ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃ​កើនឡើង​១២% ខណៈ​ថៃ​នាំ​ចូល​មក​វិញ​ធ្លាក់​ចុះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​ប្រមាណ​១,៧​ប៊ី​លាន​ដុល្លារ ក្នុង​នោះ ថៃ​នាំ​ចូល​មក​កម្ពុជា​ប្រហែល​១,៤​ប៊ី​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​ប្រមាណ​១,៧​ប៊ី​លាន​ដុល្លារ ក្នុង​នោះ ថៃ​នាំ​ចូល​មក​កម្ពុជា​ប្រហែល​១,៤​ប៊ី​លាន​ដុល្លារ ចំណែក​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ប្រមាណ​៣៥០​លាន​ដុល្លារ ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ថយ​ចុះ​ប្រហែល​១៥%​។ នេះ​បើ​តាម​មន្ត្រី​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ក្នុង​ឆ្នាំ​២០១៦ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា កន្លង​មក លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​នាំ​ទំនិញ​របស់​ថៃ​មក​កម្ពុជា បាន​ថយ​ចុះ​២០% តែ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​កើនឡើង​១២% ។

លោកស្រី​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​ការ​នាំ​ចូល​របស់​ថៃ​មក​កម្ពុជា ធ្លាក់​ចុះ​នេះ​គឺ ១-​តម្លៃ​ប្រេងឥន្ធនៈ​ចុះថោក ដែល​កាលពីមុន​ក្នុង​មួយ​បារ៉ែល​មាន​តម្លៃ​រហូត​ដល់​១០០​ដុល្លារ តែ​ឥឡូវនេះ តម្លៃ​ប្រហែល​៥០​ដុល្លារ​ប៉ុណ្ណោះ​។ ២-​ការ​នាំ​ចូល​សម្ភារ​គ្រឿងសំណង់​របស់​កម្ពុជា បាន​ថយ​ចុះ ពីព្រោះ​កម្ពុជា​បាន​ងាក​ទៅ​នាំ​ផលិតផល​ទាំងនេះ​ពី​ប្រទេស​ចិន វៀតណាម ឬ​ប្រទេស​ផ្សេង​ៗ​ជំនួស​វិញ និង​៣-​ក្រៅពី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស កម្ពុជា​ថែម​ទាំង​អាច​ផលិត​ស៊ីម៉ង់ត៍​បានជា​ច្រើន​លាន​តោន និង​ផលិតផល​ប្រើប្រាស់​ផ្សេង​ទៀត ។

ចំពោះ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ថៃ​មានការ​កើនឡើង​នោះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កម្ពុជា​អាច​គ្រប់គ្រង​លំហូរ​ពាណិជ្ជកម្ម និង​ការ​កត់ត្រា​បាន​ប្រសើរ​ជាង​មុន ។ កម្ពុជា​មាន​គោលនយោបាយ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​លើ​គ្រប់​វិស័យ ហើយ​បាន​បំផុស​តាំងពី​ការ​ដាំ​ដុះ ការ​ផលិត រហូត​ដល់​ការ​នាំ​ចេញ ។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ផ្សព្វផ្សាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​ផង​ដែរ ។

លោកស្រី សឹង សុ​ផា​រី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា ៖ « ពួក​គាត់​[​អាជីវករ​-​ពាណិជ្ជករ​]​ដឹង​ច្បាស់​ថា រដ្ឋ​ជួយ​ឧបត្ថម្ភ​អ្វីខ្លះ និង​គួរ​នាំ​ចេញ​ទៅ​ច្រក​ណាខ្លះ គឺ​ពួក​គាត់​យល់​ដឹង​ច្រើន​ជាង​ពេល​មុន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​កើនឡើង » ។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​នាំ​ចូល​ទំនិញ​ពី​ថៃ​ថយ​ចុះ​នេះ កាលពីដើម​ឡើយ​ប្រភព​ដែល​នាំ​ចូល​មាន​តែ​ពី​ប្រទេស​ថៃ និង​ប្រទេស​ជិតខាង​កម្ពុជា​ទេ ពីព្រោះ​របស់​វា​ធូរ​ថ្លៃ ប៉ុន្តែ​មក​ដល់​ឥឡូវនេះ ជីវភាព​ក៏​កើនឡើង ហើយ​ប្រទេស​ដែល​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ទាំង​នៅ​ក្នុង និង​ក្រៅ​តំបន់​មាន​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ផលិតផល​របស់​ពលរដ្ឋ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ និង​ដោយសារ​សេដ្ឋកិច្ច​ប្រែប្រួល​ផង​ដែរ ។

លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល ក៏​បាន​ថ្លែង​ដែរ​ថា តាម​ការ​សង្កេត កម្ពុជា​បាន​ចាប់ផ្តើម​ផលិត​ទំនិញ​បាន​មួយ​ចំនួន​ធំ ជា​ពិសេស​មុខទំនិញ​ជា​ម្ហូបអាហារ ដោយសារ​កម្ពុជា​មាន​រោងចក្រ​សិប្បកម្ម​កែ​ច្នៃ​ម្ហូបអាហារ​បាន​ច្រើន ដែល​ជា​កត្ដា​កាត់​បន្ថយ​ការ​នាំ​ចូល​នូវ​ទំនិញ​ទាំង​អស់នោះ ។

ទោះបី​យ៉ាងណា លោកស្រី​រំពឹង​ថា នៅ​ដំណាច់ឆ្នាំ​២០១៦​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ អាច​នឹង​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៥ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៥.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោកស្រី​ថា ៖ « ដើម្បី​រក្សា​កំណើន​ការ​នាំ​ចេញ​ទំនិញ​មក​កម្ពុជា យើង​ត្រូវ​រក្សា​ទីផ្សារ​ដែល​កំពុង​មាន​សព្វ​ថ្ងៃនេះ​ឲ្យ​បាន​ស្ថិតស្ថេរ និង​ព្យាយាម​ផ្សព្វផ្សាយ​ពី​ទំនិញ​របស់​ថៃ ដើម្បី​ឲ្យ​មាន​លក់​នៅ​គ្រប់​ទីផ្សារ​នៃ​ខេត្ត​-​ក្រុង​របស់​កម្ពុជា​។ លើស​ពី​នេះ​ទៀត យើង​ព្យាយាម​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា សម្រាប់​មុខទំនិញ​ថ្មី​ដែល​មិន​ទាន់​មាន​លក់​ផង​ដែរ តាម​រយៈ​ការ​រៀបចំ​តាំងពិព័រណ៍ ដោយ​ផ្តល់​ឱកាស​ដល់​ពាណិជ្ជករ​ថៃ​អាច​យក​ផលិតផល​របស់​ខ្លួន​មក​តាំង​បង្ហាញ​ជូន​អាជីវករ និង​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​បានឃើញ​និង​ស្គាល់ ហើយ​ក៏​ជា​ការ​សាកល្បង​ទីផ្សារ​ទំនិញ​ថ្មី​ផង​ដែរ ។ ពេល​នោះ​យើង​នឹង​អាច​ពង្រីក​មូលដ្ឋាន​ទំនិញ​ថ្មី និង​មាន​តំណាង​ចែកចាយ​នៅ​កម្ពុជា​បន្ថែម​» ។

នេះ​ជា​ហេតុផល​ចម្បង​ដែល​អាច​ជួយ​រក្សា​នូវ​ទំហំ​ទឹកប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​កម្ពុជា​-​ថៃ​ស្ថិត​ក្នុង​កម្រិត​ដដែល និង​កើនឡើង​បន្ថែម​ទៅ​តាម​ការ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​របស់​យើង ៕