ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើង បានព្រមានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះថា ខ្លួននឹងបញ្ចេញប្រតិកម្មពោរពេញដោយភាពម៉ឺងម៉ាត់ និងប្ដូរផ្ដាច់ ក្រោយពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងការបាញ់សាកល្បងនាពេលថ្មីៗនេះ នូវមីស៊ីលបាលីស្ទិកលឿនជាងសំឡេង។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងថា ការបាញ់សាកល្បងនាពេលថ្មីៗនេះ នូវមីស៊ីលលឿនជាងសំឡេង គឹជាការអនុវត្តសិទ្ធិ ស្វ័យការពារមួយប៉ុណ្ណោះ។ ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់យកជំហរប្រឈមមុខដាក់គ្នាមួយបែបនេះ នោះកូរ៉េខាងជើងនឹងបង្ខំចិត្តបញ្ចេញប្រតិកម្មតបតវិញដោយម៉ឺងម៉ាត់បំផុត និងប្ដូរផ្ដាច់។
រដ្ឋការលោកចូបៃដិន កាលពីថ្ងៃទី១២ ខែមករា បានដាក់ទណ្ឌកម្មប្រឆាំងជនជាតិកូរ៉េខាងជើង៦នាក់ ដែលចូលរួមក្នុងកម្មវីធីអាវុធសម្លា.ប់រង្គាល និងមីស៊ីលបាលីស្ទិក។ សេចក្ដីសម្រេចចិត្តនេះកើតមាន បន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់សាក កាលពីថ្ងៃទី១១ ខែមករា នូវអ្វីដែលជាមីស៊ីលលឿនជាងសំឡេង ទើបផលិតបានថ្មី ហើយការបាញ់សាកល្បងមីស៊ីលប្រភេទនោះដែរ ធ្វើឡើងមិនដល់១សប្ដាហ៍ផងក្រោយការបាញ់លើកទីមួយ។
ក្នុងសេចក្ដីប្រកាសអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងពន្យល់ថា ការផលិតអាវុធប្រភេទថ្មីរបស់ក្រុងព្យុងយ៉ាង គ្រាន់តែជាផ្នែកមួយ នៃការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើទំនើបកម្ម សមត្ថភាពការពារជាតិ។ វាមិនសំដៅប្រឆាំងប្រទេសណាមួយឬកងកម្លាំងណាមួយជាពិសេសឡើយ រួចក៏មិនប៉ះពាល់ដល់សន្តិសុខរបស់បណ្ដាប្រទេសជិតខាងដែរ។ កូរ៉េខាងជើងចាត់ទុកការសម្រេចរបស់អាមេរិកថា ជាការបង្កហេតុមួយដ៏ច្បាស់ និងបែបជាអ្នកលេងហើយចោទប្រកាន់ក្រុងវ៉ាស៊ិនតោនថា មានបំណងធ្វើឲ្យធ្ងន់ធ្ងរដល់សភាពការណ៍នៅឧបទ្វីបកូរ៉េ។
ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប លោកស្រី LINDA THOMAS GREENFIEKD បានស្នើដល់កូរ៉េខាងជើង ឲ្យផ្អាកការបង្កហេតុ និងសន្យាចូលរួមក្នុងការចរចា។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក៏អះអាងជាថ្មីដែរ ពីការថ្កោលទោសរបស់អាមេរិកចំពោះការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់ក្រុងព្យុងយ៉ាង៕ ដកស្រង់ចេញពីវេបសាយ ៖ yna
ចែករំលែកព័តមាននេះ