ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជំរុញ​ការ​នាំ​ចេញ​អង្ករ​ឆ្នាំ​នេះឱ្យ​បាន​ ៨០ ​ម៉ឺន​តោន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្នាំ ​២០២២ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ​នឹង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ចន្លោះ​ពី ៧៥ ទៅ​ ៨០ ​ម៉ឺន​តោន…

រាជធានីភ្នំពេញ ៖ ឆ្នាំ ​២០២២ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ​នឹង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ចន្លោះ​ពី ៧៥ ទៅ​ ៨០ ​ម៉ឺន​តោន បន្ទាប់​ពី​ឆ្នាំ ​២០២១ ការ​នាំ​ចេញ​បាន​ត្រឹម​ជាង ​៦១ ​ម៉ឺន​តោន ​ធ្លាក់​ចុះ​ជិត​ ១១% ។ លោក​ឧកញ៉ា ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ផែនការ​ប្រចាំឆ្នាំ ​២០២២ ​នេះ ត្រូវ​បាន​សហព័ន្ធ​ស្ឬុ​វ​អង្ករ​កំណត់ក្រោយ​ពី​បាន​កញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ថា​ ឆ្នាំ ​២០២២ ​នេះ​ហាក់ដូចជា​ការ​បើក​ទំព័រ​ថ្មី​មួយ​សម្រាប់​ទីផ្សារ​អង្ករ ក្រោយ​ពីការ​កំណត់​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំ​កន្លង​ទៅ​បាន​ផុតកំណត់ ​។ ទីផ្សារ​សហគមន៍​អឺរ៉ុប​កន្លង​មក​ស្រូប​យក​អង្ករ​ពី​កម្ពុជា​បាន​ពី​៣៨​ ម៉ឺន​ទៅ​ដល់ ​៤០​ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ​។ ចំណែក​ទីផ្សារ​ចិន​បាន​ស្រូប​យក​ក្នុង​បរិមាណ​ជាង ​៣០ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ ​ការ​កំណត់​បរិមាណ​អង្ករ ឆ្នាំ ​២០២២ ​ឱ្យបាន​ចំនួន ​៨០ ​ម៉ឺន​តោន​នេះ​ គឺ​ប្រាកដ​អាច​ធ្វើ​ទៅ​បាន​ ។ ​នេះ​ជា​ការ​អះអាង​របស់​លោកឧកញ៉ា ចាន់ សុខ​ឃាំង​ ។

សហគមន៍​អឺរ៉ុប​បាន​នាំមុខ​គេ​ក្នុង​ការ​ទទួល​ទិញ​អង្ករ​កម្ពុជា កាលពី ​៤ ​ឆ្នាំ​មុន​ ។ តែ​ក្រោយ​មកនេះ​ទីផ្សារ​ចិន​បាន​នាំមុខ​វិញ​ម្តង ​។ តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថា ​តាម​រយៈ​គោលដៅ​ថ្មី​នេះ គេ​នឹង​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​ជា​អតិ​ភាព​លើ​ការ​អភិវឌ្ឍ​នូវ​ពូជស្រូវ​ដែល​ឆ្លើយ​តប​តាម​តម្រូវការ​នាំ​ចេញ ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ដល់​ការ​ផលិត​គ្រាប់ពូជ​សុទ្ធ ម៉ាក​អង្ករ​ដែល​បាន​ចុះបញ្ជី​ដូច​ជា ៖ ម្លិះ​អង្គរ និងម៉ាក​សមូហភាព​នៃ​អង្ករ​ស្រូវ​សែន​ក្រអូប និង​អង្ករដំណើប ដែល​នឹង​ត្រូវ​ចុះ​ប​ញ្ជឺ​ខាង​មុខ ​។

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​កន្លង​មក​បង្ហាញ​ថា ​មានក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៦២ ​ក្រុមហ៊ុន បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ៦១៧ ០៦៩ ​តោន មានការ​ថយ​ចុះ​ចំនួន ៧៣. ៧៦០​ តោន (-១០,៦៨%​ បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ៦៩០ ៨២៩​តោន ​។ ​នៅ​ក្នុងបរិមាណ​អង្ករ​បាន​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​សហភាព​អឺរ៉ុប​ចំនួន​២២ ​ប្រទេស មាន​ចំនួន ១៥៥ ៧៧៣​ តោន ថយ​ចុះ​ជា​ថ ​២៣% ។ ​ចំណែក​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ចំនួន ៣០៩ ៧០៩​ តោន កើនឡើង ​៧%) និង​ទិស​ដៅ​អាស៊ាន​ចំនួន ៧ ​ប្រទេស មាន​បរិមាណសរុប​ចំនួន ៦៣ ១៦៥ ​តោន​បាន​ថយ​ចុះ​ជាង​ ២៧ និង​ទិស​ដៅ​ដទៃ​ទៀត​ចំនួន ​២៤ ប្រទេស មាន​បរិមាណ​សរុប ៨៨ ៤២២​ តោន ថយ​ចុះ ២០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ