ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​មាន​ថាមពល​អគ្គិសនី​អាច​ឆក់​មនុស្ស​ឬ​សត្វ

7 ឆ្នាំ មុន

លក្ខណៈ​ទូទៅ
ដោយសារ​តែ​ប្រវែង​បណ្តោយ​ដ៏​វែង​របស់​វា និង​ទម្ងន់​២០​គីឡូក្រាម​ទើប​មនុស្ស​គ្រប់​គ្នា​ច្រឡំ​ថា​វា​ជា​អន្ទង់ តែ​ការណ៍​ពិត​វា​ជា​ត្រី​អគ្គិសនី​ខ្លួន​វែង​តែ​មួយ​គត់​ក្នុង​អម្បូរ​ត្រី Knifefish ឬ​ត្រី​កាំបិត ពោល​គឺជា​ប្រភេទ​ត្រី​ធំ​បំផុង​ក្នុង​ក្រុម​ត្រី

លក្ខណៈ​ទូទៅ
ដោយសារ​តែ​ប្រវែង​បណ្តោយ​ដ៏​វែង​របស់​វា និង​ទម្ងន់​២០​គីឡូក្រាម​ទើប​មនុស្ស​គ្រប់​គ្នា​ច្រឡំ​ថា​វា​ជា​អន្ទង់ តែ​ការណ៍​ពិត​វា​ជា​ត្រី​អគ្គិសនី​ខ្លួន​វែង​តែ​មួយ​គត់​ក្នុង​អម្បូរ​ត្រី Knifefish ឬ​ត្រី​កាំបិត ពោល​គឺជា​ប្រភេទ​ត្រី​ធំ​បំផុង​ក្នុង​ក្រុម​ត្រី Gymnotiformes ។ ត្រី​អគ្គិសនី​ជា​ប្រភេទ​ត្រី​ខុស​ប្លែក​ពី​ត្រី​ផ្សេង​ទៀត ពោល​គឺ​វា​មាន​ថាមពល​អគ្គិសនី​អាច​ឆក់​សត្វ​ក្នុង​ទឹក ឬ​មនុស្ស​បាន​ដោយ​កម្លាំង​ឆក់​ជិត​៩០០​វ៉ុល និង​ចរន្តអគ្គិសនី​១​អំពែ​ឯណោះ ។ ត្រី​អគ្គិសនី​ហែល​បាន ៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​មាន​អាយុ​កាលពី ១៥​ឆ្នាំទៅ​២២​ឆ្នាំ ។

សណ្ឋាន និង​សរីរាង្គ​ពិសេស
ដូច​បង្ហាញ​ក្នុង​រូប​ត្រី​អគ្គិសនី​មាន​ប្រវែង​ប្រហែល​២​ម៉ែត្រ និង​ខ្នង​ពណ៌​ប្រ​ផះ​ក្រមៅ ចំណែក​ពោះ​វិញ​ពណ៌​លឿង ឬ​ពណ៌​ទឹកក្រូច​។ វា​គ្មាន​ស្រកា​ទេ ។ ជា​ទូទៅ​ឈ្មោល​មាន​ទំហំ​តូច​ជាង​ញី ។ លក្ខណៈ​ពិសេស​របស់​ត្រី​អគ្គិសនី គឺ​មាន​សរីរាង្គ​ពោះ​៣​គូ ដូច​ជា​សរីរាង្គ​សំខាន់ សរីរាង្គ Hunter  និង​សរីរាង្គ Sach ដែល​ផលិត​ថាមពល​អ​គិ្គ​ស​នី ។

សរីរាង្គ​ទាំងនេះ​បង្កើត​ឡើង​ពី​សរីរាង្គ​អគ្គិសនី​ដែល​មាន​ចរន្ត​អីុយ៉ុ​ង​ហូរ​ចុះ​-​ឡើង​ក្នុង​រាង​កាយ ដូច្នេះ​ហើយ​ទើប​បង្កើត​ចរន្ត​ឆក់​ពីរ​ប្រភេទ​ផ្សេង​គ្នា គឺ​ចរន្ត​ឆក់​កម្រិត​វ៉ុល​ទាប (Low Volt) និង​ចរន្ត​ឆក់​កម្រិត​វ៉ុល​ខ្ពស់ (High Volt) ។ ត្រី​អគ្គិសនី​បញ្ចេញ​ចរន្ត​ឆក់​នៅ​ពេល​ដែល​វា​ឃើញ​ចំណី និង​សត្វ​ផ្សេង​ទៀត​ព្យាយាម​វាយប្រហារ​វា​ដោយ​កម្លាំង​ឆក់​មាន​រយៈពេល​២​វិនាទី ។ កម្លាំង​ឆក់​ជិត​៩០០​វ៉ុល និង​១​អំពែ​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​បាន​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចាប់​វា​ទេ​ព្រោះតែ​កម្លាំង​អគ្គិសនី​របស់​វា ។

ជម្រក និង​ការ​បន្ត​ពូជ
ជម្រក​របស់​ត្រី​អគ្គិសនី​នៅ​ទឹកសាប​ក្នុង​តំបន់​អា​ម៉ា​ហ្សូ​ន និង​ទន្លេ Orinoco ដែល​ជា​ទន្លេ​វែង​ជាងគេ​នៅ​ទ្វីបអាមេរិក​ខាងត្បូង ។ ក្រៅពី​នេះ​អ្នក​ស្រាវជ្រាវ​នឹង​ឃើញ​វា​ក្នុង​តំបន់​លិច​ទឹក វាល​ល្បាប់ ព្រែក និង​ទន្លេ តូច​ៗ ។ វា​តែងតែ​រស់នៅ​ក្នុង​បាត​ភក់ ឬ​ទឹកនឹង​។ អាហារ​របស់​ត្រី​អគ្គិសនី​គឺ​សត្វ​ឥត​ឆ្អឹង​កង ។ ដោយឡែក​ត្រី​អគ្គិសនី​ពេញវ័យ​ស៊ី​ត្រី និង​ថនិកសត្វ​ដូច​ជា​កណ្តុរ​ជាដើម ។ ត្រី​អគ្គិសនី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​ត្រី​មាន​វិធីសាស្ត្រ​បង្កាត់​ពូជ​ខុស​ប្លែក​ពី​ត្រី​ផ្សេង​ទៀត ពោល​គឺ​នៅ​រដូវក្តៅ​ឈ្មោល​ធ្វើ​សម្បុក​ពី​ទឹក​មាត់​របស់​វា​ដើម្បី​ឱ្យ​ញី​ក្រាប​ពង​ហើយ​ក្នុង​១​សម្បុក​អាច​ញាស់​កូន​ដល់​ទៅ​៣.០០០​ក្បាល​ឯណោះ ៕