រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា ម្សិលមិញកម្ពុជាបានរកឃើញករណីឆ្លងអូមីក្រុងក្នុងសហគមន៍ចំនួន៣ករណី បន្ថែមទៀត នាំឲ្យអូមីក្រុង ឆ្លងចូលសហគមន៍ឡើងដល់៤ករណីហើយ ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ពីការរកឃើញករណីអូមីក្រុង ៣ ករណីបន្ថែមក្នុងសហគមន៍ នាឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
កម្ពុជាបានរកឃើញការឆ្លងក្នុងសហគមន៏ ៣ ករណីបន្ថែមកាលពីថ្ងៃទី ៩ ខែមករា ខណៈករណីឆ្លងដំបូងបង្អស់ក្នុងសហគមន៍ គឺរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ នៅខណ្ឌឫស្សុីកែវ រាជធានីភ្នំពេញ ។ បើតាមក្រសួងសុខាភិបាល បុរសជនជាតិខ្មែរវ័យ ២៣ ឆ្នាំដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលអូឡាំពិក បានទៅកាន់ច្រើនកន្លែងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តកំពត ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ០៩ ខែមករា ម្សិលមិញថា មានមនុស្ស ៦ នាក់ដែលពាក់ព័ន្ធផ្ទាល់ជាមួយបុរសខ្មែរកើតអូមីក្រុង ក្នុងនោះ បងប្អូនជីដូនមួយមកពីអូស្ត្រាលី នៅកំពត ៣ នាក់ និងនៅភ្នំពេញ ចំនួន ២ នាក់ ។
សូមរំលឹក ៖ បន្ទាប់ពីផ្ទុះករណីឆ្លងអូមីក្រុង លើបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំម្នាក់ នៅទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាករណីឆ្លងសហគមន៍លើកដំបូង នៅកម្ពុជា គឺការឈានទៅបិទខ្ទប់ប្រទេស រាជធានីខេត្ត ឬតំបន់ណាមួយនោះ គឺអាស្រ័យលើប្រជាពលរដ្ឋ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា «រឿងវិធានការបិទខ្ទប់ ឬមិនបិទខ្ទប់នេះ ជាការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។ ប៉ុន្តែស្ថានភាព ដែលថា អាចឈានទៅបិទខ្ទប់ ឬក៏មិនបិទខ្ទប់នេះ ក៏វាអាស្រ័យទៅលើការចូលរួមអនុវត្តវិធានការសុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋដែរ ហើយខ្ញុំជឿជាក់ថា បងប្អូនយើង លោកមិនចង់ទេ ទាំងខ្ញុំ ក៏មិនចង់។ យើងមិនចង់ទេ។ យើងមិនចង់ឲ្យយើងដើរថយក្រោយទេ។
មានន័យថា យើងមិនចង់ឲ្យមានការបិទខ្ទប់ ឬក៏យើងមិនចង់ឆ្លងកាត់នូវស្ថានភាពមួយ ដែលវិរុសកូវីដ១៩ វ៉ៃលុកខ្លាំងក្លានៅក្នុងសហគមន៍យើងនោះទេ។ អីចឹង យើងត្រូវធ្វើម៉េច ដើម្បីកុំឲ្យវិរុសកូវីដ១៩ វ៉ៃលុកខ្លាំងក្លានៅក្នុងសហគមន៍យើង? នេះជាសំណួរមួយ ដែលយើងត្រូវឆ្លើយទាំងអស់គ្នា។ មិនមែនជាសំណួរមួយ ដែលសម្រាប់តែក្រសួងសុខាភិបាល ជាអ្នកឆ្លើយ ឬក៏ផ្នែកណាមួយ ជាអ្នកឆ្លើយនោះទេ ពីព្រោះទាមទារនូវការចូលរួមពីគ្រប់ផ្នែកទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋ»។
លោកស្រី វេជ្ជបណ្ឌិត ក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តរស់នៅតាមគន្លងប្រក្រតីថ្មី ដោយបន្តការពារ និងទប់ស្កាត់កូវីដ១៩ តាមរយៈការអនុវត្តវិធានការ ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនទាំងអស់ ៕
ចែករំលែកព័តមាននេះ