ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ព្រមាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ជា​ថ្មី ខណៈ​ពលរដ្ឋ​ខ្លះ​ធ្វេសប្រហែស

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ថា ផ្ទុះ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជា​ថ្មី​ម្តងទៀត អាច​នឹង​កើត​មាន បន្ទាប់​ពី​សង្កេត​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ថា ផ្ទុះ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជា​ថ្មី​ម្តងទៀត អាច​នឹង​កើត​មាន បន្ទាប់​ពី​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន និង​មាន​ខ្លះ​ទៀត​មានការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ខណៈ​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ក្នុង​សហគមន៍ ក្នុង​រយៈពេល​៣​ថ្ងៃនេះ​បាន​ឡើង​ដល់ ១៤ ករណី ហើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង សារាចរ ស្តី​ពី «​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ដែល​មាន​ចំនួន​៣​ទំព័រ ថា «​ខណៈ​ពេល​ដែល​ប្រទេស​ជាតិ ត្រូវ​បើក​ដំណើរការ​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ ហើយ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ស្ថិត​ក្នុង​សភាព​ធូរស្រាល និង​អាច​គ្រប់គ្រង​វិញ​បាន រាជរដ្ឋា​ភិបាល​ពិនិត្យ​ឃើញ​ថា ប្រជាជន​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ​នៅ​ឡើយ និង​ចំនួន​ប្រជាជន​ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ នៅ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​រួច​» ។

«​ហើយ​ទន្ទឹម​នេះ ប្រជាជន​មួយ​ចំនួន​ហាក់​បាន​និង​កំពុង​មានការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខា​ភិបាល ជា​ពិសេស វិធានការ «៣​កុំ ៣​ការពារ​» ដែល​អាច​ជា​កត្តា​ប្រឈម​នឹង​ការ​ផ្ទុះ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជា​ថ្មី​ម្តងទៀត​» ។ ទន្ទឹម​នេះ ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ចាប់ផ្តើម​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​វត្តមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ក្នុង​សហគមន៍​ផង​ដែរ » ។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ នៅ​ក្នុង សារាចរ ចុះ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០២២ ។

ផ្អែក​លើ​បរិបទ​ខាងលើ​នេះ ជា​ពិសេស ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ក្នុង​សហគមន៍ រាជរដ្ឋាភិបាល តាម​រយៈ​សារាចរ​ថ្មី​មួយ​នេះ បាន​ណែនាំ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​, គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​យន្តការ​ដែល​មានការ​ពាក់ព័ន្ធ​ផ្សេង​ទៀត ព្រមទាំង​ប្រជាជន​ទូទៅ អនុវត្ត​នូវ​កិច្ចការ​មួយ​ចំនួន ដូច​ជា ៖

ទី​១- គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដោយ​សហការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និង​យន្តការ​ដែល​មានការ​ពាក់ព័ន្ធ ត្រូវ​ជំរុញ និង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ-១៩ ទាំង​ដូ​ស​មូលដ្ឋាន ទាំង​ដូ​ស​ជំរុញ ដែល​ជា​ខ្សែក្រវាត់​ការពារ​ទី​១ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិបាល ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ-១៩ ជូន​ដល់​ប្រជាជន​នៅ​ក្នុងភូមិ​សាស្ត្រ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន ឱ្យ​សម្រេច​បាន​ឆាប់រហ័ស ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាពស៊ាំ​សហគមន៍​រឹង​មាំ​ពិតប្រាកដ​មួយ សំដៅ​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់ បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ «​អូ​មី​ក្រុង​»​។

សារាចរ​ក៏​បាន​ណែនាំ​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ត្រូវ​បន្ត​ពង្រឹង​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​របស់​ខ្លួន​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការងារ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ ទាំង​សម្រាប់​ក្រប​ខណ្ឌ​រាជធានី​-​ខេត្ត​នីមួយ​ៗ​ដាច់​ដោយឡែក​ពី​គ្នា ទាំង​សម្រាប់​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ព្រមទាំង​ត្រូវ​ពង្រឹង​យន្តការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា ទាក់ទង​នឹង​ការ​អនុវត្ត​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាជន ។

ជាក់ស្តែង​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​ការ​សម្របសម្រួល​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ឱ្យ​ត្រូវ​ទៅ​នឹង​ស្ថានភាព ជាក់ស្តែង​នៅ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ និង​ការ​ធានា​ផ្គត់ផ្គង់​ឱ្យ​បាន​ទាន់​ពេលវេលា និង​មិន​ត្រូវ​ខ្វះ​វ៉ាក់សាំង​ជូន​ដល់​បណ្តា​រាជធានី​-​ខេត្ត​។

សារាចរ របស់​រាជរដ្ឋាភិបាល​ក៏​បាន​ណែនាំ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​, អនុ​គណៈ​កម្មការ​អប់រំ​បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​សហការ​គ្នា បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​អំពី «​ភាព​ចាំបាច់​នៃ​ការ​ចាក់​វ៉ាក់សាំង​កូដ -១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ដើម្បី​ឱ្យ​ប្រជាជន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​ៗ​គ្នា​» ។

ក្នុង​នោះ​ផង​ដែរ គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា ក្នុងភូមិ​សាស្ត្រ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ពង្រឹង និង​ជំរុញ​ការ​អនុវត្ត​វិធានការ «៣​កុំ ៣​ការពារ​» និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេង​ទៀត ជា​ពិសេស ការ​ពាក់​ម៉ាស​, ការ​រក្សា​គម្លាត​សុវត្ថិភាព និង​ការ​ធ្វើ​អនាម័យ​ជាប់​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ