ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី​១ ចាក់​ដូ​ស​ទី​៤ បាន ២០២០០​នាក់ ប្រើ​វ៉ាក់សាំង ៤​ប្រភេទ​

2 អាទិត្យ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែមករា​នេះ ជា​ថ្ងៃទី​១ នៃ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៤​។ គឺមាន​អ្នក​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៤ បាន​ចំនួន ២០២០០​នាក់…

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែមករា​នេះ ជា​ថ្ងៃទី​១ នៃ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៤​។ គឺមាន​អ្នក​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៤ បាន​ចំនួន ២០២០០​នាក់ ដោយ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង ៤​ប្រភេទ រួមមាន​៖ Pfizer ចាក់​បាន ១៩៩៧០​នាក់ វ៉ាក់សាំង AstraZeneca (KR) ៩០​នាក់ Moderna ១៣៤​នាក់ និង AstraZeneca (Netherlands) ចំនួន ៦​នាក់​។ នេះ​បើតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល​។​

សូមរម្លឹកថា នៅថ្ងៃទី១៤ ខែមករានេះ ជាថ្ងៃចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៤ ដោយចាប់ផ្តើមចាក់​មុនគេ​លើថ្នាក់ដឹកនាំកំពូលៗ ក្រសួងស្ថាប័ន​ជាតិ និងមន្ត្រីជួរមុខ នៅរាជធានីភ្នំពេញ​។ រីឯប្រជាពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំឡើង នឹងចាប់ផ្តើមចាក់ដូសទី៤ នៅថ្ងៃទី២១ ខែមករា ហើយ​ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នឹងចាក់ដូសទី៤ នៅថ្ងៃទី១កុម្ភៈ។

ដូសទី៤ ចាប់ផ្តើម​តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ។ មូលហេតុ ដោយសារតែ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល ព្រមទាំង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស លើកឡើងថា មិនមានប្រព័ន្ធ​ត្រជាក់ ដើម្បីរក្សាទុក​វ៉ាក់សាំង Pfizer ​ដែលត្រូវការត្រជាក់ ដក ៨០អង្សា។ ដូច្នេះ មិនអាច​ចែកចាយថ្នាំវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ជាង ២លានដូសនោះ ទៅតាមបណ្តាខេត្ត ដើម្បី​ចាក់ដូសទី៤ នោះទេ​។

តែ​យ៉ាង​ណា​ក៏​ដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋ អាច​មកចាក់វ៉ាក់សាំង ដូស​ទី៤ នៅរាជធានីភ្នំពេញ នាពេលនេះ​បាន​។

ក៏ប៉ុន្តែ​ចូរកុំភ្លេចថា អ្នកអាចចាក់​ដូសទី៤ បាន លុះត្រាតែមានរយៈពេលគម្លាតពីចាក់វ៉ាក់សាំង ដូស​ទី៣ ចន្លោះពី ៤ខែ ទៅ ៦​ខែ​។

​របាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា គិត​​​ត្រឹម​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស អ្នកមាន​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើង ចាក់​វ៉ាក់សាំង​បាន​សរុប​ចំនួន ១៤ ៣០៥ ២៦៦​នាក់​។ ក្នុងនោះ អ្នក​ចាក់​ដូ​ស​ទី​២ បាន​ចំនួន ១៣ ៧០៧ ១៤៣​នាក់​។ អ្នក​ចាក់​ដូ​ស​ទី​៣ បាន​ចំនួន ៤ ៥០៨ ៤៨៩​នាក់​។​

​រហូតដល់​ពេលនេះ កម្ពុជា​បាន​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន ១០​ប្រភេទ រួមមាន​៖ ១-Sinopharm ២-AstraZeneca ( Covishield ) ៣-AstraZeneca ( Japan ) ៤-AstraZeneca ( UK ) ៥-Sinovac ៦-Janssen ( Johnson & Johnson ) ៧-AstraZeneca ( KR ) ៨-Moderna ៩-AstraZeneca ( Netherlands ) និង​១០-Pfizer៕