រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដរាងស្ល៊ីម ទឹម រដ្ឋា បានធ្វើអោយអ្នកតាមដានរឿងស្នេហារបស់នាងជាមួយនឹងគូស្នេហ៍នៅអាមេរិក បានដើរដល់ស្ថានភាពបែបណា ក្នុងពេលដែលនាង និងម្ចាស់បេះដូងស្រឡាញ់គ្នាជាង៥ឆ្នាំមកហើយ។
នាងមិនដែលខកការសន្យានោះទេ ចំពោះចំណងប្រាំប្រការ ដោយរមែងចិញ្ចឹមចិត្តរៀបការ អោយផ្អើលគេឯងសមជាតារាល្បីឈ្មោះ។ នេះជាដំណឹងល្អមួយ ដែលមានការទម្លាយថា ស្រីស្អាត ទឹម រដ្ឋា ត្រៀមខ្លួនធ្វើជាកូនក្រមុំតួឯកឆាប់ៗនេះ ដោយនាងបានចូលរោងសំពះផ្ទឹមនៅចុងខែមីនា ឆ្នាំ២០២២ គឺនៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះហើយ»។
ដោយសារវិបត្តិកូវីដផ្ទុះឡើងកាលពីរយៈពេលជាច្រើនខែមុន បានធ្វើអោយអ្វីៗផ្អិបចោលជាច្រើនគ្រប់ទម្រង់។ ហើយពេលនេះ ស្ថានការកូវីដ១៩ បានស្ងប់ត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយនាប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាសិល្បៈជាច្រើននាក់បានរីកមុខមាត់ ហូរចូលការងារដូចមុន។ រីឯអ្នកមានគម្រោងរៀបមង្គលការ ក៏ចាប់ផ្តើមសម្លឹងមើលគន់គូរ រកពាលាជ័យ ដើម្បីដាក់ថ្ងៃកំណត់ចូលរោងតាមច្បាប់ឡើងវិញផងដែរ។
យ៉ាងណាមិញ ទឹម រដ្ឋា ដែលសម្រេចប្រគល់បេះដូងអោយទៅកំលោះបរទេស ក៏ធ្លាប់ខកចិត្តរឿងរៀបការអោយញាតិដឹងឭ ព្រោះថា ប៉ះទង្គិចដោយស្ថានភាពជំងឺកូវីដ១៩នេះដែរ។ នាងបានរង់ចាំភាពស្បើយមួយនេះជាយូរខែមកដែរ ទំរាំតែឆ្លងដល់ដំណាក់កាលល្អ រដ្ឋា ចាំឡើងចង់ស្កក។
ក្រោយស្ថានការល្អ មានហ្វេនៗជាច្រើន បានលើកឡើងថា ឆ្នាំ២០២២ ទឹម រដ្ឋា អាចដឹកដៃគូស្នេហ៍ចូលរោងជ័យអោយផ្អើលគេឯងបានទេ បើស្រុកទេសវិលមករកភាពល្អឡើងវិញ។ នាងរមែងតែនិយាយថា បើរៀបការទាល់តែមេរោគកូវីដឈប់ចម្លង ដោយមិនចង់ប្រឈមនឹងបញ្ហា។ ប្រការនេះហើយ រដ្ឋា ប្រហែលជានាងអាចលៃលកសមគួរហើយចំពោះឱកាសសំពះផ្ទឹមក្នុងឆ្នាំថ្មីនេះ។
ទឹម រដ្ឋា បានបញ្ជាក់ថា ជាការពិត នៅចុងខែមីនា ខាងមុខនេះ នាងពិតជារៀបការតាមការគិតគូរួចរាល់អស់ហើយ នៅចាំតែពេលវេលាមកដល់។ មង្គលការរបស់នាង ធ្វើនៅកន្លែងលំដាប់មួយនៅក្នុងក្រុងភ្នំពេញនេះឯង ហើយមិនធ្លាប់មានអ្នកនឹកឃើញការ និងធានាថាប្លែកខ្លាំង ពិសេសបំផុត។
រដ្ឋាលើកបន្តថា តាមផែនការ នាងនឹងឡើងទៅរៀបការនៅអាមេរិកម្តងទៀតទីកន្លែងស្វាមី ។ ម្យ៉ាងទៀត ខាងសាច់ញាតិគូស្នេហ៍នាង ក៏ចង់ឃើញកូនគាត់ការនៅអាមេរិកដែរ។ នេះជាឱកាសដ៏ល្អដែលនាងរង់ចាំយូរមកហើយ ។ នាងនិងរក្សាចំណងស្នេហាមួយនេះអោយបានគង់វង្សយូរអង្វែង ។
អនាគតស្វាមី ទឹម រដ្ឋា ជាអ្នកជំនួញផ្នែក អចលនទ្រព្យ ដ៏ប៉ិនប្រសព្វម្នាក់។ នាងកំពុងតែតាមដានរៀនជំនាញនេះពីស្វាមី ហើយក៏បានត្រៀមខ្លួនរួចហើយសម្រាប់ការឈានជើងចូលមកវិស័យនេះជាមួយស្វាមី។ បានស្វាមីហំ ក៏ពិតមែន តែ រដ្ឋា តារារាងស្ល៊ីមរូបនេះ មិនបោះបង់សិល្បៈចោលនោះទេ ព្រោះជាកិច្ចការដែលស្រឡាញ់ និងតស៊ូអស់ជាច្រើនឆ្នាំមកហើយ។ ឆ្នាំថ្មីនេះ ទឹម រដ្ឋា អះអាងថា មានអ្វីប្លែកៗ ដែលនាងបានរៀបចំទុកជាស្រេច ចែកជូនដល់អ្នកគាំទ្រ។
ចែករំលែកព័តមាននេះ