ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីលទ្ធផលមេដាយមាស ការ៉ាតេដូ ប្រចាំឆ្នាំ២០២១ ដែលទើបបញ្ចប់!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅទីបំផុត ការប្រកួតការ៉ាតេដូ ប្រចាំឆ្នាំ២០២១ ដែលបានលើកមកធ្វើ នៅដើមឆ្នាំ២០២២នេះ បានរកឃើញកីឡាករ កីឡាការិនី និងក្រុមខ្លាំងជាផ្លូវការហើយ។ កីឡាករមកពីក្លឹបកីឡាការ៉ាតេ​…

ភ្នំពេញ៖ នៅទីបំផុត ការប្រកួតការ៉ាតេដូ ប្រចាំឆ្នាំ២០២១ ដែលបានលើកមកធ្វើ នៅដើមឆ្នាំ២០២២នេះ បានរកឃើញកីឡាករ កីឡាការិនី និងក្រុមខ្លាំងជាផ្លូវការហើយ។ កីឡាករមកពីក្លឹបកីឡាការ៉ាតេ​ ក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

យោងតាមលទ្ធផលបច្ចេកទេសរបស់មន្ត្រីសហព័ន្ធកីឡាការ៉ាតេកម្ពុជា បញ្ជាក់ថា ក្រសួងការពារជាតិ ដែលដណ្តើមបាន​ចំណាត់ថ្នាក់លេខ១ រួមមាន មេដាយមាស១១ ប្រាក់៦ និងសំរឹទ្ធ​៤​។ ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ ទទួលបាន​មេដាយមាស៨ ប្រាក់២ និងសំរឹទ្ធ៦។ លេខ៣ ក្លឹបហនុមាន មេដាយមាស៤ ប្រាក់៧ និងសំរឹទ្ធ៨ ខណៈលេខ៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបាន​មេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ ១០គ្រឿង។

ក្រៅពី ៤ក្លឹប ដែលឈ្នះមេដាយច្រើនជាងគេនេះ ក៏មានក្លឹបជាច្រើន​ទៀត ដែលដណ្តើមបានមេដាយជាបន្តបន្ទាប់ ក្នុងចំណោមក្លឹបចូលរួមប្រកួត ចំនួន ២៤ក្លឹប សមាគម-សាលាគុន និងមណ្ឌលកីឡាការ៉ាតេ មកពីទូទាំងប្រទេស ដោយប្រកួតលើ ៣៤វិញ្ញាសា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបចំនួន ២២៧នាក់។ ចំពោះគណៈកម្មការរៀបចំមានចំនួន ៧៧នាក់ ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល ៤ថ្ងៃ ដោយជំរុញឲ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ បានដំណើរការដោយរលូន និងកាត់បន្ថយបញ្ហាបានជាង ៩០% បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២០ កន្លងទៅ។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបង្ហាញនូវគោលដៅយុទ្ធសាស្ត្រការងារបន្តរបស់សហព័ន្ធចំនួន ៤ចំណុចសំខាន់ៗដែរ រួមមាន៖ ១. រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEAKF Championship) លើកទី៩ ដែលជាលើកដំបូងសម្រាប់ការ៉ាតេកម្ពុជា ដោយគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២។ ២. ត្រៀមចូលរួម SEA Games លើកទី៣១ ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ៣. ត្រៀមចូលរួម ASIAN Games លើកទី១៩ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០-២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន។ ៤. ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA Games 2023 លើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើឲ្យវិស័យកីឡាការ៉ាតេ កែប្រែមុខមាត់ថ្មី ធ្វើអោយគុណផលកីឡាប្រែប្រួលរីកចម្រើនមួយកម្រិតតាមអនុសាសន៍ និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធ។

សមិទ្ធផលកន្លងមកបានការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងការតាមដានត្រួតពិនិត្យ​ណែនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានប្រចាំការ បានជំរុញឲ្យយន្តការ និងផែនការ​សកម្មភាពសហព័ន្ធ បោះជំហានទៅមុខ ក្រោមការជួយឧបត្ថម្ភគាំទ្រស្មារតី និងថវិកា ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យផ្ទាល់ ពីគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការចែករំលែកពីសប្បុរសជន និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធផងដែរ។

ដើម្បីតបស្នងសងគុណ ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងការលះបង់ ឯកឧត្តមប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹង​ប្រែងបន្តជំរុញសកម្មភាពការងារកីឡាការ៉ាតេ ឲ្យទទួលបានគុណផលកីឡាមុតស្រួច និងជ័យលាភី ជូនជាតិមាតុភូមិ ជាពិសេសគឺការសម្រួចគោលដៅឲ្យទទួលបានជោគជ័យ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ