រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះថា បុរសខ្មែរ វ័យ ២៣ ឆ្នាំដែលជាអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ពុំមានប្រវត្តិធ្វើដំណើរពីទៅបរទេសនោះទេ ។
«បុរសជនជាតិខ្មែរ រូបនេះ គាត់អត់មានប្រវត្តិធ្វើដំណើរពីបរទេសអ្វីទេ គឺគាត់បានធ្វើដំណើរនៅក្នុងតែព្រះរាជណាចក្រកម្ពុជារបស់យើងទេ ដូចសេចក្តីជូនព័ត៌មានក្រសួងសុខាភិបាលបានផ្សាយជូនហើយ» ។ នេះជាបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានថា តើបុរសជនជាតិខ្មែរ ដែលមានវ័យ ២៣ ឆ្នាំ មានទីលំនៅនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលក្រសួងសុខាភិបាល បានប្រកាសព័ត៌មានជូនកាលពីយប់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះថា ជាករណីរកឃើញជាដំបូងឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង »នៅក្នុងសហគមន៍ ធ្លាប់ធ្វើដំណើរពីទៅក្រៅប្រទេសឬយ៉ាងណា កាលពីពេលថ្មីៗនេះ? និងតើគាត់សង្ស័យថា ឆ្លងពីប្រភពណាមក? ។
យ៉ាងណាមិញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា បុរសវ័យ ២៣ឆ្នាំ ដែលជាអ្នកឆ្លង «អូមីក្រុង» ក្នុងសហគមន៍ដំបូងគេនៅកម្ពុជា ដែលកំពុងទទួលការព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក រាជធានីភ្នំពេញ គឺស្ថានភាពសុខភាពធម្មតា «មិនមានអ្វីគួរកត់សម្គាល់នោះឡើយ» ។
សូមរម្លឹកថា លោកជំទាវវេជ្ជបណ្ឌិត អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៦ នាក់ (៣នាក់នៅខេត្តកំពត ២នាក់នៅរាជធានីភ្នំពេញ និងបងប្អូនជីដូនមួយមកពីអូស្ត្រាលី) បានពាក់ព័ន្ធផ្ទាល់ជាមួយបុរសអ្នកជំងឺខាងលើ ។ ទន្ទឹងនឹងនោះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានយកសំណាកធ្វើតេស្ត និងកំពុងរង់ចាំលទ្ធផលតេស្តសំណាក ។
លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា «ប៉ុន្តែអ្វីដែលជាការសំខាន់នោះ គាត់បានរួមដំណើរជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់ ដែលបងប្អូនជីដូនមួយរបស់គាត់នេះ មកពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ។ ហើយគាត់បានដើរលេងជាមួយគ្នា ។ ហើយបច្ចុប្បន្ននេះ បងប្អូនជីដូនមួយរបស់គាត់ ក៏ស្ថិតនៅក្រោមការតាមដាន និងធ្វើតេស្តវិភាគ ដែលយើងមិនទាន់ទទួលបាននូវលទ្ធផលនូវឡើយ ។ យើងកំពុងតែរង់ចាំលទ្ធផលវិភាគ» ។
«ហើយក្រសួងសុខាភិបាល ក៏បានចាត់ចែងដើម្បីធ្វើការស្រាវជ្រាវហើយទៅតាមទីតាំង ដែលបុរសដែលយើងបានរកឃើញថា មានវីរុស កូវីដ-១៩ «អូមីក្រុង» នេះ នៅតាមទីកន្លែងមួយចំនួន ។ នៅក្នុងនេះ គឺយើងបានស្រាវជ្រាវរកឃើញថា អ្នកដែលមានប៉ះពាល់ផ្ទាល់ជាមួយគាត់ នៅខេត្តកំពត ពីព្រោះផ្ទះសម្បែងរបស់គាត់ គឺនៅខេត្តកំពត ហើយនៅទីនោះ យើងមាន៣នាក់កំពុងស្ថិតនៅក្រោមការតាមដាននិងវិភាគសំណាកពីមន្ទីរពិសោធន៍ដែរ យើងកំពុងរង់ចាំលទ្ធផលដែរ… ចំណែកនៅឯរាជធានីភ្នំពេញវិញ ក៏មានអ្នកប៉ះពាល់ផ្ទាល់ចំនួន ២ រូប និងកំពុងចាំលទ្ធផលផងដែរ» ។
ជាមួយគ្នានោះផងដែរ លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានចាត់វិធានការភ្លាមៗចំពោះករណីដំបូងនៃការឆ្លងក្នុងសហគមន៍នេះ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដុតដៃដុតជើងអនុវត្តនូវវិធាន «៣ការពារ ៣កុំ» ជាពិសេសជម្រុញឱ្យពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាំពិសេសគឺដូសជម្រុញ ដូសទី៣ និងដូសទី៤ ។
គួររំលឹកទៀតថា ៖ លោកជំទាវ ឱ វណ្ណឌីន ថ្លែងអំពីអ្នកពាក់ព័ន្ធនឹងបុរសខ្មែរកើតកូវីដបំប្លែងថ្មី អូមីក្រុង ៕
ចែករំលែកព័តមាននេះ