រាជធានីភ្នំពេញ ៖ អ្នកវិនិយោគ និងអ្នកវាយតម្លៃអចលនទ្រព្យ បានអះអាងថា ហាងឆេងដីនៅតំបន់អរិយក្សត្រ បានកម្រើកឡើងវិញក្រោយពីសញ្ញាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីភ្នំពេញទៅកាន់តំបន់នោះកាន់តែច្បាស់ក្រោមជំនួយរបស់ប្រទេសកូរ៉េខាងត្បូង ។
លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia និយាយថា ដំណឹងពីគម្រោងសាងសង់ស្ពានពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ បានធ្វើឱ្យសកម្មភាពដីធ្លីនៅទីនោះកម្រើកឡើងវិញ បន្ទាប់ពីស្ងាត់ប្រមាណជា ២ ឆ្នាំ ដោយសារតែជំងឺកូវីដ១៩ ។ ទោះយ៉ាងណាលោកបញ្ជាក់ថា នៅពេលគម្រោងស្ពានសាងសង់រួចរាល់ តម្លៃអចលនទ្រព្យក្នុងនោះនឹងឡើងថ្លៃខ្លាំងបន្ថែមទៀតទេ ដោយសារវាបានឡើង ៣ ឆ្នាំមកហើយ ។
អ្នករកស៊ីដីធ្លីខ្លះនិយាយថា ដីតំបន់អរិយក្សត្របច្ចុប្បន្ននេះ មានតម្លៃពី ៨០ ទៅ ១០០ ដុល្លារក្នុងមូយម៉ែត្រ សម្រាប់តំបន់ដែលមានផ្លូវ និងមនុស្សរស់នៅច្រើន ប៉ុន្តែសម្រាប់តំបន់ឆ្ងាយៗមិនទាន់មានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមានតម្លៃពី ២០ ទៅ ៣០ ដុល្លារក្នុងម៉ែត្រការ៉េ ។ តំបន់អរិយក្សត្រត្រូវគេមើលឃើញថា មានសក្តានុពលសម្រាប់ការសាងអគាស្នាក់នៅ ដោយសារជាតំបន់ជាប់មាត់ទន្លេដែលមានខ្យល់អាកាសល្អ ។
លោក គីម ហ៊ាង ឱ្យដឹងថា តំបន់អរិយក្សត្រជាតំបន់ដ៏ល្អ ដីមានទំហំធំៗ និងអាចសាងសង់លំនៅដ្ឋានតម្លៃក្រោមមធ្យមបាន ។ លោកថា ដំណឹងពីគម្រោងសាងសង់ស្ពាននេះនឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែសម្រុកទៅទិញអចលនទ្រព្យ ក្នុងតំបន់នោះ និងជួយឱ្យគម្រោងនានា ដែលបានរាំងស្ទះប្រមាណ ២ ឆ្នាំមកនេះ ចាប់ផ្ដើមសកម្មភាពឡើងវិញផងដែរ ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានឱ្យដឹងផងដែរថា ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ នឹងជួយឱ្យតំបន់ទាំងពីរនេះខិតជិតរកគ្នា ពលរដ្ឋងាយស្រួលទៅមកហើយសកម្មភាពពាណិជ្ជកម្ម និងការបណ្តាក់ទុននានាកាន់តែងាយស្រួល ។ លោកថា បច្ចុប្បន្ននេះមានអ្នកវិនិយោគមួយចំនួនត្រៀមដី ត្រៀមទីតាំងសម្រាប់គម្រោងរបស់ខ្លួនរួចទៅហើយ និងរង់ចាំតែការសាងសង់ស្ពានលេចជារូបរាងប៉ុណ្ណោះ ។
ក្នុងឱកាសអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានប្រកាសពីគម្រោងជំនួយរបស់ប្រទេសកូរ៉េក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ភ្នំពេញទៅអរិយក្សត្រនេះ ដែលនឹងធ្វើឱ្យតំបន់អរិយក្សត្រក្លាយជាទីក្រុងរណបមួយ នាពេលខាងមុខផងដែរ ៕
ចែករំលែកព័តមាននេះ