រាជធានីភ្នំពេញ ៖ រណ្តៅដីដ៏ធំមហាសាលមួយជាស្នាដៃដ៏ល្បីល្បាញរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ កំពុងតែជីកលុងដល់ក្បាលប្រែតលើផ្ទៃបឹងតាមោកលាតសន្ធឹងរាប់រយហិកតា ដែលការជីកជ្រៅបែបនេះ ហាក់ដូចជាគ្មានគម្រោងច្បាស់លាស់ណាមួយទេ ព្រោះតែការចង់បានអាចម៍ដីពីដីសាធារណៈរបស់រដ្ឋ ។ សកម្មភាពនេះ មហាជនវាយតម្លៃថា វាអាចប៉ះពាល់
យ៉ាងធ្ងន់ធ្ងរដល់ផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញនៅពេលអនាគត ។ ម្យ៉ាងទៀត គេពុំដឹងឱ្យប្រាកដថា តើរណ្តៅដីនោះ មានច្បាប់អនុញ្ញតកម្រិតណានោះឡើយ ? បានជាវាតទីដីបឹងតាមោកជីកម៉ាសេរីដឹកយកដីលក់ចាក់លុបបឹងតាមោក និងលុបតំបន់នានានៃភាគខាងជើងរាជធានីភ្នំពេញ ។
បើយើងធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ(ផ្លូវទំនប់កប់ស្រូវ)ខាងលិចស្ពានព្រែកព្នៅ យើងនឹងឃើញរណ្តៅដីដ៏ធំមហាសាលមួយ ដែលជីកហួសក្បាលប្រែតនោះ លាតសន្ធឹងលើផ្ទៃបឹងតាមោក ដែលជាដីរបស់រដ្ឋ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគេឱ្យដឹងថា មានម្ចាស់ជាអ្នកមានឥទ្ធិពលម្នាក់ដែលស្និទស្នាលនឹងអភិបាលរាជធានីភ្នំពេញគ្រប់ជំនាន់ដែលមន្ត្រីខណ្ឌខ្លះនិយាយបែបលេងសើចថា តាកៅជាន់ម្តងៗផ្អៀងសាលាក្រុង ចំណែកខណ្ឌឯណាហ៊ានជាមួយគាត់នោះ ។
តាមព័ត៌មានឱ្យដឹងថា រណ្តៅនេះបានដំណើរកាលជីកកកាយយកដីរយៈពេលប្រមាណ៥ទៅ៦ឆ្នាំមកហើយ ដោយកាយដីលុបផ្ទៃទឹកបឹងវាតទីជីកយកដី ។ នៅក្នុងការជីកនោះមុនដំបូង ត្រូវគេអះអាងថា ក្រោមច្បាប់អនុញ្ញាត ដើម្បីជីកយកដីទៅចាក់លុបអភិវឌ្ឍនដីលោកឧកញ៉ាលី យ៉ុងផាត់ ដែលស្ថិតនៅខាងកើតស្ពានព្រែកព្នៅ តែតាកៅបានជីកយកទៅលក់ចាក់នៅតំបន់នានានៅក្បែរនោះ ។ លុះក្រោយមក រដ្ឋាភិបាល ក៏បានប្រគល់ដីបឹងតាមោក ទៅឱ្យក្រុមហ៊ុនឯកជន និងអង្គភាពរដ្ឋអភិវឌ្ឍ បានធ្វើឱ្យអាជីវកម្មជីកដីរបស់តាកៅកាន់តែកាក់កបដោយជីកដីលុបដីបឹង មានជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រ (ហួសក្បាលប្រេត) ដែលរណ្តៅនោះមានទំហំប្រមាណ៤០០ហិកតា លាតសន្ធឹងតាមមហាវិថីឈ្នះ ឈ្នះប្រមាណ២គ.ម និងចូលទៅផ្ទៃបឹងប្រមាណ២គីឡូម៉ែត្រ(នេះបើតាមការវាស់កុងទ័រម៉ូតូ) ។
ជុំវិញការវាតទីជីកដីបឹងដែលមានជម្រៅជ្រៅនេះគេពុំដឹងថា លោកឧកញ៉ា ញឹក ផន ហៅតាកៅទទួលសិទ្ធិបានដីបឹងប៉ុន្មាន
ហិកតាពីរាជរដ្ឋាភិបាលនៅពេលណាឡើយដើម្បីជីក ? ចំណែកការជីកលុងដល់ក្បាលប្រេតទៀតសោត មិនដឹងថា មានច្បាប់ឯណាឱ្យជីកជ្រៅបែបនោះទេ ? ម្យ៉ាងទៀត រណ្តៅជ្រៅបែបនេះតាមមន្ត្រីជំនាញមន្ទីររៀបចំដែនដីនិយាយថា វានឹងអាចប៉ះពាល់ផែនការអភិវឌ្ឍរាជធានីភ្នំពេញទៅថ្ងៃអនាគត ។ បើសិនការជីកនោះគ្មានគម្រោងផែនការច្បាស់លាស់ថា ទីតាំងនោះត្រូវធ្វើអ្វី មិនមែនចេះតែជីកលុបៗនោះទេ ។
បើតាមព័ត៌មានដែលបង្ហើបឱ្យដឹងថា បានជាតាកៅមានសំណាងបែបនេះ ដោយសារតែលោកមានខ្នងបង្អែកសែនរឹងមាំ តាំងពីលោកជីកនៅក្នុងភូមិ ព្រែករាំង សង្កាត់ឃ្មួញកាលពីនៅក្នុងខណ្ឌឫស្សីកែវកំឡុងឆ្នាំ២០០០ជាងមកម៉្លេះ ។ តាកៅ ត្រូវគេដឹងថា ជាអ្នកស្និទ្ធគ្រប់អភិបាលរាជធានីទាំងមុននិងក្រោយ គឺស្និទ្ធបំផុត ។ គួរបញ្ជាក់ថា លោកឧកញ៉ា ញឹក ផន ហៅតាកៅ មានរណ្តៅដីដ៏ធំមហាសាលមួយទៀតនៅខាងត្បូងមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ដែលបច្ចុប្បន្នក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រណ្តៅដីនោះ បានជីកដល់ក្បាលប្រេតដូចគ្នានឹងរណ្តៅដីបឹងតាមោក ។ ដែលកាលកំឡុង២០ឆ្នាំមុន រណ្តៅដីនោះបានលាតសន្ធឹងលើផ្ទៃដីប្រមាណជិត១០០ហិកតា ។
ក្រោយមក រណ្តៅដីនោះបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកជិតខាង នៅពេលដែលទឹកភ្លៀងច្រោះបាក់ដី ហើយប្រជាពលរដ្ឋក៏ធ្លាប់ផ្ទុះការតវ៉ា ។ បច្ចុប្បន្ននេះ រណ្តៅដីនោះបានក្លាយជាបឹងក៏ធំមួយ ដែលមានជម្រៅយ៉ាងជ្រៅ ហើយថ្មីៗនេះ លោកឧកញ៉ា ផឹក ផន ហៅតាកៅក៏បានលក់ទៅឱ្យក្រុមហ៊ុនបុរីដ៍ធំមួយ ធ្វើរបងព័ទ្ធជុំវិញនិងកំពុងតែដឹកដីពីរណ្តៅដីបឹងតាមោក មកចាក់ដីលុបបណ្តើរៗហើយ ។ ទោះបីជាយ៉ាងណា កោះសន្តិភាព ពុំទទួលបានការបំភ្លឺណាមួយពីរដ្ឋបាលរាជធានីភ្នំពេញនិងលោកឧកញ៉ា ញឹក ផន នៅឡើយទេ ។ ដរាបណាមានការបំភ្លឺណាមួយយើងនឹងផ្សាយជូនបន្តទៀត ៕
ចែករំលែកព័តមាននេះ