ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កីឡា​ប៉េតង់​កំពុង​តែ​ឈានមុខ​គេ​​​ក្នុង​​ការ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​លោក​ ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា មាន​តែ​វិស័យ​

​រាជធានី​ភ្នំពេញ ​៖ ​លោក​ ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា មាន​តែ​វិស័យ​កីឡា​ប៉េតង់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ដណ្ដើម​យក​មេដាយ​ពី​ព្រឹត្តិការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​មក​ជូន​ជាតិ​មាតុភូមិ​បាន​ច្រើន​ជាងគេ​។

នេះ​ជា​ការ​លើក​ឡើង​របស់​​លោក​នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២​។

​លោក​ ស សុខា បន្ថែម​ថា «​ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ដណ្តើម​បាន​មេដាយ​ពីលើ​ឆាក​អន្តរជាតិ សរុប​ចំនួន ៣៧០​គ្រឿងក្នុង​នោះ​មេដាយមាស ១០៨​គ្រឿង ប្រាក់​១៣១​គ្រឿង និង​សំរឹទ្ធ​១៣១​គ្រឿង​។ ខ្ញុំ​គិត​ថា សមិទ្ធផល​នេះ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​សហព័ន្ធ​កីឡា​ជាតិ​ដទៃ​ៗ​ទៀត គឺ​វិស័យ​កីឡា​ប៉េតង់​កំពុង​ឈានមុខ​គេ ក្នុង​ការ​ដណ្តើម​មេដាយ​ច្រើន​ជាងគេ​យក​មក​ជូន​ជាតិ​។ បើ​និយាយ​ពី​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម គឺ​ប្រភេទ​កីឡា​ប៉េតង់​ធ្លាប់​ដណ្តើម​បាន​មេដាយមាស ១១​គ្រឿង​។ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​បន្ត​ប្រជែង​បាន​មេដាយ​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​គឺ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​តែ​ម្តង​»​។

ជាមួយ​គ្នា​នោះ ដើម្បី​បន្ត​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ប៉េតង់​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត គឺ​​លោក​​ប្រធាន​សហព័ន្ធ​នឹង​រៀបចំ​ធ្វើ​តារាង​ប៊ូល​ឲ្យ​បាន​៤ ក្នុង​ខេត្ត​នីមួយ​ៗ ហើយ​ប្រមាណ​១០០​តារាង សម្រាប់​២៥​រាជធានី​-​ខេត្ត​ជា​បន្តបន្ទាប់ ដោយ​លោក​​បាន​ស្នើ​ឲ្យ​ក្លិប​-​សមាគម​ប៊ូល​និង​ប៉េតង់​នានា​ស្នើ​មក​សហព័ន្ធ ហើយ​​លោក​​ប្តេជ្ញា​ពិនិត្យ និង​សម្រេច​តាម​ការ​ស្នើ​សុំ​។ ការ​រៀបចំ​សាងសង់​តារាង​ប៊ូល​នេះ​នឹង​រៀបចំ​នូវ​ការ​កំណត់​ស្តង់ដារ​រួម​មួយ ដូច​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​សាងសង់​ទីលាន​បាល់ទាត់​នៅ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ការ​អភិវឌ្ឍ​ដូច​គ្នា​។ គម្រោង​តារាង​ប៊ូល​នេះ​អាច​នឹង​ធ្វើ​រួចរាល់ ក្នុង​រយៈពេល​១​ឆ្នាំ ដោយ​មិន​ទាន់​បំពាក់​ដំបូង​នោះ​ទេ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​អាច​នឹង​សាងសង់​ដំបូល​១ ឬ​២ ក្នុង​ចំណោម​តារាង​ចំនួន​៤​។

​លោក​ ស សុខា ក៏​បាន​លើក​ឡើង​ពី​គម្រោងការ​ប្រកួត «​គរុ​គុណ​» នា​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​ធំ និង​ទូលាយ​ជាង​មុន ដោយ​បើកឱកាស​ឲ្យ​បណ្តា​ក្លិប​-​សមាគម​តាម​រាជធានី​-​ខេត្ត​ចូលរួម​ប្រកួតប្រជែង​ឲ្យ​បាន​ច្រើន ជា​ពិសេស​គឺ​សហព័ន្ធ​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​យុវនារី​តាម​ប្រភេទ​អាយុ​ឲ្យ​ចូលរួម​ប្រកួត​ដែរ ដើម្បី​អភិវឌ្ឍ​កម្រិត​យុវជន​ឲ្យ​បាន​ល្អ​ប្រសើរ ដូច​ក្រុម​ឈុត​ធំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ