កម្មករ កម្មការិនីជាង១០០នាក់ សុំអន្តររាគមន៍៥ចំណុចពីរដ្ឋសភាជាតិ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មានក្រុមកម្មករ កម្មការិនី ជាង១០០នាក់ មកពីរោងចក្រក្លូបល អាប៉ារែល
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មានក្រុមកម្មករ កម្មការិនី ជាង១០០នាក់ មកពីរោងចក្រក្លូបល អាប៉ារែល
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មានក្រុមកម្មករ កម្មការិនី ជាង១០០នាក់ មកពីរោងចក្រក្លូបល អាប៉ារែល លីមីតធីត ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ បានលើកគ្នាមកកាន់រដ្ឋសភាជាតិ ដើម្បីសុំការអន្តរាគមន៍នូវការទាមទារចំនួន៥ចំណុច ក្រោយពីក្រុមហ៊ុនបានធ្វើការប្រកាសបិទទ្វារកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ។
យោងទៅតាមខ្លឹមសារញត្តិបានសសេរថា ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ លិខិតសុំជួយអន្តរាគមន៍ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពចលនាកម្មករ(CUMW) សម្ព័ន្ធសហជីពការងារឯករាជ្យ(ILUC) សម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជា(CYPUL) សហព័ន្ធសហជីពពលករកម្ពុជា និងសហព័ន្ធសហជីពសេរីកម្មករខ្មែរ តំណាងឱ្យបងប្អូនកម្មករនិយោជិតនៃរោងចក្រកាត់ដេរ ក្លូបល អាប៉ារែល លីមីតធីត ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមគោរពជូន សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ កម្មវត្ថុ ៖ សូមជួយអន្តរាគមន៍ ករណីកូដកម្មទាមទារលក្ខខណ្ឌការងាររបស់និយោជិតនៃរោងចក្រកាត់ដេរ ក្លូបល អាប៉ារែលលីមីតធីត។ យោងលិខិតពឹងពាក់ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ លិខិតពឹងពាក់ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ លិខិតសុំជួយអន្តរាគមន៍ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តយស សូមជម្រាបជូន សម្តេចពញាចក្រី មេត្តាបានជ្រាបថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុន ក្លូបល អាប៉ារែល លីមីតធីត បានចេញសេចក្តីជូនដំណឹងស្តីពីការបិទទ្វារក្រុមហ៊ុនលែងដំណើរការ នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦។ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្មករនិយោជិតបាននាំគ្នាផ្អាកសកម្មភាពការងារ ដោយនាំគ្នាអង្គុយលេងតាមកន្លែងការងាររៀងៗខ្លួន ហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ កម្មករនិយោជិតទាំងអស់បានចេញមកធ្វើការតវ៉ានៅខាងក្រៅបរិវេណរោងចក្រ។ ក្នុងខ្លឹមសារញត្តិក៏បានបន្តទៀតថា ក្នុងអំឡុងពេលនៃការធ្វើកូដកម្មនេះ មិនមានការចូលរួមសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធណាមួយឡើយ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករនិយោជិតនោះទេ។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ សហព័ន្ធសហជីព បានដាក់លិខិតសុំជួយអន្តរាគមន៍ទៅឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ទាប់មកតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញភាគីកម្មករនិយោជិត សហជីព និងភាគីក្រុមហ៊ុនទៅចូលរួមប្រជុំដោះស្រាយវិវាទការងារនៅក្រសួងចំនួនពីរលើកគឺលើកទី១ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែក្នុងកិច្ចប្រជុំនោះគឺពុំមានលទ្ធផលណាមួយសមរម្យជូនកម្មករនិយោជិតនៅឡើយទេ ដែលជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិតសម្រេចធ្វើកូដកម្មបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។
សហព័ន្ធ សហជីព យើងខ្ញុំ បានទទួលការពឹងពាក់ពីបងប្អូនកម្មករនិយោជិតឲ្យជួយដោះស្រាយនូវសំណើមួយចំនួនរបស់ពួកគាត់មានដូចខាងក្រោម ៖ ១-សូមឱ្យក្រុមហ៊ុនទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនិយោជិតតាមច្បាប់ស្តីពីការងារ។ ២-ចំពោះកម្មករនិយោជិតដែលមានឈ្មោះត្រូវបានក្រុមហ៊ុនបញ្ឈប់ក្នុងខែឧសភា ឆ្នាំ២០១៦ មានចំនួន៦៣៥នាក់ និងកម្មករដែលមានកិច្ចសន្យានៅសល់សូមឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់ផ្សេងៗ ជូនពួកគាត់ក្នុងខែមិថុនានេះដូចគ្នាតែម្តង ដែលរួមមាន ប្រាក់ជូនដំណឹងមុន ប្រាក់កិច្ចសន្យាការងារ ប្រាក់ ៥% ប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនពួកគាត់ទាំងអស់គ្នាឱ្យបានរួចរាល់។ ៣-សម្រាប់ស្ត្រីមានផ្ទៃពោះហើយមានអតីតភាពការងារគ្រប់មួយឆ្នាំ ក្រុមហ៊ុនគិតប្រាក់ ៥% នៃប្រាក់មធ្យមភាគជូនពួកគាត់ឱ្យបានគ្រប់គ្នា ព្រោះរោងចក្របានប្រកាសបិទទ្វារ។ ៤-ករណីក្រុមហ៊ុនគ្មានលទ្ធភាពទូទាត់ប្រាក់បំណាច់ផ្សេងៗជូនកម្មករដូចមានក្នុងចំណុចទាមទារ សូមឱ្យក្រុមហ៊ុនបន្តកុងត្រាការងារជូនកម្មករទាំងអស់ជាធម្មតាឡើងវិញ។ ៥-នៅពេលក្រុមហ៊ុនបិទទ្វារលែងដំណើរការ សូមឱ្យក្រុមហ៊ុនផ្តល់ជាប្រាក់ជូនកម្មករជាការលើកទឹកចិត្ត។
សេចក្តីដូចបានជម្រាបជូនខាងលើសូម សម្តេចពញាចក្រី មេត្តាជួយធ្វើអន្តរាគមន៍រៀបចំឲ្យមានកិច្ចពិភាក្សាស្វែងរកដំណោះស្រាយសមរម្យ សម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីបញ្ចប់វិវាទនេះ ដោយក្តីអនុគ្រោះ។ ក្នុងពេលនោះដែរ តំណាងក្រុមកម្មករនិយោជិតចំនួន៥នាក់ ត្រូវបានរដ្ឋសភាជាតិអនុញ្ញាតឲ្យយកញត្តិសុំការធ្វើអន្តរាគមន៍នោះ ចូលយកទៅផងដែរ ទើបនាំគ្នាធ្វើការរំសាយចេញពីមុខរដ្ឋសភាជាតិ និងបន្តយកទៅដាក់ជូនខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តទៅទៀត ៕
ចែករំលែកព័តមាននេះ