ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដូនពេញ ៖ នៅ​តែ​មាន​មនុស្ស​គ្មាន​សីលធម៌​មួយ​ចំនួន​តូច បន្ទោបង់​តាម​ច្រាំង​ទន្លេ​មុខ​វាំង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែមករា…

រាជធានី​ភ្នំពេញ ៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ​បាន​ដឹកនាំ​មន្ដ្រីរាជការ ខណ្ឌ សង្កាត់ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ចុះ​ធ្វើ​អនាម័យ​បរិស្ថាន តាម​បណ្ដោយ​ច្រាំង​ទន្លេ ចាប់ពី​ខាង​មុខ​ផ្សារ​រាត្រី និង​មុខ​ព្រះ​បរមរាជវាំង រហូត​ដល់​កំពង់ចម្លង​ភ្នំពេញ​-​អរិយ៍​ក្សត្រ ដោយ​បាន​ធ្វើការ​ប្រមូល​សំរាម​តាម​សួនច្បារ និង​ច្រាំង​ទន្លេ ព្រមទាំង​ប្រើប្រាស់​ម៉ាស៊ីន​បាញ់​ទឹក​លាង​សម្អាត​ច្រាំង​ទន្លេ បំបាត់​ក្លិនស្អុយ​ឆ្អេះឆ្អាប​(​ដែល​មនុស្ស​អគតិ​មួយ​ចំនួន​តូច​នៅ​តែ​បន្ទោបង់​) ដើម្បី​សោភ័ណ​ភាព​តាម​មាត់ទន្លេ ។

លោក សុខ ពេញ​វុ​ធ បាន​ថ្លែងប្រាប់​ថា យុទ្ធនាការ​ខាងលើ​នេះ ជា​ការ​រម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​អញ្ជើញ​មក​លេង​កម្សាន្ដ​សប្បាយ​តាម​ទី​សាធារណៈ តាម​បណ្ដោយ​មាត់ទន្លេ សួនច្បារ​នានា ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ ចេះ​យក​សំរាម​ដាក់​ចូល​ធុងសំរាម​ដែល​នៅ​តាម​សួនច្បារ​សាធារណៈ ជា​ពិសេស​មនុស្ស​អគតិ​មួយ​ចំនួន​តូច ដែល​តែងតែ​បន្ទោបង់​តាម​ខឿន​ច្រាំង​ទន្លេ ដោយ​ខ្វះ​ការ​ពិចារណា គ្មាន​សីលធម៌ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន សំដៅ​ធ្វើ​ឲ្យ​ទី​កម្សាន្ដ​សប្បាយ​របស់​យើង ក្លាយជា​តំបន់​ទេសចរណ៍ ដែល​មាន​បរិស្ថាន​អនាម័យ​ល្អ និង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​អភិបាល​ខណ្ឌដូនពេញ បាន​ដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ដើម្បី​ធ្វើការ​បាញ់​លាង​សម្អាត តាម​បណ្ដោយ​ច្រាំង​ទន្លេ​ខាងលើ ជា​ប្រចាំ មួយ​ថ្ងៃ ២​ដង គឺ​ពេល​ព្រឹក និង​រសៀល ដើម្បី​រក្សា បាន​នូវ​បរិស្ថាន​អនាម័យ​ល្អ​ប្រសើរ ជា​ពិសេស​បំបាត់​ក្លិនស្អុយ​ឆ្អេះឆ្អាប ដែល​បណ្ដាល​មក​ពី​ការ​បន្ទោបង់​គ្មាន​សណ្ដាប់ធ្នាប់ និង​ការ​បោះចោល​សំរាម តាម​ច្រាំង​ទន្លេ​ផង​ដែរ ៕