ​វី​ដ​ ១៩ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ