ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​6​ខែ​ដើមឆ្នាំ រលក​បាតុកម្ម​-​កូដកម្ម របស់​កម្មករ​បាន​ថយ​ចុះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា បើ​គិត​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦ ឬ​គិត​ចាប់​តាំង​តែ​ពី​ខែមករា​ដល់​ដំណាច់ខែ​មិថុនា​ឆ្នាំ​នេះ

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា បើ​គិត​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦ ឬ​គិត​ចាប់​តាំង​តែ​ពី​ខែមករា​ដល់​ដំណាច់ខែ​មិថុនា​ឆ្នាំ​នេះ ការ​ធ្វើ​បាតុកម្ម កូដកម្ម​របស់​កម្មករកម្មការិនី​នៅ​តាម​បណ្តា​រោងចក្រ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត មានការ​ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​កន្លង​មក ។ 

លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​ថ្លែង​បែប​នេះ ក្រោយ​ពី​បញ្ចប់​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ការ​ពង្រឹងគុណភាព និង​ផលិតភាព​ការងារ​»​ដែល​បាន​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា កន្លង​មក ។

ថ្លែង​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​បាតុកម្ម កូដកម្ម​របស់​កម្មករ​កម្មការិនី ដោយសារ​តែ​ផ្តើម​ចេញ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ និង​ពិសេស​បណ្តា​និយោជក​មានការ​ចាស់ទុំ​ផ្នែក​ការងារ ។ នៅ​ពេល​មាន​បញ្ហា​កើតឡើង តែង​មានការ​សម្របសម្រួល​គ្នា​ជាមួយ​កម្មករនិយោជិត ហេតុនេះ​ហើយ​ទើប​បញ្ហា​មួយ​ចំនួន​បាន​ដោះស្រាយ​ចេញ​ដោយ​មិនកើត​មាន​ដូច​កាលពីមុន​ទៀត ។ ដោយឡែក​ខាង​សហជីព នា​ពេល​បច្ចុប្បន្ន​បាន​យល់​អំពី​បញ្ហា​ផ្លូវច្បាប់​កាន់តែ​ច្រើន ហេតុនេះ​ទើប​គេ​ឃើញ​ថា ការ​ធ្វើ​បាតុកម្ម កូដកម្ម បាន​ធ្លាក់​ចុះ​នា​រយៈពេល​ចុង​ក្រោយ​នេះ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​បើ​មាន​ក៏​នៅ​តិចតួច​ដែរ ព្រោះថា​នា​ពេល​បច្ចុប្បន្ន​វិធានការ​ច្បាប់​បាន​រឹត​បន្តឹង ។ ពិសេស​ចុង​ក្រោយ​នេះ យើង​បាន​អនុ​ម័ត្រ​ច្បាប​ស្តី​ពី​សហជីព គឺ​វា​បាន​ជួយ​រំឭក​ឱ្យ​គ្រប់​ភាគី​គោរព​ទៅ​តាម​អ្វី​ដែល​ត្រឹមត្រូវ​តាម​ច្បាប់ ហេតុនេះ​បើ​យើង​មានច្បាប់​ហើយ​គ្មាន​នរណា​អាច​បំពាន​ច្បាប់​បាន​ឡើយ​» ។

ទាក់ទិន​នឹង​ការ​ធ្វើ​បាតុកម្ម កូដកម្ម របស់​កម្មករនិយោជិត​នេះ​ដែរ លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា មួយ​ចំនួន​គឺ​ផ្តើម​ចេញពី​ក្រុម​សហជីព​ជា​អ្នក​បង្ក​ឡើង ក្នុង​នោះ​ដូច​ជា​នៅ​ពេល​បញ្ចប់​កិច្ចសន្យា ហើយ​ថៅកែ​រោងចក្រ​គេ​មិន​បន្ត​កិច្ចសន្យា​ទៀត ទើប​ជា​មូលហេតុ​ធ្វើ​ឱ្យ​មានការ​ចោទប្រកាន់​ថៅកែ​រោងចក្រ​ថា រើសអើង​សហជីព និង​ជា​មូលហេតុ​នាំ​ឱ្យ​មានការ​បំផុស​កម្មករនិយោជិត​ធ្វើ​បាតុកម្ម​ឡើង ។ ក្រៅពី​នេះ ក៏​កើត​មាន​បញ្ហា​ទៅ​លើ​រោងចក្រ​ដួល​រលំ ហើយ​មិន​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​ដល់​កម្មករនិយោជិត ក៏​បង្កើត​ជា​ការ​ប្រឆាំង​តវ៉ា​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​របស់​ពួក​គេ ។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា «​នៅ​ពេល​កើត​បញ្ហា​ឡើង មន្ត្រី​របស់​ក្រសួង​បាន​ប្រញាប់​ទៅ​អន្តរាគមន៍ ប៉ុន្តែ​បើ​មិន​បាន​ទាន់​ពេលវេលា​ពួក​គេ​តែង​ប្រមូលផ្តុំ​ដើម្បី​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គ​» ។

សូម​បញ្ជាក់​ថា ក្នុង​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​វិស័យ​ការងារ​ក៏​ដូច​ជា​កាត់​បន្ថយ​ទំនាស់​ការងារ​នោះ កន្លង​មក​ក្រសួង​ការងារ​បាន​ពង្រឹង​យន្តការ​របស់​ខ្លួន ដូច​ជា​ដោះស្រាយ​វិវាទ​ការងារ​តាម​រយៈ​អង្គការ​ក្រោម​ឱវាទ​ក្រសួង មាន​ជា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គណៈកម្មការ​ប្រឹក្សា​ការងារ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា និង​យន្តការ​ផ្សេង​ៗ​ទៀត ដែល​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​និង​ដោះស្រាយ​វិវាទ​ឱ្យ​បាន​ទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ ក្រសួង​នឹង​លើកកម្ពស់​សិទ្ធិ​និង​ផលប្រយោជន៍​របស់​កម្មករនិយោជិត​និង​និយោជក​(​ថៅកែ​) ដូច​ជា​ការ​ចុះ​បញ្ជិកា​អង្គការ​វិជ្ជាជីវៈ ភាព​ជា​តំណាង​របស់​សហជីព ការ​ចុះ​អនុសញ្ញា​រួម ពង្រីក​ការ​ផ្សព្វផ្សាយ​អនុសញ្ញា​រួម​ឱ្យ​បាន​ទូលំទូលាយ និង​ជំរុញ​ការ​អនុវត្ត​អនុសញ្ញា​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។ ក្នុង​យុទ្ធសាស្ត្រ​ទាំង​អស់នេះ​ដែរ ទើប​ជំរុញ​ឱ្យ​ការ​ធ្វើ​កូដកម្ម​កាន់តែ​ថមថយ​ចុះ ហើយ​ទាំង​កម្មករ និង​និយោជក​ទទួល​បាន​ផលប្រយោជន៍​ដូច​គ្នា ៕