រាជធានីភ្នំពេញ ៖ កម្ពុជាបានបន្តខ្ចីថវិកាពីប្រទេសជប៉ុនប្រមាណ ១៨៥ លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ ១៩ ក្នុងដំណាក់កាលទី ២ ។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាកម្ចីនេះប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា ៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម ។
ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីជាង ២៣៧ លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ ១៩ នៅកម្ពុជា ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ ២០២០ ជាង ២៣៧ លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ ។
ក្រៅពីថវិកាកម្ចីខាងលើដល់កម្ពុជា ប្រទេសជប៉ុន បានជំនួយឥតសំណង ជាវ៉ាក់សាំងបង្ការកូវីដ-១៩ រថយន្តសង្គ្រោះ ទូត្រជាក់ដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត ដើម្បីចូលរួមទប់ស្កាត់នឹងជំងឺកូវីដ-១៩ ផងដែរ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា រយៈពេលជាង ២ ឆ្នាំមកនេះ កម្ពុជាបានចាយប្រាក់សន្សំអស់ប្រមាណ ២ ៣០០ លានដុល្លារអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕
ចែករំលែកព័តមាននេះ