ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋអំណាច​មួយ​សំណុំ​ជាប់ចោទ​ប្លន់​ដី​រាស្ត្រ កសិករ​5​គ្រួសារតវ៉ា

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ​រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច អះអាង​ថា ពួក​គាត់​បាន​ក្លាយជា
ជន​រង​គ្រោះ​ដោយសារ​មន្ត្រី​មាន​អំណាច

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ​រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច អះអាង​ថា ពួក​គាត់​បាន​ក្លាយជា
ជន​រង​គ្រោះ​ដោយសារ​មន្ត្រី​មាន​អំណាច​មួយ​ក្រុម​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​៥​ប្លង់ ប្លន់​យក​ដី​លំនៅ​ឋាន​របស់​ពួក​គាត់ ដែល​បាន​កាន់កាប់​ជាង​២០​ឆ្នាំ​មក​ហើយ ។ ពួក​គាត់​អះអាង​ថា ក្រុម​មន្ត្រី​ទាំងនោះ បាន​ប្តឹង​ទាមទារ​យក​ដី​ពី​ពួក​គាត់​នៅ​តុលាការ​ជាង​១១​ឆ្នាំ​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ កាន់តែ​ក្រីក្រ​ឡើង​ៗ ព្រោះតែ​ត្រូវ​ចំណាយ​លុយ​ឱ្យ​មេធាវី និង​ឡើង​ចុះ​ៗ​នៅ​តុលាការ​មិន​ចេះ​ចប់​សោះ ។

នៅ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ពួក​គាត់​ទាំង​៥​គ្រួសារ​ដែល​មាន​សមាជិក​ជាង​៤០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ដោយ​ស្នើ​សុំ​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​នេះ​ជូន​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​កំពុង​តែ​ក្រីក្រ​ៗ​ទៅ ដោយសារ​តែ​រឿង​គេ​រំលោភ​នេះ ។

ប្រជាពលរដ្ឋ​ទាំងនេះ​រៀបរាប់​ថា ពួក​គាត់​ទាំង​៥​គ្រួសារ​មាន ១-​មៀ​ច សឿ​ន​(​ស្រី​) ២-​មៀ​ច ស៊ី​ម​(​ស្រី​) ៣-​មៀ​ច នៅ​(​ប្រុស​) ៤-​មៀ​ច ចិន​(​ប្រុស​) និង​៥-​មៀ​ច រស់​(​ប្រុស​)​។ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ពួក​គាត់​បាន​កាន់កាប់​ធ្វើស្រែ​លើ​ដី​ជាប់​ថ្នល់ជាតិ​នេះ រហូត​មក ។ លុះ​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០០៥ ស្រាប់តែ​មាន​ត្រាក់ទ័រ​១​គ្រឿង​មក​ឈូស​ដីស្រែ ពួក​គាត់​ក៏​នាំ​គ្នា​ឃាត់ ហើយ​សួរ​រកមុខ​អ្នក​ដែល​ឱ្យ​ត្រាក់ទ័រ​ឈូស​ដី​នេះ ។ ខណៈនោះ​ស្រាប់តែ​លេចមុខ​មន្ត្រី​១​ក្រុម ជា​អ្នកមាន​អំណាច​លើ​ដីធ្លី ចេញ​មុខ​អះអាង​ថា ដី​នេះ​ជា​ដី​ពួក​គេ​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ត្រឹមត្រូវ គឺ​រួម​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដីស្រែ​ពួក​គាត់ ។

មន្ត្រី​មាន​អំណាច​ទាំងនោះ​គឺ ១-​លោក នួន វ៉េ​ត មេឃុំ​លង្វែក​(​ប័ណ្ណ​ដី​លេខ​R92823) ២-​លោក ម៉ៅ សូត្រ មន្ត្រី​កសិកម្ម​ឃុំ​លង្វែក​(​ប័ណ្ណ​ដី​លេខ R92822) ៣-​លោក យិ​ន ពេញ មន្ត្រី​ភូមិបាល​ស្រុក ៤-​លោក ខ្ចៅ ប៊ុ​ន​លី​(​កូនប្រសា​លោក យិ​ន ពេញ​) និង​៥-​លោក កុយ ជ្រ​ន ប្រធាន​ភូមិបាល​ស្រុក​កំពង់ត្រឡាច​(​ប័ណ្ណ​ដី​លេខ​R928221) ។ ក្រោយ​ពេល​ឃាត់​មិន​ឱ្យ​ឈូស​ឆាយដី​លើ​ក្បាល​ស្រែ​ពួក​គាត់​រួច​មក ហើយដោយ​ខ្លាច​បាត់បង់​ដី​ដែល​បាន​កាន់​តាំងពី​ឆ្នាំ​១៩៧៩​មក ពួក​គាត់​ក៏​នាំ​គ្នា​ឈូស​ពង្រាប​ដីស្រែ និង​សាងសង់​លំនៅ​ឋាន​រស់នៅ​លើ​ដី​នេះ តាម​បណ្តោយ​ផ្លូវជាតិ​មាន​ទំហំ​១២៥​ម៉ែត្រ​គុណ និង​៣៥​ម៉ែត្រ រហូត​មក​ដល់​សព្វថ្ងៃ ដោយ​ក្នុង​១​គ្រួសារ​ៗ​កាន់កាប់​ដី​ទំហំ​៣៥​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែ​ត្រ ។

ក្រោយមក ស្រាប់តែ​មន្ត្រី​មាន​អំណាច និង​បក្សពួក​ខាងលើ​នេះ បាន​ប្តឹង​ពួក​គាត់​ទៅ​សាលាដំបូង​ខេត្ត​ដោយ​ចោទប្រកាន់​ថា ពួក​គាត់​ជា​អ្នក​រំលោភ​យក​ដី​ពួក​គេ​ទៅ​វិញ ។ រឿង​នេះ​បាន​ប្តឹង​តទល់​គ្នា​រហូត​ដល់​តុលាការ​កំពូល ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​១១​ឆ្នាំ​ហើយ​មិន​ទាន់​ចប់​ទេ ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​ក្រ​ទៅ​ៗ​។ ហេតុនេះ ទើប​ពួក​គាត់​ជួបជុំ​គ្នា​សំពះ​គោរព​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ខាងលើ​នេះ​ជូន​ពួក​គាត់​ជា​ជន​ក្រីក្រ​ផង ។

តាម​ឯកសារ​បំភ្លឺ​របស់​លោក វ៉េ​ត យ​ន មេឃុំ​លង្វែក ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចុះ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០០៥ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខាងលើ​ពិតជា​បាន​កាន់កាប់​ធ្វើស្រែ​តាំងពី​ឆ្នាំ​១៩៧៩ ប្រាកដ​មែន ។ ចុះ​ហេតុ​អ្វី​ពួក​គាត់​រស់នៅ​ក្នុងភូមិ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​មិន​បាន តែ​បែរជា​មន្ត្រី​ខាងលើ​ដែល​រស់នៅ​ក្នុងភូមិ​ផ្សេង ឃុំ​ផ្សេង​សោះ ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើ​ដី​ដែល​ពួក​គាត់​កាន់កាប់​បាន​ទៅ​វិញ មិន​ខុស​លួច​ធ្វើ​ប័ណ្ណ​លើ​ដី​ដែល​គេ​កាន់កាប់ ។

ជុំវិញ​បញ្ហា​នេះ លោក កុយ ជ្រ​ន អតីត​ប្រធាន​ភូមិបាល​ស្រុក​កំពង់ត្រឡាច និង​ជា​អ្នកមាន​ឈ្មោះ​ប្តឹង​ទាមទារ​ដី​ពី​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ដែរ ដែល​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​៤​ឆ្នាំ​ហើយ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល និង​ម្យ៉ាង​គាត់​មាន​ជំងឺ​ទើប​វះកាត់​ហើយ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ​លោក ហ៊ុន ច័ន្ទ​ថូ អតីត​អភិបាលស្រុក​កំពង់ត្រឡាច​ជំនាន់​នោះ និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រឡាច និយាយ​ថា កាល​ដើម​ឡើយ​ជា​ដី​របស់​យាយ​សយ តា​.​ស ដី​ឪពុក​ម្តាយ​អ្នក​ខាងលើ ក្រោយមក​គាត់​ចែក​ឱ្យ​កូន​ៗ​ទាំង​៥​នាក់ ។

ចំណែក​ការ​ប្តឹង​យក​ដី​នោះ គឺ​ប្តឹង​យក​ដី​ពី​យាយ​សយ តា​.​ស តែ​ដល់​គាត់​ស្លាប់​អស់​ទៅ​ត​ដល់​កូន ។ កាលនោះ​គ្រួសារ​ខាងលើ ពិតជា​បាន​ធ្វើស្រែ​កន្លែង​នោះ​មែន ហើយ​ក្រោយមក​ក៏​មាន​លោក​មេ​ភូមិ លោក​មេឃុំ និង​មន្ត្រី​សុរិយោដី​ទៅ​ធ្វើ​ប្លង់​យក​ដី​ហ្នឹង​អស់​ទៅ ។ ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់​ធ្វើស្រែ​នៅ​ទីនោះ​ធ្វើ​ម៉េច​គាត់​ព្រម ។ ឥឡូវ​ពួក​គាត់​ទាំង​៥​គ្រួសារ ធ្វើ​ផ្ទះ​នៅ​លើ​ដី​នោះ ចំណែក​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ ។

ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា មន្ត្រី​មាន​អំណាច​ដែល​ជាប់ចោទ​សុទ្ធតែ​អាជ្ញាធរ មាន​មេឃុំ មេ​ភូមិ មន្ត្រី​កសិកម្ម មន្ត្រី​ភូមិបាល គឺ​គ្រប់​មែក​គ្រប់​ធាង គ្រប់គ្រាន់​អាច​ធ្វើ​ប្លង់​លួច​យក​ដី​គេ​បាន​យ៉ាង​ត្រឹមត្រូវ ដែល​តុលាការ​ងាយស្រួល​ណាស់ កាត់​ឱ្យ​ជនសង្ស័យ​ជា​ចោរ​ឈ្នះក្តី ៕