ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ថា​លោក សម រ​ង្ស៊ី មួលបង្កាច់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​លើក​ឡើង​ថា​បរទេស​ដែល​ជា​ម្ចាស់​ជំនួយ​មាន​ជម្រើស​ពីរ ស្តី​ពី​ជំនួយ​អន្តរជាតិ​មក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​លើក​ឡើង​ថា​បរទេស​ដែល​ជា​ម្ចាស់​ជំនួយ​មាន​ជម្រើស​ពីរ ស្តី​ពី​ជំនួយ​អន្តរជាតិ​មក​កម្ពុជា ។ ប៉ុន្តែ​ការ​លើក​ឡើងទាំង​ប៉ុន្មាន​របស់​លោក សម រ​ង្ស៊ីនោះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​ពិត​នោះ​ទេ ជា​សម្ដី​អួតអាង ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៦ ថា ជម្រើស​ទី​១ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ ចេះ​កែខ្លួន​ឈប់​គាបសង្កត់​ប្រជាពលរដ្ឋ ឈប់​រំលោភសិទ្ធិ​មនុស្ស ហើយ​ឈប់​ចាប់​ប្រជារាស្ត្រ ធ្វើ​ជា​ចំណាប់ខ្មាំង ចំពោះ​មុខ​ម្ចាស់​ជំនួយ​បរទេស​ពេល​នោះ ប្រជាពលរដ្ឋ​ទទួល​បាន​សេរីភាព ហើយ​អំណាច​ផ្តាច់​ការ​ត្រូវ​បាន​បញ្ចប់ ប្រទេស​កម្ពុជា​ទទួល​បាន​ជំនួយ​អន្តរជាតិ កាន់តែ​ច្រើន កិត្តិយស​ប្រទេស​ជាតិ ត្រូវ​បាន​ស្តារ​ឡើង​វិញ ព្រោះ​មាន​មេដឹកនាំ ដែល​គេ​អាច​គោរព​បាន ។

ជម្រើស​ទី​២ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ មិន​ព្រម​កែខ្លួន នៅ​តែ​គាបសង្កត់​ប្រជាពលរដ្ឋ នៅ​តែ​រំលោភសិទ្ធិ​មនុស្ស ហើយ​នៅ​តែ​ចាប់​ប្រជារាស្ត្រ​ធ្វើ​ជា​ចំណាប់ខ្មាំង ចំពោះ​មុខ​ម្ចាស់​ជំនួយ​បរទេស​ពេល​នោះ ប្រជាពលរដ្ឋ​នៅ​តែ​គ្មាន​សេរីភាព ហើយ​អំណាច​ផ្តាច់​ការ​នៅ​តែ​បន្ត ​ជំនួយ​អន្តរជាតិ​អាច​ត្រូវ​គេ​កាត់​ផ្តាច់ ឬ​កាត់​បន្ថយ កិត្តិយស​ប្រទេស​នៅ​តែ​អាប់ឱន ដោយសារ​មេដឹកនាំ​ប្រទេស​ប្រព្រឹត្ត​អំពើ​មិន​ថ្លៃថ្នូរ ដូច​សព្វថ្ងៃ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក សម រ​ង្ស៊ី បាន​លើក​ឡើងជា​សំណួរ​ថា តើ​គួរ​យក​ជម្រើស​មួយ​ណា? ។

ចំពោះ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​តប​ភ្លាម​ៗ​ថា ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង គឺជា​ការ​មិន​ពិត ព្រោះថា មេ​បក្ស​ប្រឆាំង តែងតែ​និយាយ​ខុស​ពី​ការ​ពិត ចង់​ឲ្យ​គេ​ជឿ​ទុកចិត្ត​និង​បោះ​ឆ្នោត​ឱ្យ​ខ្លួន ទើប​ដើរ​និយាយ​យក​តែ​ខ្លួន​ត្រូវ​រហូត ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា លោក សម រ​ង្ស៊ី ត្រូវ​កែខ្លួន​ពី​ការ​មូល​បង្កាច់ និង​បរិហា​កេរ្តិ៍​គេឯង ។

លោក​បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន មានអី​ត្រូវ​កែខ្លួន ព្រោះ​នាយក​រដ្ឋមន្ត្រី​មានអី​ប្រព្រឹត្ត​ខុស មាន​តែ​លោក សម រ​ង្ស៊ី ទេ ដែល​ត្រួ​វ​កែខ្លួន​នោះ ។ បើ​ធ្វើ​អី​មិន​បាន​ផល​ដល់​ប្រយោជន៍​របស់​ជាតិ កុំ​និយាយ​មូល​បង្កាច់ និង​បរិហា​កេរ្តិ៍ នោះ​ជា​ទម្លាប់​របស់​គាត់​តាំងពី​ដើម​មក​» ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បន្ថែម​ថា លោក សម រ​ង្ស៊ី តែងតែ​ប្រាប់​គេឯង​ឲ្យ​កែ​ទំលាប់ ប៉ុន្តែ​លោក​ផ្ទាល់​អត់​ព្រម​កែប្រែ​ទេ​។ លោក​ថា វា​មិន​ដែល​ប្រជាពលរដ្ឋ​ណា​អត់​សិទ្ធិ​សេរីភាព គឺ​គាត់​តើ​ថា​អត់​សិទ្ធិ​សេរីភាព​នោះ ប្រជាពលរដ្ឋ​គេ​កំពុង​តែ​មាន​សិទ្ធិ​សេរីភាព​ទូលំទូលាយ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ថា មាន​តែ​គណបក្សប្រឆាំង​នោះ​ទេ ដែល​និយាយ​មូល​បង្កាច់​សភាពការណ៍ និង​និយាយ​សម្ដី​អសុរោះ គ្មាន​សីលធម៌​នយោបាយ ដែល​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា ផ្ដាច់​ការ​និង​លុប​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​សម្ដី​នេះ ពិតជា​ខ្វះ​សីលធម៌​នយោបាយ ។

ក្រុម​អ្នកវិភាគ​ថា ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង និង​គណបក្សកាន់អំណាច​នោះ​កំពុង​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​គាំទ្រ និង​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧- ២០១៨ ខាង​មុខ ។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​នាំ​គ្នា​លើក​ឡើង​ថា គណបក្សប្រឆាំង មិន​គួរ​ធ្វើការ​ញុះញង់ និង​គៀរគរ​ឲ្យ​អន្តរជាតិ​ផ្តាច់ជំនួយ​មក​ប្រទេស​កម្ពុជា​នោះ​ទេ ពីព្រោះ​ថា ការ​ធ្វើ​បែប​នេះ​នឹង​បង្ករ​ផលវិបាក​ដល់​ប្រទេស ពិសេស​ដល់​ពលរដ្ឋ​។ គឺ​ត្រូវ​យក​ដំណោះស្រាយ​ណាមួយ ដែល​សម​ស្រប​ជាមួយ​បក្ស​កាន់​អំណាច មិនមែន​ចេះ​តែ​ប្រឆាំង​គ្រប់​ម្រាមដៃ​នោះ​ទេ ។

ចំពោះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ក្នុង​សង្គម​ប្រជាធិបតេយ្យ កិច្ចការ​បោះ​ឆ្នោត ជា​រឿង​មួយ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ជ្រើសរើស​អ្នកតំណាង ទាំង​តំណាង​មូលដ្ឋាន​ទាំង​តំណាង​ថ្នាក់​ជាតិ ។

ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ គឺ​សំដៅ​ទៅ​លើ​គោលនយោបាយ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ ដែល​ជា​ការ​ប្រកួតប្រជែង​មួយ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​យក​ទស្សនៈ​គំនិត​កម្មវិធី​នយោបាយ ក្នុង​ការ​រៀបចំ និង​អភិវឌ្ឍ​សង្គម​ជាតិ​មួយ ដែល​ខ្លួន​ពេញចិត្ត ក្នុង​នាម​រាស្ត្រ​ជា​ម្ចាស់​វាសនា​ប្រទេស​ជាតិ​របស់​ខ្លួន ។

គូរ​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (​គជ​ប​) ត្រូវ​បាន​បង្កើត​ឡើង ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក៏​ត្រូវ​បាន​អនុម័ត​ហើយ​ដែរ ។ គ​.​ជ​.​ប បាន​កំណត់​រៀបចំ​មន្ត្រី​កិច្ចសន្យា​មួយ​ចំនួន បាន​កំណត់​កាលបរិច្ឆេទ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក៏​បាន​កំណត់​រួចរាល់​ហើយ​ដែរ គឺ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ៕