អ្នកជិះកង់ជាង ២០០នាក់ ចុះឈ្មោះប្រណាំងកង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មានអត្តពលិក ចំនួន ២៥២នាក់ មកពី ១៨សមាគម ក្លិបរាជធានី ខេត្ត បានមកចុះឈ្មោះ ចូលរួមប្រកួតកីឡាទោចក្រយាន…
រាជធានីភ្នំពេញ៖ មានអត្តពលិក ចំនួន ២៥២នាក់ មកពី ១៨សមាគម ក្លិបរាជធានី ខេត្ត បានមកចុះឈ្មោះ ចូលរួមប្រកួតកីឡាទោចក្រយាន…
រាជធានីភ្នំពេញ៖ មានអត្តពលិក ចំនួន ២៥២នាក់ មកពី ១៨សមាគម ក្លិបរាជធានី ខេត្ត បានមកចុះឈ្មោះ ចូលរួមប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តរៀមរាប។ នេះបើតាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន។
ក្នុងសន្និសីទកាសែត ដែលបានធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី៦មករា ឆ្នាំ២០២២ លោក នូ ចំរើន បានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិមួយនេះ គ្រោងនឹងធ្វើឡើង តាំងពីដើមខែធ្នូ ឆ្នាំ២០២១ មកម្លេះ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយបញ្ហាជំងឺកូវីដ-១៩ រីករាលដាលខ្លាំង។ ឥឡូវស្ថានការណ៍ មានភាពល្អប្រសើរឡើង សហព័ន្ធ បានសម្រេចរៀបចំឱ្យមានការប្រកួតឡើងវិញ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើទឹកដីនៃខេត្តសៀមរាប។
លោក នូ ចំរើន បន្ថែមថា បើគិតមកត្រឹមថ្ងៃទី៦មករានេះ មានកីឡាករ-កីឡាការិនី មកចុះឈ្មោះ ចូលរួមប្រកួត ចំនួន ២៥២នាក់ បូករួមទាំងគ្រូបង្វឹក និងប្រតិភូទៀតផងនោះ សរុបទាំងអស់ ចំនួន ៦០០នាក់។
លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ចំនួនកីឡាករ-កីឡាការិនី ដែលបានមកចុះឈ្មោះ ប្រកួតឆ្នាំនេះ មានការថយចុះជាងឆ្នាំមុន ប្រហែលជា ៣០%។
ទោះជាយ៉ាងណា សហព័ន្ធខ្មែរកីឡាទោចក្រយាន នៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នៃការប្រកួតថ្នាក់ជាតិមួយនេះ មានភាពល្អប្រសើរឡើង ដោយរៀបចំឱ្យមានការសំដែងក្បាច់កង់ (BMX Free Style) ការសំដែងស្គីក្ដារ និងមានការសំដែងស្គីកង់ផងដែរ។ មិនតែប៉ុណ្ណោះ ឆ្នាំនេះ សហព័ន្ធកីឡាទោចក្រយាន បានអញ្ជើញក្រុមក្លឹបម៉ូតូធំ (BMW) ចូលរួមសម្របសម្រួល នាំផ្លូវ សម្រាប់ការប្រកួតលើវិញ្ញាសាកង់គួក ព្រោះអីពួកគាត់ សុទ្ធសឹងតែជាកីឡាករប្រណាំងម៉ូតូ ដែលមានសមត្ថភាព និងកម្រិតជំនាញខ្លាំង មានបទពិសោធខ្ពស់ ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកង់ជើងឯកពិភពលោក ដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២០ ទៀតផង។
ដូច្នេះព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ គឺអនុវត្តទៅតាមផែនការយុត្តិសាស្ត្ររបស់សហព័ន្ធ ដោយមានការឯកភាពពីលោក ប៉ាន សូរស័ក្ដិ ប្រធានសហព័ន្ធកីឡាទោចក្រយាន ដែលបានដាក់ចេញ ដើម្បីពង្រឹងសមត្ថភាព គណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ក្នុងដំណើរ ឈានឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយាន នៅលើឆាកអន្តរជាតិនាពេលខាងមុខទៀតផង។
ម្យ៉ាងវិញទៀត ក៏ជាការផ្ដល់ឱកាសទៅដល់កីឡាករ កីឡាការិនី ដែលមកពីតាមបណ្ដាសមាគម រាជធានីខេត្ត បានបង្ហាញនូវទេពកោសល្យ ចំណេះជំនាញ អភិវឌ្ឍសមត្ថភាព និងការវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ពួកគេផងដែរ។
សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយាន ក៏កំពុងតែស្វែងរកធនធាន កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ តែងតែសម្លឹងមើលលើទេពកោសល្យរបស់ពួកគាត់ ជារៀងរាល់ឆ្នាំ តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិខ្ពស់ និងធំជាងគេ ដើម្បីត្រៀមបញ្ចូលឈ្មោះកីឡាករ ក្នុងបញ្ជីប្រមូលផ្ដុំ ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕ អ៊ុំ សំអូន
ចែករំលែកព័តមាននេះ