រាជធានីភ្នំពេញ ៖ នៅទីបំផុតអតីតតារាសម្តែងអ្នកនាង ម៉ៅ សុចាន់ធី បានសម្រេចផ្សះផ្សារជាមួយស្វាមីវ័យក្មេងវិញហើយ បន្ទាប់ពីផ្ទុះជម្លោះបែកផ្សែងរហូតឈានដល់ការផ្តាច់ទំនាក់ទំនងចំណងស្នេហ៍ជាប្តីប្រពន្ធនឹងគ្នា។
អ្នកនាង ម៉ៅ សុចាន់ធី សុខចិត្តភ្ជាប់និស្ស័យស្នេហ៍ជាមួយលោក រ៉ាមូ ដែលបានរៀបមង្គលការតាមផ្លូវច្បាប់ បន្ទាប់ពីស្វាមីរបស់អ្នកនាងដែលមានដើមកំណើតនៅក្នុងខេត្តបាត់ដំបងរូបនេះព្រមទទួលកំហុសគ្រប់បែបយ៉ាង។
អ្នកនាង ម៉ៅ សុចាន់ធី បានលើកឡើងថា ក្រោយពីធ្វើការទំនាក់ទំនង និងនិយាយគ្នារកហេតុផលមួយរយៈចុងក្រោយនេះ នៅទីបំផុតអ្នកនាង និងស្វាមីសម្រេចសម្រុះសម្រួលគ្នាជាថ្មីឡើងវិញ។ អ្នកនាងបញ្ជាក់ថា តាមពិតកំហុសកន្លងមក មិនមែនកើតឡើងដោយសារស្វាមីរបស់អ្នកនាងទាំងស្រុងនោះឡើយ ពោលគឺមួយផ្នែកក៏មកពីអ្នកនាងផងដែរ។
អ្នកនាងបញ្ជាក់ទៀតថា កំហុសនោះ គឺដោយសារអ្នកនាងបានហាមឃាត់មិនអោយស្វាមីដែលរស់នៅស្រុកខ្មែរមិនអោយទៅធ្វើការដែលគាត់ចង់ធ្វើ ដោយអ្នកនាងចង់អោយស្វាមីនៅតែផ្ទះ ឬក៏រៀនជំនាញណាមួយវិញ។ ចំណុចនេះហើយ ដែលធ្វើអោយស្វាមីអ្នកស្រីមានការខឹងសម្បារហូតផ្ទុះជម្លោះជាមួយអ្នកនាង ឈានដល់ផ្តាច់ទំនាក់ទំនងជាមួយគ្នាតែម្តង។
យ៉ាងណា បើតាមអ្នកនាង ម៉ៅ សុចាន់ធី ថា ក្រោយផ្តាច់ទំនាក់ទំនងអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង និងស្វាមីក៏បានផ្សះផ្សាគ្នាជាថ្មីឡើងវិញ បន្ទាប់ពីស្វាមីអ្នកស្រីព្រមទទួលកំហុស។ អ្នកនាងបញ្ជាក់ថា តាមពិត អ្នកនាងក៏មិនចង់បែកបាក់គ្នាដែរ កន្លងមក តែដោយសារការខឹងគ្នាមួយឆាវ ទើបធ្វើអោយនិស្ស័យស្នេហ៍របស់អ្នកនាងនិងស្វាមីត្រូវបានកាត់ផ្តាច់ និងមើលមុខគ្នាមិនចំបែបនេះ។
ទោះជាយ៉ាងណា អ្នកនាង ម៉ៅ សុចាន់ធី បានបញ្ជាក់បន្ថែមថា ក្រោយពីត្រូវរ៉ូវជាមួយស្វាមីវិញនោះ អ្នកនាងនឹងពិចារណារៀបចំឯកសារធានាស្វាមីទៅរស់នៅអាមេរិកឡើងវិញ ខណៈពេលអ្នកស្រីក៏នឹងលៃពេលសមស្របណាមួយ ដើម្បីចុះទៅស្រុកខ្មែរជួបមុខស្វាមីរបស់អ្នកនាងជាថ្មីម្តងទៀតដែរ៕
ចែករំលែកព័តមាននេះ