ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកាទេសចរណ៍អាស៊ាន ជាឱកាសផ្សព្វផ្សាយ​កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និង​ប្រកាស​បើកទេសចរណ៍ក្នុងតំបន់អាស៊ាន​ឡើងវិញ

2 អាទិត្យ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅ​ទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩ អស់ពេលជាង ២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះ…

ខេត្តព្រះសីហនុ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅ​ទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩ អស់ពេលជាង ២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន។

គួរ​ជម្រាប​ថា កម្ពុជា​នឹ​ងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍​អាស៊ាន លើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នឹងឈានមកដល់​ហើយ ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរ ដែលពាក់ព័ន្ធ ក៏បានត្រៀមការរៀបចំព្រឹត្តិការណ៍នេះ ស្ទើរតែរួចរាល់ ១០០%ហើយ ទោះបីមានការរំខានពីបញ្ហាកូវីដបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ខ្លះៗ យ៉ាងណាក៏ដោយ។

ជាក់ស្ដែង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ ដែលនៅសេសសល់ចុងក្រោយ សម្រាប់រៀបចំ ATF 2022 នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ ជូនអង្គប្រជុំ​ថា «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍​ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញ ជាផ្លូវការ»។

លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពី «ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍​សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន»។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការងារត្រៀមរៀបចំទាំងនេះ គឺដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ ជៀសវាងមានបញ្ហាខ្វះចន្លោះ រហូតដល់បាត់ម្ចាស់ការណ៍ ដោយប្រការណាមួយ។ ម្យ៉ាងទៀត ក៏ដើម្បីជួយឱ្យថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកចូលរួមមានសុវត្ថិភាព ដែលអាចជំរុញឱ្យមានការផ្សព្វផ្សាយ​អំពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ។

លោកថា ដើម្បីសម្រេចបានគោលដៅទាំងនេះ ត្រូវមានការរៀបចំកិច្ចការងារចាំបាច់ជាច្រើន ដោយអង្គប្រជុំបានពិភាក្សា​លើការធ្វើតេស្តរកមេរោគកូវីដ១៩ ដល់ប្រតិភូអាស៊ាន និងអ្នកចូលរួមជាតិ-អន្តរជាតិទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍​វេទិកាទេសចរណ៍អាស៊ាននេះ ដោយនៅមុនពេលធ្វើដំណើរមកប្រទេសកម្ពុជា អ្នកចូលរួមទាំងអស់ ត្រូវមានប័ណ្ណ ឬឯកសារ​បញ្ជាក់ថា បានទទួលការចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ត PCR រយៈពេល ៧២ម៉ោង មុនធ្វើដំណើរមកដល់កម្ពុជា។ នៅពេល​ពួកគេ​មកដល់ប្រទេសកម្ពុជា ត្រូវទទួលការធ្វើតេស្ត ដោយមន្ត្រីសុខាភិបាលកម្ពុជា នៅអាកាសយានដ្ឋាន។ ម្យ៉ាងទៀត នៅមុនពេលចូលក្នុងសណ្ឋាគារសុខាខេត្តព្រះសីហនុ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននោះ ក៏ត្រូវទទួលការធ្វើតេស្តបន្តទៀតដែរ។

ត្រង់ចំណុចនេះ អង្គប្រជុំបានឯកភាពថា ប្រសិនបើមានអ្នកវិជ្ជមានកូវីដ១៩ ក្រុមមន្ត្រីចំពោះកិច្ច នឹងបញ្ជូនឱ្យពួកគេទៅ​សម្រាកព្យាបាលនៅសណ្ឋាគារក្រវាន់ ដែលមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ប៉ុន្តែប្រសិនធ្វើតេស្តនៅ​អាកាសយានដ្ឋានអន្តរជាតិកងកេង គឺត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅផ្នែកដាច់ដោយឡែកមួយ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ អ្នកដែលធ្វើតេស្តអវិជ្ជមាន នឹងទទួលបានប័ណ្ណបញ្ជាក់ សម្រាប់ពាក់ជាប់តាមខ្លួន មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងរៀបចំកម្មវិធី។

គណៈអធិបតីទាំង ៣រូប និងអង្គប្រជុំទាំងមូល បានឯកភាពគ្នា ជំរុញការចាក់វ៉ាក់សាំងដូសទី៤ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារកម្ពុជា ដែលមានកាតព្វកិច្ចរៀបចំវេទិកាទេសចរណ៍អាស៊ាន (សម្រាប់អ្នកដែលដល់ពេលចាក់ដូសទី៤) ដើម្បីពង្រឹងការធានាសុវត្ថិភាពគ្រប់គ្នា ក្នុងពេលចូលរួមក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍។

អង្គប្រជុំបានពិភាក្សាលើការសម្របសម្រួលលើការងារដឹកជញ្ជូនថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ទាំងជាតិ-អន្តរជាតិ​ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីអាកាសយានដ្ឋានអន្តរជាតិកងកេង និងពីច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាប់នឹងប្រទេសជិតខាងមួយចំនួន ព្រមទាំងការរៀបចំទីតាំងស្នាក់នៅ-អាហារ និងកម្មវិធីកម្សាន្តមួយចំនួន។

លើសពីនេះ ក៏មានការពិភាក្សាអំពីការងារត្រួតពិនិត្យ សម្របសម្រួល និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ គណៈប្រតិភូ ក៏ដូចជាកម្មវិធីទាំងមូលផងដែរ។

អង្គប្រជុំ បានពិភាក្សាលើការរៀបចំផ្នែកពិធីការនៃកម្មវិធីកិច្ចប្រជុំនីមួយៗ ការរៀបចំខ្លឹមសារផ្សព្វផ្សាយ ការសម្របសម្រួល​ជាមួយក្រុមការងារផ្សព្វផ្សាយ និងសារព័ត៌មានជាតិ-អន្តរជាតិ និងការត្រៀមធ្វើសន្និសីទសារព័ត៌មានរបស់រដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន ដែលនឹងមានការប្រកាសបើកទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។

គួរជម្រាបថា ការងាររៀបំព្រឹតិ្តការណ៍ទាំងមូល សម្រេចបានប្រមាណ ៩៥%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍​ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួច​រាល់​ស្របតាមវិធានសុវត្ថិភាព។

លើសពីនេះទៀត រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់​ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះ ប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន ៤០ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ស្ថាប័ន សរុបភ្ញៀវចូលរួម មានចំនួន ៣២២នាក់ មកពីប្រទេសចំនួន ២៧។

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូ​ពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍​ទេសចរណ៍អន្តរជាតិ ក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ច​ទៅកាន់កោះនានាផងដែរ ដែលជាការបោះជំហានដ៏ធំ បង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូល ក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕ សុខ សារ៉ាយ