ខេត្តបន្ទាយមានជ័យ ៖ ស្ថិតនៅច្រករបៀងមួយកន្លែង ក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ក្នុងអូរព្រំដែន គេឃើញមានក្បូនសម្រាប់ចម្លងទំនិញ ហើយនៅមាត់អូរព្រំដែនខាងទឹកដីថៃ ក៏មានជុចជ្រូកជាច្រើនផងដែរ ដែលសង្ស័យឈ្មួញនិងសមត្ថកិច្ចឃុបឃិតគ្នាលួចចម្លងទំនិញនៅពេលយប់ ។
ប្រភពឱ្យដឹងថា ផ្លូវចូលទៅមាត់ច្រករបៀងខាងលើ ហាក់សឹករិចដូចផ្លូវមនុស្សបើករថយន្តរាប់សឹកគ្រឿង១ខែៗ ខណៈទីនោះមិនមែនជាផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយផង។ សាកសួររឿងក្បូនបណ្តែតទឹកក្នុងអូរព្រំដែននេះ លោកព្រុំ ភរ ជាមេប៉ុស្តិ៍អូរល្ហុងនៃនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់តាមទូរស័ព្ទដោយទទួលស្គាល់ថា មានការចម្លងជ្រូកមែន ប៉ុន្តែនាំជ្រូកពីកម្ពុជាទៅថៃម្តង១០ទៅ២០ក្បាលតែប៉ុណ្ណោះ ហើយថា មិនមែននាំចូលទំនិញឬជ្រូកពីថៃមកកម្ពុជាឡើយ។
ជុំវិញករណីនេះ លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា កន្លងមក ពុំធ្លាប់មានការនាំជ្រូកចេញពីកម្ពុជាទៅប្រទេសថៃទេ ហើយថា បើជ្រូកនាំចេញពីកម្ពុជាទៅថៃមែន ក៏គ្មានច្បាប់ដែរ ។ លោកបញ្ជាក់ថា លោកនឹងឲ្យក្រុមការងារចុះពិនិត្យមើលលើបញ្ហានេះ ក្រែងមានកាលួចនាំចូលជ្រូកពីប្រទេសថៃ ព្រោះបច្ចុប្បន្ន ជ្រូកនៅប្រទេសថៃ កំពុងជួបបញ្ហាសុខភាពជាមួយជំងឺប៉េស្តអាហ្វ្រិកតាមខេត្តមួយចំនួន។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុន មន្ត្រីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានធ្វើការស្ទាក់ចាប់សាច់ និងគ្រឿងក្នុងជ្រូកជាង១តោន ដឹកតាមរថយន្ត១គ្រឿងលើដងផ្លូវមួយខ្សែក្នុងភូមិសាស្ត្រខាងលើ ហើយប្រភពនានា និងមន្ត្រីជំនាញបានដាក់ការសង្ស័យថា ជាការនាំចូលតាមច្រករបៀង ប៉ុន្តែត្រូវមេប៉ុស្តិ៍អូរល្ហុងនៃនគរបាលព្រំដែនគោកលេខ៨៩១ធ្វើកាដិសេធន៍ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ