ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​ដែល​គ្រោង​មក​កម្ពុ​ជាមួយ​ចំនួន​បាន​លប់​ចោល​ដំណើរ​កម្សាន្ត ក្រោយ​ផ្ទុះ​អូ​មី​ក្រុង

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទទួលភ្ញៀវ​ទេសចរ​មិ​នបាន​ប៉ុន្មាន​ថ្ងៃ​ផង ពេល​នេះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​បាន​ផ្តើម​លុប​ដំណើរ​កម្សាន្ត​មក​កម្ពុជា​វិញ ដោយសារ​វត្តមាន​អូ​មី​ក្រុង​ ។ លោក ​ធូ​ន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ហ្វិ​ក​កម្ពុជា​…

រាជធានី​ភ្នំពេញ ៖ ទទួលភ្ញៀវ​ទេសចរ​មិ​នបាន​ប៉ុន្មាន​ថ្ងៃ​ផង ពេល​នេះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​បាន​ផ្តើម​លុប​ដំណើរ​កម្សាន្ត​មក​កម្ពុជា​វិញ ដោយសារ​វត្តមាន​អូ​មី​ក្រុង​ ។ លោក ​ធូ​ន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ហ្វិ​ក​កម្ពុជា​ បានឱ្យ​ដឹង​ថា ​ការ​ផ្ទុះ​វីរុស​បំប្លែង​អូ​មី​ក្រុង​នៅ​លើ​សកលលោក ពិសេស​នៅ​កម្ពុជា​ផង​នោះ បាន​បង្ក​ការ​ព្រួយបារម្ភ​ជា​ថ្មី​ដល់​ដំណើរ​កម្សាន្ត ក្នុង​វិស័យ​ទេសចរណ៍​ ។

លោក​ថា មេរោគ​កូ​វី​ដ​ ១៩ ​ប្រភេទ​អូ​មី​ក្រុង បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​តំបន់​មួយ​ចំនួន​លុប​ចោលការ​ធ្វើ​ដំណើរ​មក​កម្ពុជា ។ ​«ឥឡូវនេះ​មេរោគ​អូ​មី​ក្រុង បាន​កំពុង​តែ​លុកលុយ​នៅ​តំបន់​អឺរ៉ុប​ និង​តំបន់​អា​មេ​រិ​ក​ និង​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​មក​ពី​តំបន់​នោះ មានការ​រាំងស្ទះ​ក្នុង​ការ​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត» ។

រាល់​ការ​កក់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ពី​អឺរ៉ុប ​និង​អា​មេ​រិ​ក នៅ​ក្នុង​អំឡុង​ខែមីនា ​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ​បាន​លុប​ចោល​បណ្ដើរ​ៗ ថ្វី​ត្បិត​តែ​កម្ពុជា​បើក​ទូលាយ​ក៏​ពិតមែន ។ អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា ទាល់តែ​មាន​ភាព​ចាំបាច់​ទើប​គាត់​មក ដូច្នេះ​អ្នក​ដែល​មិន​ចាំបាច់​គេ​មិន​មក​ដើរ​កម្សាន្ត​នោះ​ទេ​ក្នុង​កាលៈទេសៈ​នេះ ។ លោក​ ធូ​ន ស៊ី​ណា​ន ​បាន​បន្ថែម​ថា យើង​មិន​រំពឹង​ខ្ពស់​ពី​ភ្ញៀវ​ទេសចរ​មក​ពី​ប៉ែក​អឺរ៉ុប និង​អា​មេ​រិ​ក​នោះ​ទេ តែ​យើង​រំពឹង​ភ្ញៀវ​ទេសចរ​មក​ពី​ចិន ឥណ្ឌា​ និង​ប្រទេស​អាស៊ាន មួយ​ចំនួន​ទៀត​ជាដើម​ ។

យ៉ាងណា​ក្ដី​បើ​តាម​លោក ​ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ី​វិល ​បានឱ្យ​ដឹង​ថា កំណើន​អ្នកដំណើរ​ចូល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា មានការ​កើនឡើង​ក្រោយ​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា ឆ្នាំ ​២០២១ បន្ទាប់​ពី​កម្ពុជា​បន្ធូរបន្ថយ​វិធាន​ច​ត្តា​ឡី​ស័ក​ ។ ប៉ុន្តែលោក​ថា អូ​មី​ក្រុង ​នឹង​បង្ក​ផល​ប៉ះពាល់​វិស័យ​អាកាសចរណ៍​ជា​ថ្មី​បន្ទាប់​រក​ឃើញ​នៅ​ប្រទេស​ថៃ រួម​ទាំង​កម្ពុជា​ផង​ដែរ ។

មន្ត្រី​អាកាសចរណ៍​បញ្ជាក់​ថា បើសិនជា​ស្ថានភាព​រាលដាល​នៃ​មេរោគ​នេះ​នៅ​តែ​បន្ត​កើនឡើង​ច្រើន វា​នឹង​ប៉ះពាល់​ធំ​ប៉ុន្តែ បើសិនជា​យើង​អាច​ទប់​ជាប់ វា​ប៉ះពាល់​តិចតួច​ ឬ​ក៏​អាច​មិន​ប៉ះពាល់​តែ​ម្ដង ។ លោក​ ស៊ី​ន ចាន់​សិរី​វុ​ត្ថា ​ថា មក​ដល់​ពេល​នេះអ្នកដំណើរ​ចំនួន និង​ជើងហោះហើរ​មិន​ទាន់​មាន​ថយ​ចុះ​ ឬ​ប៉ះពាល់​ទេ ។

មក​ដល់​ថ្ងៃ​ទី ​១១ ខែ​មក​រា​នេះ អ្នក​ឆ្លង​ថ្មី​នៅ​កម្ពុជា​មាន​ចំនួន ​៣៤ ​នាក់ ជា​ករណី​នាំ​ចូល ​២៤ ​នាក់ និង​ឆ្លង​សហគមន៍ ​១០ ​នាក់ ជា​ប្រភេទ​អូ​មី​ក្រុង​ ។ ប្រមុខ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ និង​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​ក្នុង​ការ​ទប់ស្កាត់​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​ ៕