ខាងក្រោយជញ្ជាំងថ្មដ៏រឹងមាំ អ្នកមិនដឹងមុខជាស្មានថា ក្នុងពន្ធនាគារមានសុទ្ធតែអ្នកទោសស្រី តែតាមពិតមានទារកដ្ឋានសម្រាប់ចិញ្ចឹមបីបាច់ទារក និងក្មេងតូចៗទៀតផង។ រៀងរាល់ល្ងាចពេលចប់ការងារពលកម្ម និងហូបអាហាររួច អ្នកម្តាយដែលជាអ្នកទោសតែងឈរតម្រៀបជួរគ្នានៅខាងមុខទារកដ្ឋានចាំទទួលកូនយកទៅកន្លែងរៀងខ្លួន ។ ប៉ុន្តែពន្ធនាគាររបៀបនេះ សព្វថ្ងៃមាននៅតែប្រទេសមួយចំនួនប៉ុណ្ណោះ ។
ពន្ធនាគារ Brasilia នៅប្រទេសប្រេស៊ីល
រៀងរាល់ឆ្នាំ ពន្ធនាគារសម្រាប់ដាក់អ្នកទោសស្រីនៅទីក្រុង Brasilia ប្រទេសប្រេស៊ីល តែងចាត់តាំងពិធីប្រឡងបវរកញ្ញាក្នុងពន្ធនាគារដែលគេហៅថា Miss Penitentiary ដោយអំពាវនាវអ្នកទោសស្រី ស្អាតៗចូលរួម ។ អ្នកគ្រប់គ្រងពន្ធនាគារឱ្យដឹងថា កម្មវិធីនេះជួយឱ្យអ្នកទោសស្រីមានគោលដៅ និងមោទនភាព ហើយខិតខំកែខ្លួន ។
ពិធីប្រឡងបវរកញ្ញាក្នុងពន្ធនាគារលើកទី៦ ដែលទើបកន្លងផុត ថ្មីៗកន្លងមក មានអ្នកទោសស្រី ស្អាតៗទូទាំងប្រទេសប្រេស៊ីលចំនួន១០០នាក់ចូលរួម ។ ចំណោមបេក្ខនារី១០០នាក់នោះ គណៈកម្មការផ្តល់ពិន្ទុជ្រើសរើសបាន១២នាក់ សម្រាប់ជុំផ្តាច់ព្រ័ត្រ ។ បេក្ខនារីទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេឈ្មោះ Paira Paixao ដែលកំពុងទទួលទោសជាប់ពន្ធនាគារ៦ឆ្នាំ២ខែពីបទប្លន់ប្រដាប់អាវុធ ។ រួមជាមួយអ្នកទោសស្រីឯទៀត នាងបានទទួលការអនុញ្ញាតឱ្យចិញ្ចឹមកូនក្នុងពន្ធនាគារ ។ បានធ្វើម្តាយនៅកន្លែងទទួលទោសបែបនេះ នាងតាំងចិត្តខំកែខ្លួន សម្លឹងឃើញជីវិតស្រស់បំព្រងជានិច្ច ហើយបង្កើនការរាប់អានគ្នាក្នុងសហគមន៍ ។
ពន្ធនាគារនៅទីក្រុង Buenos Airels ប្រទេសអាហ្សង់ទីន
ក្នុងពន្ធនាគារនេះ មានអ្នកទោសស្រីជិត៣០០នាក់ ដែលអ្នកខ្លះកំពុងមានផ្ទៃពោះ ។ ក្រៅពីអ្នកទោសស្រីជិត៣០០នាក់ នៅមានទារក-ទារិកា និងក្មេង តូចៗ៦៣នាក់ទៀត កំពុងទទួលការចិញ្ចឹមបីបាច់ក្នុងទារកដ្ឋាន ដែលជាកូនរបស់អ្នកទោសស្រីទាំងនោះ ។ ពួកគេមានសិទ្ធិរស់នៅក្រោមការបីបមរបស់ម្តាយរហូតដល់អាយុ៤ឆ្នាំ ។ ក្មេង តូចៗមួយចំនួនដែលម្តាយត្រូវជាប់ទោសយូរឆ្នាំ ហើយខ្លួនអស់សិទ្ធិរស់ក្នុងពន្ធនាគារពេលគម្រប់អាយុ៤ឆ្នាំ សមនឹងម្តាយជាមនុស្សមានជីវិតឯកោ គ្មានបងប្អូនទៀតនោះ ច្រើនតែក្លាយជាក្មេងកំព្រា ឬមានសំណាងបានគ្រួសារណាមួយអាណិតអាសូរទទួលចិញ្ចឹមរហូតដល់ម្តាយចប់អាណត្តិជាប់ទោស បានចេញមកខាងក្រៅវិញ ។
អាហ្សង់ទីនជាប្រទេសមួយចំណោមប្រទេសតិចតួចដែលអនុញ្ញាតឱ្យអ្នកទោសស្រីអាចរក្សាកូនក្នុងពន្ធនាគារបាន ។
ពន្ធនាគារនៅ Maxare-Sharif ប្រទេសអាហ្វហ្គានីស្ថាន
តាមរបាយការណ៍ ថ្មីៗ ពន្ធនាគាររបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន Maxare-sharit សព្វថ្ងៃមានអ្នកទោសស្រី និងក្មេងស្រីជាង៤០០នាក់។ ក្មេងស្រីច្រើនតែជាប់ពន្ធនាគារពីបទខុសសីលធម៌ រួមមានការដើរចោលផ្ទះ ព្រោះទទួលរងអំពើហិង្សារាល់ថ្ងៃ ឬគេចពីអាពាហ៍ពិពាហ៍បង្ខិតបង្ខំ ។ បច្ចុប្បន្ននៅប្រទេសអាហ្វហ្គានីស្ថាន វិន័យមានលក្ខណៈអយុត្តិធម៌ចំពោះនារីមិនទាន់ត្រូវបានកែលម្អនៅឡើយ ។ ប៉ុន្តែពន្ធនាគារនេះមានចំណុចល្អមួយ គឺអនុញ្ញាតឱ្យអ្នកទោសស្រីអាចចិញ្ចឹមបីបាច់កូន តូចៗក្នុងពន្ធនាគារបាន ។
ពន្ធនាគារនៅ Tingsor ប្រទេសរ៉ូម៉ានី
ពន្ធនាគារ Tirgsor ស្ថិតនៅខាងជើងរដ្ឋធានីប៊ុយដាប៉េស ប្រមាណ៧០គីឡូម៉ែត្រ ជាពន្ធនាគារតែមួយគត់នៅរូម៉ានី ដែលដាក់សុទ្ធតែអ្នកទោសស្រី ។ មានស្រី្ត១០០នាក់ កំពុងជាប់ទោសនៅទីនោះ ជាហេតុនាំឱ្យចង្អៀត បង្កឱ្យមានការវាយតប់គ្នាជាញឹកញាប់ ។ ប៉ុន្តែគណៈគ្រប់គ្រងពន្ធនាគារបានឱ្យដឹងថា នឹងកសាងអគារបន្ថែមក្នុងពេល ឆាប់ៗនេះ ដើម្បីកាត់បន្ថយភាពចង្អៀតផង កូន តូចៗរបស់អ្នកទោសស្រួលរស់នៅជាមួយម្តាយផង ។
ពន្ធនាគារនៅ Santa Martha Acatitla ប្រទេសម៉ិកស៊ិក
ចំណោមអ្នកទោសស្រីដែលកំពុងទទួលទោសក្នុងពន្ធនាគារ Santa Martha Acatitla ពីបទសម្លាប់មនុស្ស, ជួញដូរគ្រឿងញៀន, ចាប់ជម្រិតមនុស្ស នៅមានក្មេង តូចៗ៥០នាក់ទៀត ។ តាមការកំណត់របស់រដ្ឋាភិបាលម៉ិកស៊ិក ក្មេងដែលកើតក្នុងពន្ធនាគារមានសិទ្ធិរស់ក្នុងរង្វង់ដៃអ្នកម្តាយដែលជាអ្នកទោសរហូតដល់អាយុ៦ឆ្នាំ ។
ស្រី្តអ្នកទោសម្នាក់ឈ្មោះ Lucia អាយុ២៣ឆ្នាំ ដែលត្រូវទទួលទោស២៥ឆ្នាំ ពីបទចាប់ជម្រិត មានកូនប្រុសឈ្មោះ Mario អាយុ២ឆ្នាំ នៅក្នុងពន្ធនាគារ ។ រយៈពេល២ឆ្នាំ រស់ជាមួយម្តាយ កុមារតូច Mario ត្រូវយកចេញពីដៃម្តាយ៣ដង ព្រោះម្តាយពេលខ្លះមួម៉ៅខុសទំនង ប្រព្រឹត្តមិនគប្បីចំពោះកូន ៕
ចែករំលែកព័តមាននេះ