រាជធានីភ្នំពេញ ៖ សាលាអន្តរជាតិ Westline បានចាប់ដៃជាមួយសាលាតន្ត្រី Allegro មកពីប្រទេសម៉ាឡេស៊ី ដើម្បីបណ្ដុះបណ្ដាលតូរ្យតន្ត្រីលក្ខណៈអន្តរជាតិដល់សិស្សាសិស្សរបស់ខ្លួន ក្នុងគោលបំណងជួយជំរុញឱ្យវិស័យសិល្បៈខ្មែរ កាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ និងដើម្បីបង្កើតបរិយាកាសឱ្យសិស្សកាន់តែមានការចាប់អារម្មណ៍ក្នុងការសិក្សា ដោយមិនធុញទ្រាន់ ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសាលាអន្តរជាតិWestline និងសាលាតូរ្យតន្ត្រី Allegro លោក ប៉ិច បូឡែន នាយកប្រតិបត្តិក្រុមហ៊ុន Westline Group បានឱ្យដឹងថា វិស័យតន្ត្រីនឹងបង្កើតនូវលទ្ធផលការសិក្សារបស់សិស្សឲ្យបានល្អប្រសើរជាងមុន ដូចនេះសាលាWestline បានបង្កើតឲ្យមានក្រុមតន្ត្រីឡើងមុននឹងកិច្ចសហការនេះទៅទៀត។ ក្រោយពីមានកិច្ចសហការនេះ យើងជឿថា សិស្សរបស់យើងនឹងមានជំនាញកាន់តែស្ទាត់ជំនាញជាមួយនឹងការប្រគំតន្ត្រីជាលក្ខណៈអន្តរជាតិ ។
លោក ប៉ិច បូឡែន បន្តថា ក្រុមហ៊ុន Westline Group តែងរកមធ្យោបាយនានា ដើម្បីឲ្យសិស្សរបស់យើងចង់មកសាលា និងចង់រៀន ។ ដូចជាពេលនេះ បើសិនជាយើងមានកម្មវិធីតន្ត្រីមួយទៀតសម្រាប់ពួកគាត់ នោះយើងជឿជាក់ថា ពួកគាត់នឹងកាន់តែចង់រៀនចង់មកសាលា ។ ប៉ុន្ទែមិនមែនយើងឱ្យពួកគាត់ចូលចិត្តមករៀនតែនៅសលាទេ យើងក៏បានបំផុសគំនិតឲ្យសិស្សយើងចូលចិត្តសិក្សានៅផ្ទះផងដែរ ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកជំនាញផ្នែកតន្ត្រី នៅកម្ពុជា ហើយនិងក្លាយជាទីប្រឹក្សាផ្នែកតន្ត្រីនៅសាលាWestline ថ្លែងថា វិស័យតូរ្យតន្ត្រីគឺជាទស្សនវិជ្ជារួមមួយ ដែលប្រទេសណាក៏បានសិក្សាពីតូរ្យតន្ត្រីនេះដែរ ។ តាមរយៈតន្ត្រីនេះ ក៏អាចធ្វើឲ្យប្រទេសផ្សេងៗគ្នាស្គាល់គ្នា និងមានទំនាក់ទំនងជាមួយគ្នាបានដែរ ។
លោករដ្ឋលេខាធិការបន្តថា បើនិយាយពីសិល្បៈគឺទូលំទូលាយណាស់ ហើយមនុស្សម្នាក់ៗសុទ្ធតែមានសិល្បៈរៀងៗខ្លួនដូចជា ការតុបតែងខ្លួន ការស្លៀកពាក់ តែសម្រាប់តូរ្យតន្ត្រី ចម្រៀង និងការសម្ដែង គឺជាសិល្បៈមួយផ្នែកដែលត្រូវសិក្សា ។ តាមការសង្កេត មេដឹកនាំប្រទេសមួយចំនួន ក៏មានចំណេះដឹងផ្នែកសិល្បៈដែរ ដូចជាការលេងឧបករណ៍តន្ត្រី និងការសម្ដែង ជាក់ស្ដែងអតីតព្រះមហាវីរក្សត្ររបស់យើងជាដើម ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Westline Education Group បច្ចុប្បន្ននេះកំពុងដំណើរការសាលារៀនចំនួន១១ ក្នុងនោះមានសាលារៀន Westline ចំនួន៧ សាលារៀន Northline ចំនួន១ សាលាអន្តរជាតិ Apple Tree ចំនួន១ សាលាអន្តរជាតិ Forest Hill ចំនួន២ ដែលមានសិស្សសរុបប្រមាណ១ម៉ឺននាក់ ជាមួយក្រុមហ៊ុនបណ្ដុះបណ្ដាល ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់អាជីវកម្មចំនួន ១ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាចិន Chang Cheng ចំនួន១ ។ សព្វថ្ងៃ Wesline Education Group មានបុគ្គលិកនិងគ្រូបង្រៀនសរុបជាង១ពាន់នាក់ ៕
ចែករំលែកព័តមាននេះ