រាជធានីភ្នំពេញ ៖ ដំណើរទស្សនកិច្ចសិក្សា និងការងារសង្គមកិច្ចគឺជាសកម្មភាពដែលសាលារៀនវ៉េស្ទឡាញន៍គ្រប់សាខាតែងតែរៀបចំជាទៀងទាត់សម្រាប់សិស្សានុសិស្ស។ គោលបំណងនៃកម្មវិធីនេះគឺឲ្យសិស្សានុសិស្សធ្វើការសិក្សា និងស្រាវជ្រាវផ្ទាល់អំពីប្រធានបទទាំងឡាយដែលសាលាបានកំណត់ដើម្បីស្វែងយល់អំពីតំបន់ទេសចរណ៍ ទីតាំងប្រវត្តិសាស្ត្រ ប្រភេទរុក្ខជាតិ ការថែរក្សាបរិស្ថាន និងស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ផ្សេងៗ និងជាពិសេសគឺដើម្បីប្អូនៗសិស្សានុសិស្សចេះចូលរួមការងារសប្បុរសធម៌សង្គមកិច្ចផងដែរ ។
ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ សាលារៀនវ៉េស្ទឡាញន៍ សាខាដូនពេញ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ វត្តនគរបាជ័យ ភ្នំហាន់ជ័យ និងក្បាលទឹក ស្ថិតនៅក្នុងខេត្តកំពង់ចាម ។ អមជាមួយនឹងដំណើរទស្សនកិច្ចសិក្សានេះផងដែរ គណៈនាយក បុគ្គលិក លោកគ្រូ អ្នកគ្រូ បានដឹកនាំសិស្សានុសិស្សចូលរួមធ្វើការងារសង្គមកិច្ចនៅអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍដោយបាននាំយកសម្ភារសិក្សាទៅចែកជូនប្អូនៗកុមាររស់នៅក្នុងអង្គការចំនួន៨០នាក់ ។ នៅពេលអញ្ជើញទៅដល់អង្គការនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតអំពីសំណាក់តំណាងអង្គការ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ព្រមទាំងនិស្សិតស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកដែលញ៉ាំងឲ្យកម្មវិធីនេះប្រកបដោយការសាមគ្គីភាព ការចែករំលែក និងភាពសប្បាយរីករាយក្រៃលែង ។
មានមតិស្វាគមន៍ លោកតំណាងអង្គការក្នុងនាម បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងនិស្សិតស្ម័គ្រចិត្តដែលមកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលារៀនវ៉េស្ទឡាញន៍ សាខាដូនពេញ ដែលបានដឹកនាំបុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបាននាំយកនូវសម្ភារសិក្សា និងថវិកាមួយចំនួន ដើម្បីប្រគល់ជូនអង្គការ និងសិស្សានុសិស្ស ។ ជាមួយគ្នានោះដែរ លោក ប៊ួយ បូរិន នាយកសាលារៀនវ៉េស្ទឡាញន៍សាខាដូនពេញ បានលើកឡើងអំពីការចែករំលែកនូវសម្ភារសិក្សាដល់អង្គការ និងប្អូនៗសិស្សានុសិស្ស ដែលសម្ភារសិក្សាទាំងនេះបានមកពីការឧបត្ថម្ភពីសំណាក់បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមឧបត្ថម្ភ និងចែករំលែកក្នុងសណ្តានចិត្តស្រឡាញ់និងអាណិតអាសូរ ។ លើសពីនេះទៅទៀត លោកនាយកក៏បានជំរុញឲ្យប្អូនៗសិស្សា នុសិស្សត្រូវមានសាមគ្គីភាពល្អ ស្រឡាញ់គ្នា និងចេះចែករំលែកគ្នាទៅវិញទៅមកនូវរបស់ប្រើប្រាស់ និងការផ្តោះប្តូរគំនិតគ្នាដើម្បីឲ្យការរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គល ព្រមទាំងខិតខំរៀនសូត្រដើម្បីក្លាយជាទំពាំងស្នងឫស្សីសម្រាប់បម្រើប្រទេសជាតិនាពេលអនាគត និងចាកឆ្ងាយពីគ្រឿងញៀណ និងល្បែងអបាយមុខផ្សេងៗ ។
បន្ទាប់ពីមតិសំណេះសំណាលចប់ អ្នកសម្របសម្រួលកម្មវិធីបានរៀបចំឲ្យសិស្សានុសិស្សសាលារៀនវ៉េស្ទឡាញន៍ចែកសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្ស ដែលស្នាក់នៅក្នុងអង្គការប្រកបដោយទឹកមុខរីករាយរាក់ទាក់ ។
មុនបញ្ចប់ពិធី លោកប៊ួយ បូរិន ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់លោកតំណាងអង្គការ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង ។ បន្ទាប់ពីធ្វើការងារសង្គមកិច្ចរួចមក គណៈនាយក បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក៏បានទស្សនា គយគន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលបំផុត សម្រាប់លំហែ អារម្មណ៍ និងជាកន្លែងស្រូបយកបរិយាកាសដ៏បរិសុទ្ធ ដែលជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាយ៉ាងច្រើនកុះករ ។ សិស្សានុសិស្ស បានដើរទស្សនារមណីយដ្ឋាន និងលេងល្បែងកម្សាន្ត ដើម្បីបង្កើនសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា ព្រមទាំងឲ្យសិស្សានុសិស្សចេះធ្វើការ ជាក្រុម ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សា និងការងារសង្គមកិច្ចនេះ គណៈនាយក បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស មានទឹកមុខប្រកបដោយភាពសប្បាយរីករាយ និងចងចាំមិនភ្លេចនូវសកម្មភាពទាំងឡាយ និងធ្វើដំណើរត្រឡប់មកកាន់សាលារៀនវ៉េស្ទឡាញន៍ សាខាដូនពេញវិញនៅវេលាម៉ោង៥និង៣០នាទីល្ងាច ប្រកបដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ