ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ដំណឹង! សាលី អ៊ូ​មើ​ត ត្រូវ​វះកាត់​បន្ទាន់ ​ខណៈការប្រកួតកម្រិតពិភពលោកជុំទី៣ ចាប់ផ្តើមថ្ងៃនេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត ដែល​ត្រៀម​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក

​រាជធានីភ្នំពេញ ៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត ដែល​ត្រៀម​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក Jet Ski World Cup and World Series 2021-2022 (​ជុំ​ទី​៣) នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​១៣-១៦ ខែមករា ឆ្នាំ​២០២២ នេះ នឹង​ត្រូវ​អវត្តមាន​វិញ​ហើយ ក្រោយ​ពិនិត្យ​ឃើញ​របួស​ប្រេះ​ឆ្អឹងខ្នង ដែល​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់​បន្ទាន់ ។

អ៊ូ​មើ​ត បាន​បញ្ជាក់​ថា ខ្លួន​ពុំ​បានដឹង​នោះ​ទេ​ថា មាន​របួស​បែប​នេះ ។ ដោយ​មាន​អាកា​រៈ​ឈឺចាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​គេ​ទៅ​ពិនិត្យ ហើយ​ដឹង​ថា ប្រេះ​ឆ្អឹងខ្នង ដែល​វេជ្ជបណ្ឌិត​បាន​ប្រាប់​ឲ្យ​ផ្អាក​សកម្មភាព​ហ្វឹក​ហាត់ និង​ការ​ប្រកួត ហើយ​ត្រូវ​ធ្វើការ​វះកាត់​ជា​បន្ទាន់​ទៀត​ផង ។ អ៊ូ​មើ​ត ថា របួស​នេះ អាច​កើតឡើង​អំឡុង​ពេល​ប៉ះទង្គិច​ក្នុង​ការ​ហ្វឹក​ហាត់​ប្រ​មា​ណ​ជា​១​ខែ​មុន តែ​ខ្លួន​មិន​ចាប់អារម្មណ៍ ។

ដោ​សារ​របួស​ដែល​មិន​អាច​អោយធ្វើ​ការ​ប្រកួត​បាន សូ​ម្បី​តែ​ការ​ហ្វឹក​ហាត់​ផង​ដែរ បាន​ធ្វើ​ឲ្យ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ឆ្នាំ​២០១៨ រូប​នេះ មានការ​សោកស្ដាយ​ជា​ខ្លាំង ព្រោះ​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​យូរ​មក​ហើយ ដើម្បី​ត្រៀម​ការ​ប្រកួត​ពិភពលោក​នេះ ក្នុង​គោលបំណង​ដណ្ដើម​លទ្ធផល​ល្អ និង​កិត្តិយស​ជូន​ជាតិ តែ​បែរជា​ត្រូវ​ខកខាន​ទៅ​វិញ ខណៈ​ការ​ប្រកួត​ក៏​ហៀបនឹង​ចាប់ផ្ដើម​ផង​ដែរ ។

យ៉ាងណា​ក្ដី​ពេល​នេះ សាលី អ៊ូ​មើ​ត បាន​ស្នើ​ពន្យារពេល​ការ​វះកាត់​សិន ដើម្បី​ដឹកនាំ​កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា​៤​រូប​ទៀត ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ខាងលើ រួម​មាន​កីឡាករ ម៉ី​ន មូ​ស្ដា​ន​, កៃ​វ៉ា​ន់ ស៊ី​ដែន​, សាលី ហ្វី​លី​ន និង ម៉ី​ន អូ​ស្មាន ។ បន្ទាប់​មក​ទើប​ម្ចាស់​ជើងឯក Jet Ski Pro Tour 2021 រូប​នេះ កំណត់​ពេលវេលា​ធ្វើការ​វះកាត់ ដែល​អាច​នឹង​ធ្វើ​ឡើង​នា​ចុង​ខែមករា​នេះ ។

សម្រាប់​ព្រឹត្តិការណ៍ Jet Ski World Cup and World Series 2021-2022 គឺ​បែងចែក​ការ​ប្រកួត​ជា​៣​ជុំ ដោយ​ជុំ​ទី​១ ប្រកួត​នៅ​ប្រទេស​ប៉ូ​ឡូញ និង​ជុំ​ទី​២ ប្រកួត​នៅ​សហរដ្ឋអាមេរិក កាលពី​ចុងឆ្នាំ​២០២១ តែ​កីឡាករ​កម្ពុជា រួម​ទាំង សាលី អ៊ូ​មើ​ត ពុំ​បាន​ចូលរួម​នោះ​ទេ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ។ ចំពោះ​ការ​ប្រកួត​ជុំ​ទី​៣ នៅ​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ គឺ​មាន​កីឡាករ​កម្ពុជា ៤​រូប​ចូលរួម លើកលែងតែ អ៊ូ​មើ​ត ប៉ុណ្ណោះ ដែល​អវត្តមាន ។

ឆ្លៀតឱកាស​នេះ សូម​ជូនពរ​កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា ជួប​តែ​សំណាងល្អ និង​ទទួល​បាន​លទ្ធផល​ល្អ នៅ​ក្នុង​ការ​ប្រកួត Jet Ski World Cup and World Series 2021-2022 ហើយ​ក៏​សូម​ជូនពរ​កីឡាករ សាលី អ៊ូ​មើ​ត ឆាប់​ជា​សះស្បើយ​ពីរ​បួស ដើម្បី​ត្រឡប់​ចូល​ទីលាន​ប្រកួត​លើ​ឆាក​អន្ដរជាតិ​ឡើង​វិញ ពិសេស​បន្ដដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ