ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្ដី​ដែលជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ ត្រូវបានដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អួ​ង វុ​ទ្ធា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្ដី​កំណាច​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ…

រាជធានី​ភ្នំពេញ ៖ លោក អួ​ង វុ​ទ្ធា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្ដី​កំណាច​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ បណ្ដាល​ឲ្យ​របួស​ពេញ​ផ្ទៃមុខ ព្រោះតែ​ភ្លើង​ប្រចណ្ឌ ដោយ​ផ្ដន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ទា​រុ​.​ណ​កម្ម និង អំពើ​ឃោរ​.​ឃៅ​ដោយ​ប្រើ​ទឹក​អាស៊ីតខ្លាំង ។

ជនជាប់ចោទ​មានឈ្មោះ ហេង ចាន់​ឌី អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូច ឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ សាលក្រម​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​រម្លឹក​ថា បុរស​ម្នាក់​ដែល​ចុះ​ចោល​ប្រពន្ធ​ទៅ​មាន​ស្រី​ថ្មី រយៈពេល​ដល់​ទៅ​៥​ឆ្នាំ​ហើយ​វិល​ត្រឡប់​មក​សុំ​រួមរស់​ជាមួយ​ប្រពន្ធ​វិញ តែ​ប្រពន្ធ​អត់​ព្រម​ក៏​កើត​ចិត្ត​ក្ដៅក្រហាយ រួច​ធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​ចាក់​ស្រោច​លើ​ប្រពន្ធ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន​បាន​ហើយ ក្រោយ​ពី​រត់គេច​ខ្លួន​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មក ។

ពេល​នេះ​មុខមាត់​ស្ត្រី​រង​គ្រោះ​ដែល​ធ្លាប់តែ​ស្រស់​ស្អាត​ផូរផង់​បាន​បាត់បង់​សម្រស់​ទាំងស្រុង​ដោយសារ​ទឹក​អាស៊ីត ហើយ​គាត់​ក៏​បាន​លើកដៃ​សំពះ​សុំ​ដល់​ថ្នាក់ដឹកនាំ​ជួយ​ដល់​រូប​គាត់​ថែម​ទៀត​ផង ។ ជន​ដៃដល់​ខាងលើ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃា​.​ត កាលពី​វេលា​ម៉ោង​៥​និង​៣០​ល្ងាច ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០២១ ខណៈ​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​គ្រោះ​ព្រោះ​ស្នាដៃ​ប្ដី​កំណាច​ខាងលើ​នោះ ឈ្មោះ លី រ៉ា​នី អាយុ​៥០​ឆ្នាំ មុខរបរ​សន្តិសុខ​យាម រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រង​របួស​ខូច​មុខមាត់​ទាំងស្រុង ព្រមទាំង​រលាក​រលួយ​ខ្លួនប្រាណ​ថែម​ទៀត​ផង ។

ចំណែកឯ​ប្ដី​ហេង ស៊យ ដែល​ជា​ជន​ដៃដល់​ឈ្មោះ ហេង ចាន់​ឌី អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ហេតុការណ៍​នេះ​បាន​កើតឡើង តាំងពី​អំឡុង​ឆ្នាំ​២០២០​មក​ម្ល៉េះ ហើយ​ចំពោះ​សាវតា​អ្នក​ទាំង​២ គឺ​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ពុំ​បាន​រៀប​ការ ឬ​សែនព្រេន​នោះ​ឡើយ ព្រមទាំង​បង្កើត​បានកូន​ស្រី​ម្នាក់ អាយុ​១៣​ឆ្នាំទៅ​ហើយ ។ កាលពី​អំឡុង​ឆ្នាំ​២០១៥ ជន​ដៃដល់​ជា​ប្ដី​រូប​នេះ​បាន​បែកចិត្ត​ផិតក្បត់​ពី​ប្រពន្ធ និង​ចុះ​ចោល​ទៅ​មាន​ស្រី​ថ្មី​ម្នាក់​ទៀត​យ៉ាង​សុខសាន្ត​គ្មាន​អាល័យ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​រស់នៅ​ក្នុង​សភាព​គ្រាំគ្រា​ចិត្ត​តែឯង ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ថា ធ្មេច​បើក​ៗ​រយៈពេល​៥​ឆ្នាំ គឺ​នៅ​ក្នុង​ឆ្នាំ​២០២០ ស្រាប់តែ​ប្ដី​ហេងស៊យ​ចិត្តសាវ៉ា​រូប​នេះ​បាន​វិល​ត្រឡប់​ទៅ​រក​ឆ្នាំង​ចាស់​រូប​នេះ ដើម្បី​រួមរស់​ជាមួយ​គ្នា​វិញ ។ ព្រោះតែ​ឆ្អែត​ចិត្តនឹង​ប្ដី​រូប​នេះ​ខ្លាំង​ពេក ទើប​ប្រពន្ធ​មិន​ព្រម​ឡើយ សុខចិត្ត​រស់នៅ​ឲ្យ​បេះដូង​កំព្រា​ល្អជា​ជាង ព្រោះ​ជន​កំហូច​នេះ​មិន​ត្រឹមតែ​ក្បត់ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ងប់ងុល និង​ល្បែងស៊ីសង​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ​លុយកាក់​នៅ​ក្នុងផ្ទះ​ទៀត​ផង ។

នគរបាល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដោយសារ​តែ​ប្រពន្ធ​បដិសេធន៍​ពុំ​ព្រម​ទទួលយក​វិញ​បែប​នេះ ទើប​ក្លាយជា​ទំនាស់​ហើយ​ជន​នេះ​ខឹង​ប្រពន្ធ​ដាច់​ក្បាល​ដាច់​កន្ទុយ​តែ​ម្ដង ហើយ​បាន​ទិញ​ទឹក​អាស៊ីត​ត្រៀម​ទុក​រួច​ជា​ស្រេច ។ លុះដល់​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ ជន​ដៃដល់​រូប​នេះ​បាន​យក​ទឹក​អាស៊ី​តទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្បែរ​ជណ្ដើរ​ផ្ទះ​ជួល ដែល​ប្រពន្ធ​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈ​ពេល​ជន​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​កំពុង​ដើរ​ចេញពី​ធ្វើការ​ឡើង​លើ​ជណ្ដើរ​ផ្ទះ​ជួល​បាន​២​កាំ​ប៉ុណ្ណោះ ជនសង្ស័យ​ក៏​បាន​យក​ទឹក​អាស៊ីត​ចាក់​ស្រោច​លើ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រមទាំង​ដណ្ដើម​យក​ទូរស័ព្ទ​១​គ្រឿង​ថែម​ទៀត ។ ពេល​នោះ​ជន​រង​គ្រោះ​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង និង​បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​ជន​កំណាច​ជា​អតីត​ប្តី​ក៏​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

នគរបាល​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​ផ្ទៃមុខ និង​ខ្លួនប្រាណ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ទាំង​យប់ ។ ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​លើ​រឿង​នេះ ព្រមទាំង​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​រូប​នេះ​ដែរ ។

ប៉ុន្តែ​រក​ពុំ​ឃើញ រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ ទើប​ទទួល​បាន​ដំណឹង​មក​ថា ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ទើប​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ​ចាប់ខ្លួន​ជន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ