ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​រោងចក្រ​ប្រកាស​បិទទ្វារ​កម្មករ​កម្មការិនី​សុំ​ការ​អន្តរាគមន៍​5​ចំណុច​ពី​រដ្ឋសភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និ​ងឹ​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ក្រុម​កម្មករ​កម្មការិនី​ជាង​១០០​នាក់​មក​ពី​រោងចក្រ​ក្លូ​ប័ល អា​ប៉ា​រែ​ល លីមីត​ធី​ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និ​ងឹ​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ក្រុម​កម្មករ​កម្មការិនី​ជាង​១០០​នាក់​មក​ពី​រោងចក្រ​ក្លូ​ប័ល អា​ប៉ា​រែ​ល លីមីត​ធី​ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​គ្នា​មក​កាន់​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​លើ​ការ​ទាមទារ​ចំនួន​៥​ចំណុច ក្រោយ​ពី​ក្រុមហ៊ុន​បាន​ប្រកាស​បិទទ្វារ​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា  ហើយ​ការ​ស្វែងរក​ជំនួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​កន្លង​មក​ហាក់ដូចជា​មិន​ទាន់​រកបាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ ។

យោង​តាម​ខ្លឹមសារ​ញត្តិ​បាន​សរសេរ​ថា  សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​(CUMW) សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ​(ILUC) សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​(CYPUL) សហព័ន្ធ​សហជីព​ពលករ​កម្ពុជា និង​សហព័ន្ធ​សហជីព​សេរី​កម្មករ​ខ្មែរ តំណាង​ឱ្យ​កម្មករនិយោជិត​នៃ​រោងចក្រ​កាត់ដេរ​ក្លូ​ប័ល អា​ប៉ា​រែ​ល លីមីត​ធី​ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូម​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ជួយ​អន្តរាគមន៍​ករណី​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​កម្មករនិយោជិត​នៃ​រោងចក្រ​កាត់ដេរ ក្លូ​ប័ល អា​ប៉ា​រែ​ល លីមីត​ធី​ត ដែល​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា កន្លង​មក ក្រុមហ៊ុន​បាន​ប្រកាស​បិទទ្វារ​លែង​ដំណើរការ ហើយ​ក្រុម​កម្មករ​កម្មការិនី​ក៏​បាន​ចេញ​មក​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​បរិវេណ​រោងចក្រ​។

ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​កូដកម្ម​នេះ មិន​មានការ​ចូលរួម​សម្របសម្រួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ឡើយ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករនិយោជិត ។ ញត្តិ​របស់​សហព័ន្ធ​សហជីព​ដែល​បាន​ទទួល​ការ​ពឹងពាក់​ពី​កម្មករនិយោជិត ឱ្យ​ជួយ​ដោះស្រាយ​នូវ​សំណើ​មួយ​ចំនួន​របស់​ពួក​គាត់​មាន​ដូច​ខាងក្រោម ​៖

  1. ១-​សូម​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត​តាម​ច្បាប់​ស្តី​ពី​ការងារ ។
  2. ២-​ចំពោះ​កម្មករនិយោជិត​ដែល​មានឈ្មោះ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ក្នុង​ខែឧសភា ឆ្នាំ​២០១៦ មាន​ចំនួន​៦៣៥​នាក់ និង​កម្មករ​ដែល​មាន​កិច្ចសន្យា​នៅ​សល់​សូម​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​ពួក​គាត់​ក្នុង​ខែមិថុនា ដូច​គ្នា​តែ​ម្តង​ដែល​រួម​មាន ៖ ប្រាក់​ជូនដំណឹង​មុន ប្រាក់​កិច្ចសន្យាការងារ ប្រាក់​៥% ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​អតីតភាព​ការងារ ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ជូន​ពួក​គាត់​ទាំងអស់​គ្នា​ឱ្យ​បាន​រួចរាល់ ។
  3. ៣-​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​មាន​អតីតភាព​ការងារ​គ្រប់​មួយ​ឆ្នាំ ក្រុមហ៊ុន​គិត​ប្រាក់​៥%​នៃ​ប្រាក់​មធ្យមភាគ​ជូន​ពួក​គាត់​ឱ្យ​បាន​គ្រប់​គ្នា ព្រោះ​រោងចក្រ​បាន​ប្រកាស​បិទទ្វារ ។
  4. ៤-​ករណី​ក្រុមហ៊ុន​គ្មាន​លទ្ធភាព​ទូទាត់​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករ​ដូច​មាន​ក្នុង​ចំណុច​ទាមទារ សូម​ឱ្យ​ក្រុមហ៊ុន​បន្ត​កុងត្រា​ការងារ​ជូន​កម្មករ​ទាំងអស់​ជា​ធម្មតា​ឡើង​វិញ ។
  5. ៥-​នៅ​ពេល​ក្រុមហ៊ុន​បិទទ្វារ​លែង​ដំណើរការ សូម​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ជា​ប្រាក់​ជូន​កម្មករ​ជា​ការ​លើកទឹកចិត្ត ។

តំណាង​ក្រុម​កម្មករនិយោជិត​ចំនួន​៥​នាក់ ត្រូវ​បាន​មន្ត្រី​រដ្ឋសភា​អនុញ្ញាត​ឲ្យ​យក​ញត្តិ​សុំ​ការ​ធ្វើ​អន្តរាគមន៍​នោះ​ចូល​ទៅ​ដាក់​ផង​ដែរ ទើប​នាំ​គ្នា​ធ្វើការ​រំសាយ​ចេញ​ពីមុខ​រដ្ឋសភា និង​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បន្ត​ទៀត​៕