ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​អង់គ្លេស​២​រូប​ស្ថិត​ក្រោម​ការ​ពិចារណា​មក​ជំនួស​កៅអី​លោក Benitez

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប Everton បាន​បណ្តេញ​លោក Rafael Benitez ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​របស់​ខ្លួន​ជា​ផ្លូវការ

អង់គ្លេស ៖ ក្លិប Everton បាន​បណ្តេញ​លោក Rafael Benitez ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​របស់​ខ្លួន​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ បន្ទាប់​ពី​ដឹកនាំ​បាន​ត្រឹម​៦​ខែ​កន្លះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​ផ្ទាល់​។

ការ​បណ្តេញ​បុរស​អេ​ស្ប៉ា​ញ​វ័យ​៦១​ឆ្នាំ​ខាងលើ​ធ្វើ​ឡើង ក្រោយ​ពេល Everton ចាញ់​ម្ចាស់ផ្ទះ Norwich City ការ​ប្រកួត​ក្នុង​លី​គ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​១៥ ខែមករា កន្លង​ទៅ​។ Everton បច្ចុប្បន្ន​កំពុង​ឈរ​លេខ​១៦​ក្បែរ​តំបន់​ត្រូវ​កាត់​ចោល ក្រោយ​ឆ្លងកាត់​១៩​ប្រកួត ឈ្នះ​៥ ស្នើ​៤ និង​ចាញ់​១០ មាន​១៩​ពិន្ទុ​។

ដោយឡែក​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Sky Sports បាន​រាយការណ៍​ថា អតីត​កីឡាករ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អង់គ្លេស​គឺ Wayne Rooney និង Frank Lampard ស្ថិត​ក្រោម​ការ​ពិចារណា​របស់ Everton ដើម្បី​ជំនួស​កៅអី​លោក Rafael Benitez​។ ហើយ​ក្នុង​បញ្ជី​នោះ​ក៏​មាន​ទាំង​អតីត​អ្នកចាត់ការ​ពួក​គេ​គឺ​លោក Roberto Martinez ផង​ដែរ ដើម្បី​មក​កាន់​តំណែង​ដល់​ចប់​រដូវ​កាល​នេះ​។

គួរ​បញ្ជាក់​ថា Wayne Rooney អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្រុម Derby County ខណៈ Frank Lampard អតីត​ខ្សែបម្រើ​ក្រុម Chelsea បច្ចុប្បន្ន​កំពុង​គ្មាន​ក្លិប​ដឹកនាំ ក្រោយ​ត្រូវ​បញ្ចប់​តួនាទី​ពី​ក្រុម​រហស្សនាម «​តោ​ខៀវ​» កាលពី​រដូវ​កាល​មុន​។

ដោយឡែក​លោក Roberto Martinez ធ្លាប់​ជា​អ្នកចាត់ការ Everton នៅ​ចន្លោះ​ឆ្នាំ ២០១៣-២០១៦ មុន​ពេល​ក្លាយជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​ពី​ឆ្នាំ ២០១៦ រហូត​ដល់​បច្ចុប្បន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ