ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ស្វាយ​ខ្មែរ ខណៈ​តម្រូវ​​ការ​ផ្លែ​ឈើប្រណីត​កើនឡើង

2 ឆ្នាំ មុន

ចិន ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក ឈុំ ឆាំ (Chum Chamm) ដែល​ជា​កសិករ​ដាំ​ស្វាយ​នៅ​ខេត្តកំពង់ស្ពឺ បានឃើញ​

ចិន ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក ឈុំ ឆាំ (Chum Chamm) ដែល​ជា​កសិករ​ដាំ​ស្វាយ​នៅ​ខេត្តកំពង់ស្ពឺ បានឃើញ​ឈ្មួញ​វៀតណាម​ចូល​មក​ចម្ការ​ខ្មែរ​ដើម្បី​ប្រមូល​ទិញ​ផ្លែ​ឈើ​។

ឈ្មួញ​វៀតណាម​ទាំងនោះ​តែង​នាំ​យក​កម្មករ​ខ្លួនឯង​មក​បេះ និង​ខ្ចប់​ផ្លែ​ឈើ​ជាមួយ​ក្រដាស​ពណ៌​ត្នោត​ដោយ​ដាក់​ស្លាក​កញ្ចប់​ជា​ភាសា​ចិន មុន​ពេល​ដឹក​ផលិតផល​ទាំងនោះ​ទៅ​កាន់​ប្រទេស​ចិន និង​តំបន់​ផ្សេង​ៗ​ទៀត​។

លោក​ឈុំ ឆាំ កសិករ​វ័យ ៤៣​ឆ្នាំ​បាន​ថ្លែងប្រាប់​កម្មវិធី This Week in Asia របស់​កាសែត South China Morning Post ដូច្នេះ​ថា «​យើង​ជា​កសិករ យើង​មិន​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ឡើយ​។ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយចិត្ត នៅ​ពេល​ឈ្មួញ​វៀតណាម​ដាក់​ស្លាក ​ផលិត​នៅ​វៀតណាម (Made in Vietnam) នៅ​ផលិតផល​ខ្មែរ​»។

ជា​ធម្មតា កសិករ​ខ្មែរ​លក់​ផលិតផល​ស្វាយ​របស់​ពួក​គេ​ទៅ​ឲ្យ​ឈ្ម​ញ​វៀតណាម ដែល​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​តាម​ព្រំដែន ប៉ុន្តែ​ក៏​មាន​ហេតុផល​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា កម្ពុជា​ខ្វះ​កិច្ចព្រមព្រៀង​នាំ​ចេញ បច្ចេកវិទ្យា និង​ទុន​វិនិយោគ​សម្រាប់​ដំណើរការ និង​ដឹក​ជញ្ជូន​ផ្លែ​ឈើ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នកបញ្ជា​ទិញ​ធំ​ៗ​ដូច​ជា​ចិន​ជាដើម​។

កាលពី​ខែមិថុនា ទីក្រុង​ប៉េ​កាំ​ង និង​ភ្នំពេញ​បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​អនុញ្ញាតឲ្យ​មានការ​នាំ​ចូល​ផលិតផល​ខ្មែរ​ចូល​ទៅ​ក្នុង​ផ្សារ​ចិន​។

នៅ​ខែមេសា ចិន​បាន​បញ្ជាក់​ថា​ចម្ការ​ស្វាយ​ខ្មែរ​ចំនួន​៣៧កន្លែង​ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៥ ស្រប​តាម​ស្តង់ដារ​សម្រាប់​នាំ​ចេញ​ទៅ​ចិន​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន និង​កម្ពុជា​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សោ​រ៍​កន្លង​ទៅ​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ដោយ​កាត់​បន្ថយពន្ធ​លើ​មុខទំនិញ​ស្ទើរតែ​ទាំងអស់​មក​ត្រឹម​សូន្យ រួម​មាន​ផលិតផល​ស្វាយ​ជាដើម​។

ស្វាយ​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់ និង​ជា​ពូជ​ដ៏​ពេញ​និយម​មួយ​ដូច​ជា ស្វាយ​កែ​រមៀត ត្រូវ​បាន​លក់​ទៅ​វៀត​ណា និង​ថៃ ដែល​ប្រទេស​ទាំងនោះ​ធ្វើការ​នាំ​ចេញ​បន្ត​ទៅ​កាន់​ចិន​។

លោក ឈុំ ឆាំ និយាយ​ថា «ឈ្មួញ​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន ដោយ​ពួក​គេ​និយាយ​ថា​មាន​ដីចម្ការ​ស្វាយ ៥០០​ហិច​តា​ដើម្បី​ផ្គត់​ផ្គង​ទៅ​ទីផ្សារ​ចិន ប៉ុន្តែ​ការ​ពិត​ចម្ការ​ស្វាយ​របស់​ពួក​គេ​មាន​តែ ៥​ហិច​តា​ប៉ុណ្ណោះ ដូច្នេះ​ផ្លែស្វាយ​ភាគច្រើន​របស់​ពួក​គេ​គឺ​ទិញ​បន្ត​ពី​ចម្ការ​នៅ​កម្ពុជា​» ។​

ការ​មាន​ប្រព័ន្ធ​មិនល្អ មាន​ន័យ​ថា​កសិករ​ខ្មែរ​មិន​អាច​ចាប់​យក​តម្លៃ​សំខាន់​ៗ​ពី​ដំណាំ​របស់​ពួក​គេ​បាន​ឡើយ ដោយសារ​ពួក​គេ​មិន​មាន​លទ្ធភាព​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ​ដោយ​ផ្ទាល់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​វិនិយោគ​ទុក​សិង្ហ​បុរី InfoCo Asia​។

ក្រុមហ៊ុន​វិនិយោគ​នេះ​បាន​ជួយ​សាងសង់​រោងចក្រ​កែ​ច្នៃ​ស្វាយ​ថ្មី​មួយ ដើម្បី​ជួយ​ដល់​កសិករ​ចំនួន ៧៧២​នាក់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ក្នុង​ឆ្នាំ ២០១៨​។

ការ​នាំ​ចូល​ផលិត​ស្វាយ​របស់​ចិន ទាំង​ស្វាយ​ស្រស់ និង​កែ​ច្នៃ​មានការ​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដោយ​ការ​នាំ​ចូល​កើនឡើង ៥​ដង​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២០​។

កាលពី​ឆ្នាំ​មុន ចិន​បាន​នាំ​ចូល​ស្វាយ ៨៤.០០០​តោន ដោយ​ក្នុង​នោះ​មាន​ប្រមាណ ៨០​ភាគរយ​នាំ​ចូល​ពី​វៀតណាម​។

ប៉ុន្តែ​តួលេខ​នៃ​ការ​នាំ​ចូល​ស្វាយ​របស់​ចិន​នៅ​ឆ្នាំ​នេះ មាន​ត្រឹមតែ ១០.០០០​តោន​ប៉ុណ្ណោះ​ពី​ខែមករា ដល់​ខែ​វិ​ច្ឆិកា ដោយសារ​តែ​ការ​រាតត្បាត​វីរុស​កូ​វី​ដ ១៩​បាន​បង្អាក់​ដល់​ខ្សែ​សង្វា​ក់​ផ្គង​ផ្គង់ និង​តម្រូវការ​មានការ​ធ្លាក់​ចុះ​។

អ្នក​នាំ​ចូល​ស្វាយ​ជា​ច្រើន​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ចិន នឹង​មិន​ធានា​ពី​ការ​កើនឡើង​លាភ​សំណាង​សម្រាប់​កសិករ​កម្ពុជា​ក្នុង​រយៈពេល​មួយ​យប់​នោះ​ទេ​។

អ្នក​នាំ​ចូល​ស្វាយ​ហុងកុង ដែល​បាន​ទិញ​ស្វាយ​របស់​កម្ពុជា​អស់​ជា​ច្រើន​ឆ្នាំ​បាន​និយាយ​ថា «ទីផ្សារ​ប្រផេះ​» សម្រាប់​ស្វាយ​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា និង​នៅ​ប្រទេស​ចិន​ក្នុង​ខេត្ត​ក្វា​ង​ស៊ី (Guangxi) នឹង​ធ្វើ​ឲ្យ​ខូច​តម្លៃ និង​បរិមាណ​ស្វាយ​ដែល​ចិន​ទិញ​។

អ្នកបញ្ជា​ទិញ​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​និយាយ​ថា «​នៅ​ក្វា​ង​ស៊ី ពួក​គេ​មាន​ទីក្រុង​ធំ​ៗ​ជា​ច្រើន​ដូច​ជា​កន្លែង​បោះ​ដុំ ដែល​លក់​ផ្លែ​ឈើ​ពី​វៀតណាម​ដោយ​គ្មាន​របាយការណ៍ និង​គ្មាន​ពន្ធគយ​»​។

គាត់​បន្ថែម​ថា ផ្លែ​ឈើ​ទាំងនោះ​នៅ​ក្នុង​ខេត្ត​ក្វា​ង​ស៊ី​នឹង​ត្រូវ​គេ​ធ្វើការ​ចែកចាយ​ទៅ​ទូ​ទាំង​ប្រទេស​ចិន​។

ចំណែក​លោក ឈុំ ឆាំ និយាយ​ថា​ឈ្មួញ​ចិន​ហាក់​មិន​ព្យាយាម​រក​តម្លៃ​ដែល​ទាប​ពី​វៀតណាម​តាម​រយៈ​ការ​ទិញ​ពី​កសិករ​ខ្មែរ​ដោយ​ផ្ទាល់​។

លោក​ថ្លែង​ថា «ពួក​គេ​ឲ្យ​តម្លៃ ១.៣០០​រៀល (០,៣២​ដុល្លារ​)​ក្នុង​មួយ​គីឡូក្រាម​។ យើង​មិន​អាច​ចំណេញ​បាន​ទេ​ក្នុង​ការ​លក់​តម្លៃ​នេះ»​។

លោក​ថា «​នៅ​ពេល​ឈ្មួញ​វៀតណាម ឬ​ថៃ​ទិញ​ពួក​យើង​ក្នុង​តម្លៃ​ថ្លៃ​បន្តិច ឈ្មួញ​ចិន​ចាប់ផ្តើម​ប្រជែង​ទិញ​ដោយ​ឲ្យ​តម្លៃ​ក្នុង​មួយ​គីឡូ ១.៩០០​រៀន នៅ​ពេល​ពួក​គេ​ដឹង​ថា ពួក​ខ្ញុំ​បាន​យល់ព្រម​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ក្នុង​មួយ​គីឡូ​តម្លៃ ១.៧៥០​រៀល​»​។

កសិករ​ខ្មែរ​រូប​នេះ​សង្ឃឹមថានឹង​ការ​ផ្តល់​មូលនិធិ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បន្ថែម​ពី​វិធី​លក់​ផលិតផល​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន​។

ចំណែក​កសិករ​ម្នាក់​ទៀត​ឈ្មោះ ឡា​ច លាប (Lach Leab) វ័យ ៥២​ឆ្នាំ ដែល​មាន​ដាំ​ស្វាយ​លើ​ផ្ទៃដី ៤០​ហិច​តា​បាន​និយាយ​ថា គាត់​មានបទពិសោធន៍​មិនសូវ​ល្អ​ក្នុង​ការ​រកស៊ី​ជាមួយ​ឈ្មួញ​ចិន​។ គាត់​ថា ឈ្មួញ​ចិន​បាន​បង់ប្រាក់​ឲ្យ​គាត់​តែ ៣០​ភាគរយ​​ប៉ុណ្ណោះ​នៃ​តម្លៃ​ព្រមព្រៀង​គ្នា​គឺ ២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​មិន​បាន​បង់ប្រាក់​នៅ​សល់​ទៀត​ទេ​។

លោក​ថ្លែង​ថា «​ពួក​គេ​និយាយ​ថា​ពួក​គេ​មិន​អាច​បង្វិល​លុយ​ទាន់​ពេល ប៉ុន្តែ​ពួក​គេ​ប្រមូល​ស្វាយ​ដាក់​ឡាន​រួច ហើយ​ពួក​គេ​ទាំងអស់​ទៅ​បាត់​ឈឹង​។ ខ្ញុំ​មិន​បាន​លុយ​អី​ទៀត​ទេ ក្រៅពី​ប្រាក់​ដែល​ពួក​គេ​បង់​បាន​តែ ៣០​ភាគរយ​ប៉ុណ្ណោះ​»​។

«​ទោះបី​មានបទពិសោធន៍​បែប​នេះ​ក្តី លោក ឡា​ច លាប និយាយ​ថា​លោក​នឹង​រកស៊ី​ជាមួយ​ឈ្មួញ​ចិន​ម្តងទៀត ប្រ​សិន​ពួក​គេ​ផ្តល់​តម្លៃ​ល្អ និង​មាន​កុងត្រា​ផ្គត់​ផ្គង់​ច្រើន​ឆ្នាំ​»៕ (​យោង​តាម​ប្រភព​៖ South China Morning Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ