ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ផ្តល់ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មករ​កាត់ដេ​រ តែ​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍ នៅ​បន្ត​!

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ចាប់ពី​ខែមករា ឆ្នាំ​២០២២ នេះ​តទៅ រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការផ្តល់ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មករនិយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង…

​ភ្នំពេញ​៖ ចាប់ពី​ខែមករា ឆ្នាំ​២០២២ នេះ​តទៅ រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការផ្តល់ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មករនិយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​។ ក៏ប៉ុន្តែ​កម្មករនិយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដដែល រហូតដល់​វិស័យនេះ មាន​សភាព​ធូរស្បើយ​ជាង​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ​។​

​សេចក្តីប្រកាស លើកឡើងថា ដោយសារតែ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​រោងចក្រ​សហគ្រាស ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​ធ្វើ​ឲ្យ​រោងចក្រ សហគ្រាស ភាគច្រើន បានចាប់ផ្តើម មានដំណើរ​ការ​ជា​ប្រក្រតី​ឡើងវិញ និង​យោង​សេចក្តីជូនដំណឹងរ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​បងប្អូន​កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច​បញ្ចប់​ការអនុវត្ត​វិធានការ​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ ចំនួន ៤០​ដុល្លារ​អាមេរិក ក្នុង ១​ខែ សម្រាប់​កម្មករនិយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល ធ្វើដំណើរ និង​កាបូប គិត​ចាប់ពី​ខែមករា ឆ្នាំ​២០២២ តទៅ​។​

​សេចក្តីប្រកាស លើកឡើងថា ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ត្រូវអនុវត្ត​ការព្យួរ​កិច្ចសន្យាការងារ ស្របតាម​ខ្លឹមសារ​មាត្រា ៧១ និង​៧២ នៃ​ច្បាប់​ស្តីពី​ការងារ ឬ​តាម​ការព្រមព្រៀង​គ្នា​រវាង​និយោជក និង​កម្មករនិយោជិត​។​

​សូម​រម្លឹកថា ក្នុងអំឡុងពេល​កូ​វីដ ឆ្លង​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា​យើង ក៏ដូចជា​ពិភពលោក កាលពីដើមឆ្នាំ​២០២០ គឺ​រាជរដ្ឋាភិបាល បានសម្រេច​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​អាមេរិក ក្នុង​មួយខែ សម្រាប់​កម្មករ​-​និយោជិត​ម្នាក់ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​ព្យួរការងារ ដោយសារ​រោងចក្រ ឬ​ក្រុមហ៊ុន​បិទទ្វារ​។ ចំណែក​ម្ចាស់​រោងចក្រ​-​សហគ្រាស ឬ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​បន្ថែមចំនួន ៣០​ដុល្លារ សម្រាប់​កម្មករ​-​និយោជិត​ម្នាក់​។ ជា​សរុប កម្មករ​-​និយោជិត​ម្នាក់ ដែល​មិនមាន​ការងារ​ធ្វើ ក្នុងអំឡុងពេល​កូ​វីដ ទទួលបាន ៧០​ដុល្លារ ក្នុង​មួយខែ​។​

​ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បាន​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ​, ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ជាដើម​។ ក្នុងនោះ ក៏មាន​ការអនុគ្រោះ​ដល់​រោងចក្រ​, សហគ្រាស និង​អាជីវកម្ម​ក្នុង​គ្រប់​វិស័យ  ពន្យារពេល​ទូទាត់​ប្រាក់​រំលឹក ប្រាក់​បំណាច់​អតីតភាព​ការងារ មុន​ឆ្នាំ​២០១៩ និង​ការទូទាត់​ប្រាក់​បំណាច់ អតីតភាព​ការងារ សម្រាប់​ឆ្នាំ​២០២០ និង​២០២១ ទៅ​ឆ្នាំ​២០២២។

ក្រៅពីនោះ គ្រួសារក្រីក្រ និងអ្នកបាត់បង់ការងារ ក្នុងអំឡុងពេលកូវីដ ក៏ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភរៀងរាល់ខែ រហូតដល់ពេលនេះ ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ