ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ទេសចរណ៍​អាស៊ាន ជា​ឱកាស​កម្ពុជា​ និង​អាស៊ាន បង្ហាញ​គោលដៅទេសចរណ៍​សុវត្ថិភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2022)​លើក​ទី ​៤០ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៨​ មក​រា​…

រាជធានីភ្នំពេញ ៖ វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2022)​លើក​ទី ​៤០ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៨​ មក​រា​ ខាង​មុខ​នេះ ​។ ក្រសួងទេសចរណ៍​ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​អះអាង​ថា ការ​ត្រៀម​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ស្ទើរតែ​រួចរាល់​ ១០០% ហើយ ទោះបី​មានការ​រំខាន​ពី​បញ្ហា​កូ​វី​ដ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» យ៉ាងណា​ក៏​ដោយ ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​កម្មវិធី​កាលពី​ថ្ងៃ​ទី​ ១២​ មក​រា បាន​និយាយ​ថា ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​ ២០២២ ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើង​វិញ​ជា​ផ្លូវការ​»​ ។ លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី «​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​» ​។

ប្រភព​ពី​ក្រសួងទេសចរណ៍​ថា​ ការងារ​រៀ​បំ​ព្រឹ​តិ្ត​ការណ៍​ទាំងមូល​សម្រេច​បាន​ប្រមាណ​ ៩៥% ​ហើយ ដោយ​ការ​រៀបចំ​ទីតាំង​សម្រាប់​ពិព័រណ៍​ទេសចរណ៍ (​ស្តង់​) កម្មវិធី​បើក កម្មវិធី​បិទ និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេង​ៗ ត្រូវ​បាន​រៀបចំ​រួចរាល់​ស្រប​តាម​វិធាន​សុវត្ថិភាព ​។ លើស​ពី​នេះ​ទៀត រហូត​មក​ដល់​ពេល​នេះ​មានការ​បញ្ជាក់​ពី​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុង​នោះ​ប្រតិភូ​អន្តរ ជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន ​១២៣ ​រូប ហើយ​សម្រាប់​ការ​តាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ មាន​អ្នកលក់ សរុប​ចំនួន​ ១៨៧​ ស្តង់ អ្នកទិញចំនួន ​៤០ ​ក្រុមហ៊ុន សារព័ត៌មាន​សរុប​ចំនួន​ ២០ ​ស្ថាប័ន សរុប​ភ្ញៀវ​ចូលរួម​មាន​ចំនួន​ ៣២២ ​នាក់ មក​ពី​ប្រទេស​ចំនួន​២៧​ ។

ប្រតិភូ​ចូលរួម​នឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​ ១៩ ​យ៉ាង​ហ្មត់ចត់​ និង​ច្រើន​ដង​ផង​ដែរ​ចាប់ពី​ពួក​គេ​ចាក​ចេញពី​ប្រទេស​របស់​ខ្លួន​មក​ ។​ សម្តេច​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​កម្មវិធី​នោះ ​។ វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ក្រៅពី​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់​ជាតិ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េ​ខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន​-​ឥណ្ឌា​) កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ជា មួយ​ផ្នែក​ឯកជន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ក៏​នឹង​មានកម្ម​វិធី​ដាំ​ដើមឈើ កម្មវិធី​វាយកូនគោល​រដ្ឋមន្ត្រី​ទេស ចរណ៍​អាស៊ាន និង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​នានា​ផង​ដែរ ដែល​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​បង្ហាញ​ពី​ការ​ត្រៀម​រួចរាល់​របស់​កម្ពុជា និង​អាស៊ាន​ទាំងមូល​ក្នុង​ការ​បើក​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ